អគ្គនាយករងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ឹក ដារ៉ា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ថា សេចក្តីព្រាងច្បាប់ថ្មីនេះរិះរកវិធីពិសេសបន្ថែមលើច្បាប់ត្រួតពិនិត្យគ្រឿងញៀនចាស់ដើម្បីឲ្យបទល្មើសគ្រឿងញៀនមិនអាចចៀសផុតពីច្បាប់ទាំងក្រុមជនល្មើស ទាំងទ្រព្យសម្បត្តិជាដើម។
លោក ម៉ឹក ដារ៉ បានឲ្យដឹងថា ៖ «ឧទាហរណ៍ថា ច្បាប់ចាស់របស់យើង ហេរ៉ូអ៊ីន ពីដើម១០០ក្រាម ទោស២៥ឆ្នាំទៅ៣០ អស់មួយជីវិត ប៉ុន្តែលើកនេះតែ៨០ក្រាម។ គឺរបៀបធ្វើក្រោយនេះយើងបន្ថយចំនួន ប៉ុន្តែចំនួនទោសនៅដដែល»។
លោក ម៉ឹក ដារ៉ា បន្តថា បទល្មើសគ្រឿងញៀននៅលើពិភពលោកច្បាប់ប្រទេសគេភាគច្រើនកាត់ទោសប្រហារជីវិត។ ឯច្បាប់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា បទល្មើសទូទៅគ្មានទោសប្រហារជីវិតទេ។ ទន្ទឹមនោះច្បាប់ត្រួតពិនិត្យគ្រឿងញៀនលើការផ្តន្ទាទោសបទល្មើសគ្រឿងញៀននៅមានកម្រិតស្រាលទើបជនល្មើសហ៊ានផលិតគ្រឿងញៀននៅប្រទេសកម្ពុជានាខេត្តកំពង់ស្ពឺដែលក្រសួងចុះបង្រ្កាបទាន់ពេលកាលពីឆ្នាំ២០០៧។
លោកថា ដោយសារមូលហេតុនេះអាជ្ញាធរគ្រឿងញៀន និងអង្គការ UNODC ពិគ្រោះយោបល់ថ្ងៃនេះស្វែងរកចំណុចដាក់ទោសបទល្មើសគ្រឿងញៀនឲ្យកាន់តែសុក្រឹត្យ។ លោកបានបន្តថា ច្បាប់នេះត្រូវដកហូតទ្រព្យសម្បត្តិជនឧក្រិដ្ឋដែលទាក់ទិនគ្រឿងញៀន។
លោក ម៉ឹក ដារ៉ា បានមានប្រសាសន៍ថា ៖ «ធ្វើយ៉ាងនេះទើបសម្លាប់បទល្មើសគ្រឿងញៀនដល់ឫសគល់កន្លងមកយើងចាប់បានតែមេ ប៉ុន្តែក្រុមគេនៅទាំងអស់ បក្សពួកគេនៅទាំងអស់ លុយកាក់គេនៅទាំងអស់ គេអាចធ្វើអីបានបន្តទៀត»។
រីឯនីតិវិធីនៃការផ្តន្ទាទោសបទល្មើសគ្រឿងញៀនលោកបានឲ្យដឹងថា កន្លងមកអត់មានជនរងគ្រោះទេគឺរដ្ឋាភិបាលនិងប្រជាពលរដ្ឋទៅវិញទេជាជនរងគ្រោះ ទើបសេចក្តីព្រាងច្បាប់នេះសម្រាប់បន្ថយបរិមាណភាពសុទ្ធនៃភស្តុតាងយកទៅដាក់ទោសបទល្មើសគ្រឿងញៀនមិនឲ្យរត់រួចពីសំណាញ់ច្បាប់។
លោក Lars Pedersenទីប្រឹក្សានៃនាយកការិយាល័យ UNODC ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះនឹងច្បាមជាប់បទល្មើសគ្រឿងញៀនគ្រប់ល្បិចទាំងអំពើពុករលួយ ទាំងអំពើគំរាមកំហែងជាដើម។
មន្រ្តីអាជ្ញាធរគ្រឿងញៀនបានអះអាងថា បច្ចុប្បន្នគ្រឿងញៀនកើតពីធម្មជាតិផងនិងពីសារធាតុគីមីផង។ ច្បាប់ប្រឆាំងគ្រឿងញៀន ឆ្នាំ១៩៤៥ ហាមតែរុក្ខជាតិអាភៀន។ នៅឆ្នាំ១៩៩១ អ៊ុនតាក់បង្កើតច្បាប់ព្រហ្មទណ្ឌអន្តរកាលចែងបញ្ហាគ្រឿងញៀនតែពីរមាត្រាយកទៅអនុវត្តបង្រ្កាបគ្រឿងញៀនមិនចំល្អ។ នៅឆ្នាំ១៩៩៧ ក្រសួងមហាផ្ទៃបង្កើតច្បាប់លើកដំបូងស្តីពីការត្រួតពិនិត្យគ្រឿងញៀនដែលមាន២៧ជំពូក និង ១១១មាត្រា គ្រប់គ្រងកញ្ឆា កូកា អាភៀន និងសារធាតុគីមីផ្សំ ប៉ុន្តែច្បាប់នោះនៅមានចន្លោះប្រហោងច្រើននាំឲ្យមានការផ្តន្ទាទោសមិនសុក្រឹត្យ៕
