ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

ទី​តាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​ដែល​មាន​ឆ្នាំង​សម្រាប់​ចម្រាញ់​ចំនួន​៩ ត្រូវ​បាន​កម្លាំង​ចម្រុះ​រក​ឃើញ​និង​កម្ទេច​ចោល ដោយ​ប្រើ​គ្រាប់​មីន​កាល​ពី​ថ្ងៃ​១៨ វិច្ឆិកា​កន្លង​ទៅ ក្នុង​ព្រៃ​ជ្រៅ​នៃតំបន់​ជួរ​ភ្នំ​ក្រវាញ ក្នុង​ខេត្ត​ពោធិ៍សាត់។

ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរសោម លោក ង៉ា ស៊ីណា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​២១ វិច្ឆិកា​ថា កម្លាំង​ចម្រុះ​ដែល​រួម​មាន​នគរបាល កង​រាជ​អាវុធហត្ថ មន្ត្រី​ក្រសួង​បរិស្ថាន និង​អង្គការ Wildlife Alliance បាន​ចុះ​ទៅ​កម្ទេច​ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​២​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ព្រៃ​ជ្រៅ​នៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ ក្នុង​ឃុំ​អូរសោម​មួយ​កន្លែង និង​មួយ​កន្លែង​ទៀត​នៅ​តំបន់​ព្រំប្រទល់​រវាង​ខេត្ត​ពោធិ៍សាត់​ជាមួយ​ខេត្ត​បាត់ដំបង។

លោក ង៉ា ស៊ីណា មាន​ប្រសាសន៍​ដូច្នេះ ៖ «ឆ្នាំង​ហ្នឹង​ខ្ញុំ​បាន​រាយការណ៍​ទៅ​អធិការ​និង​ខាង CI ហ្នឹង ដល់​អ៊ីចឹង​គេ​សួរ​ខ្ញុំ គេ​សួរ​ថា តើ​ឆ្នាំ​ដែល​នៅ​សេសសល់​ហ្នឹង​មាន​ឬ​អត់? ខ្ញុំ​ថា​មាន​នៅ​ចំណុច​ហ្នឹង អ៊ីចឹង​គេ​សុំ​ទៅ​កម្ទេច​ទៅ ខ្លាច​ក្រែងលោ​លួច​ធ្វើ​ទៀត»

អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន លោក​ឧត្តមសេនីយ៍​ឯក ម៉ឹក ដារ៉ា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​បង្រ្កាប​នេះ​នៅ​ឡើយ។

លោក ម៉ឹក ដារ៉ា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ក្រសួង​បរិស្ថាន​លោក​ខិតខំ​អនុវត្ត​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ជាមួយ​នឹង​អង្គការ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ហ្នឹង តែ​ចំពោះ​ខ្ញុំ​អាជ្ញាធរ​នេះ​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពិស្ដារ​ទេ ប៉ុន្តែ​ធម្មតា​កន្លង​មក​ដែល​ខ្ញុំ​ដឹង តំបន់​ហ្នឹង​ភាគ​ច្រើន​គឺ​ជា​ការ​ផលិត​ចម្រាញ់​ប្រេង​ម្រះព្រៅ​ភ្នំ»

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​អង្គការ Wildlife Alliance ការ​បង្រ្កាប​នេះ​ទប់​ស្កាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​ការ​ផលិត​ប្រេង​ម្រះព្រៅ​ប្រមាណ​៣៥​តោន ដែល​មាន​ផ្ទុក​សារធាតុ​សាហ្វ្រូល ដែល​គេ​អាច​ផលិត​ជា​គ្រឿង​ញៀន​ប្រភេទ​អំហ្វេតាមីន​បាន​ដល់​ទៅ​ជាង​៥​លាន​គ្រាប់ ដែល​អាច​មាន​តម្លៃ​ដល់​ទៅ​ជាង​១០០​លាន​ដុល្លារ​អាមេរិក៕