អាជ្ញាធរ៖ ការដាក់​អំពូល​ភ្លើង​តាម​ជញ្ជាំង​អង្គរ​មិន​បង្ក​ការខូតខាត​ទេ

មន្ត្រី​រដ្ឋាភិបាល​អាជ្ញាធរ​អប្សរា​និង​អ្នក​ជំនាញ​ពាក់ព័ន្ធ​ការងារ​អភិរក្ស​ប្រាសាទ​បូរាណ​មួយចំនួន​នៅ​ខេត្ត​សៀមរាប​បាន​ថ្លែង​ការពារ​ខ្លួន​ថា​ពុំ​មាន​ការបណ្តោយ​ឲ្យ​ក្រុមហ៊ុន​ដែល​ដាក់​អំពូល​ភ្លើង​ហ្វា​អគ្គិសនី​នៅ​តាម​ថែវ​ប្រាសាទ​អង្គរ​វត្ត​នោះ​បាន​ដាប់​បំផ្លាញ​ថ្ម​ប្រាសាទ​បូរាណ​ខូច​ខាត​ត្រង់​កន្លែង​ណា​មួយ​នោះ​ទេ។

កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​ឧសភា មន្ត្រី​រដ្ឋាភិបាល​អាជ្ញាធរ​អប្សរា​និង​អ្នក​ជំនាញ​ជាង​១០​រូប​បាន​រួម​គ្នា​ធ្វើ​សន្និសីទ​កាសែត​មួយ​ដោយ​ថ្លែង​ថា ការរៀបចំ​ដាក់​អំពូល​ភ្លើង​នៅ​តាម​ថែវ​ប្រាសាទ​អង្គរ​ប៉ែក​ខាង​លិច​ឆៀង​ខាង​ជើង​និង​ដាក់​អំពូល​ហ្វា​កម្លាំង​១២០០​វ៉ាត់​បាញ់​បំភ្លឺ​អង្គរ​នា​ពេល​យប់​នោះ​បាន​ធ្វើ​ឡើង​តាម​បច្ចេកទេស​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​អ្នក​ជំនាញ​របស់​អង្គការ UNESCO ដែល​មិន​មាន​ការដាប់​ថ្ម​ប្រាសាទ​ថ្មីៗ​ដើម្បី​ដាក់​ឧបករណ៍​ទាំង​នោះ​ដូច​ពាក្យ​ចោទ​ប្រកាន់​ទេ។

លោក ង៉ោ ហុងលី ប្រតិភូ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អាជ្ញាធរ​អប្សរា​បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ថា ការដាក់​ភ្លើង​នៅ​អង្គរ​វត្ត​នេះ​អង្គការ UNESCO បាន​បញ្ជូន​អ្នក​ជំនាញ​ខាង​ភ្លើង​ឲ្យ​មក​ធ្វើការ​ជាប់​ជា​និច្ច ហើយ​អាជ្ញាធរ​ខ្មែរ​មិន​ល្ងង់​ដល់​ថ្នាក់​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ទទួល​ការងារ​ដាក់​ភ្លើង​នោះ​បាន​ដាប់​បំផ្លាញ​ប្រាសាទ​បូរាណ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ដែរ។

លោក ង៉ោ ហុងលី បាន​បញ្ជាក់​ថា ៖ «តើ​បង​ប្អូន​អាច​ជឿ​ទេ​ថា​យូណេស្កូ​ទាំងមូល​ដែល​កន្លង​មក​ជួយ​អង្គរ​វត្ត​របស់​យើង ជួយ​ព្រះវិហារ ដាច់​ចិត្ត​បញ្ជូន​ជំនាញ​ខាង​ភ្លើង​របស់​គាត់​មក​ឲ្យ​បំផ្លាញ​អង្គរ​វត្ត​យើង»

ចំណែក លោក ប៊ុន ណារិទ្ធ អគ្គ​នាយក​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ថែរក្សា​និង​អភិរក្ស​ប្រាសាទ​បូរាណ​បាន​មាន​ប្រសាសន៍​ថា ពុំ​មាន​ការដាប់​ថ្ម​ប្រាសាទ​អង្គរ​វត្ត​ថ្មីៗ​ណា​មួយ​សម្រាប់​ត​ដាក់​អំពូល​ភ្លើង​នោះ​ទេ គឺ​ក្រុមហ៊ុន​ស៊ូជីង​ដែល​ជា​អ្នក​ម៉ៅការ​បាន​ប្រើ​កំណាត់​ឈើ​ខ្លីៗ​តាម​បច្ចេកទេស​វាយ​បញ្ចូល​ទៅ​ក្នុង​ប្រហោង​ថ្ម​ដែល​មាន​ស្រាប់​ដើម្បី​ចាប់​ជើង​អំពូល​ភ្លើង​អគ្គិសនី​ប៉ុណ្ណោះ​ដែល​វា​ពុំ​មាន​ធ្វើ​ឲ្យ​ខូចខាត​ប្រាសាទ​ទេ។

លោក ប៊ុន ណារិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ជា​ព័ត៌មាន​យល់​ច្រឡំ គេ​យក​ឈើ​ទៅ​ស៊ក​នឹង​ប្រឡោះ​ដុំ​ថ្ម អ៊ីចឹង​អត់​មាន​ទៅ​ដាប់​អត់​មាន​ទៅ​ចោះ អត់​មាន​ទៅ​ស្អី​ទេ»

ការថ្លែង​ការពារ​ខ្លួន​របស់​ក្រុម​មន្ត្រី​ពាក់ព័ន្ធនឹង​ការថែ​រក្សា​ប្រាសាទ​បូរាណ​នេះ​បាន​ធ្វើ​ឡើង​៤​ម៉ោង​ក្រោយ​ពី​មាន​ក្រុម​មគ្គុទ្ទេសក៍​អង្គរ​និង​ទេសចរណ៍​បរទេស​ខ្លះ​បាន​សម្ដែង​ប្រតិកម្ម​ខ្លាំង​ក្លា​បន្ទាប់​ពី​ពួក​គេ​បាន​ឃើញ​កំណាត់​ឈើ​ខ្លីៗ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​ប្រហោង​ថ្ម​ជញ្ជាំង​ប្រាសាទ​ត​ភ្លើង​នោះ​និង​ជឿ​ថា​មាន​ការដាប់​ថ្ម​ជញ្ជាំង​ប្រាសាទ​បូរាណ​ឲ្យ​ខូច​ខាត។

ទោះ​យ៉ាង​ណា​បុគ្គលិក​របស់​គម្រោង​អាល្លឺម៉ង​ដែល​ទទួល​បន្ទុក​អភិរក្ស​ចម្លាក់​ថ្ម​ទី​នោះ​ដែល​បាន​ឡើង​ទៅ​ពិនិត្យ​បាន​អះអាង​ថា ការយក​កំណាត់​ឈើ​ទៅ​វាយ​បញ្ជូល​ក្នុង​ប្រហោង​ថ្ម​នោះ​ពិត​ជា​ធ្វើ​ឲ្យ​ជញ្ជាំង​ថ្ម​ប្រាសាទ​ខ្លះ​ត្រូវ​បាក់​បែក​ខូច​ខាត​តិច​តួច​ដែរ​មិន​ធានា​តាម​បច្ចេកទេស​នោះ​ទេ ៖ «ពួក​ខ្ញុំ​មក​ពិនិត្យ​វា​ឃើញ​ស្នាម​គេ​ដាក់​ឈើ​ហ្នឹង​មាន​ប៉ះ​កកិត​មាន​ស្នាម​បែក​ជាយៗ​ផុយ​បន្តិចៗ»

មន្ត្រី​អាជ្ញាធរ​អប្សរា​និង​អ្នក​ជំនាញ​ពាក់ព័ន្ធ​បញ្ហា​នោះ​មិន​ទាន់​មាន​ការពន្យល់​ណា​មួយ​ច្បាស់លាស់​អំពី​សារសំខាន់​អ្វី​ទើប​ត្រូវ​ដាក់​អំពូល​ភ្លើង​ហ្វា​បំភ្លឺ​រូប​ចម្លាក់​តាម​ជញ្ជាំង​ខ្លះ​និង​ត្រូវ​បាញ់​បំភ្លឺ​កំពូល​ប្រាសាទ​នៅ​ពេល​យប់​នោះ​ទេ ក្រៅ​ពី​មូលហេតុ​តែ​មួយ​ដែល​ថា​ដាក់​បំភ្លឺ​ពេល​យប់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ឲ្យ​បន្ត​ស្នាក់នៅ​បាន​យូរ​ក្នុង​ទឹក​ដី​អង្គរ​នោះ៕