​ឈើ​រាប់​រយ​ម៉ែត្រ​គូប​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​​​ក្រុមហ៊ុន​កាណាឌីយ៉ា

ឈើ​ជា​ច្រើន​រយ​ម៉ែត្រ​គូប​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​សៀមរាប ចុះ​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​ដែល​ជា​របស់​ក្រុមហ៊ុន​កាណាឌីយ៉ា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​មេសា​នេះ។

ក្រុម​សមត្ថកិច្ច​ចម្រុះ មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ កង​រាជ​អាវុធហត្ថ និង​ប៉ូលិស​ដែល​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ចុះ​ឆែកឆេរ​ឃ្លាំង​ដ៏​ធំ​មួយ​នៅ​ក្រោយ​ទី​តាំង​ភូមិ​វប្បធម៌ ដែល​ជា​របស់​ក្រុមហ៊ុន​កាណាឌីយ៉ា នា​ភូមិ​​ក្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយ​បាន​រក​ឃើញ​ឈើ​ស្តុក​រាប់​រយ​ម៉ែត្រ​គូប។

ការ​ឆែកឆេរ​រក​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​មេសា ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ដឹង​ថា មាន​ឈើ​ប្រភេទ​បេង នាងនួន ធ្នង់ និង​គគីរ​ជា​ច្រើន​រយ​ម៉ែត្រ​គូប​នៅ​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​ដែល​បិទ​ជិត​ដោយ​ជញ្ជាំង​ស័ង្កសី។

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប ដែល​ដឹកនាំ​ការ​ឆែកឆេរ លោក ទី សុវិនថាល់ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា កម្លាំង​ចម្រុះ​កំពុង​បន្ត​វាស់វែង​ដើម្បី​ឲ្យ​ដឹង​ចំនួន​ឈើ​នោះ​ពិត​ប្រាកដ។ ក៏​ប៉ុន្តែ​លោក​ព្រះ​រាជ​អាជ្ញា​បាន​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​អំពី​ចំណាត់​ការ​បន្ត​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​នោះ​ទេ។

លោក ទី សុវិនថាល់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ទាល់​តែ​ស្អែក​ទៀត​បាន​ធ្វើ​ហើយ។ ស្អែក​មួយ​ព្រឹក​ពេញ​តែម្ដង ល្ងាច​ហ្នឹង​ធ្វើ​អត់​ហើយ​ទេ»

ហង្ស សាវយុត ៖ តាម​នីតិ​វិធី​រឹប​អូស​តែម្ដង ឬ​ក៏​យ៉ាងម៉េច? ទី សុវិនថាល់ ៖ ខ្ញុំ​សុំ​មិន​ឆ្លើយ​ទេ ពីព្រោះ​ថា ធ្វើ​តាម​ច្បាប់​វា​ត្រូវ​អ៊ីចឹង​ហើយ ដូច​លោក​មាន​ប្រសាសន៍​ហ្នឹង​ហើយ។

លោក គង់ ណារិន នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេសាប ដែល​បាន​ទៅ​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​នោះ បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ឲ្យ​មន្ត្រី​របស់​លោក​ពិនិត្យ​មើល និង​ស្រាវជ្រាវ​រក​អាជ្ញាប័ណ្ណ​ស្តុក​ឈើ ប្រសិន​បើ​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ទេ នឹង​ត្រូវ​រឹប​អូស ហើយ​ម្ចាស់​ទីតាំង​នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

លោក គង់ ណារិន មាន​ប្រសាសន៍​ថា ៖ «យើង​នឹង​ពិនិត្យ ប្រសិន​ជា​ទាំង​អស់​នេះ​​មិន​មាន​លិខិត​អនុញ្ញាត​ណា​មួយ​ពី​រដ្ឋបាល​ព្រៃ​ឈើ បាន​ន័យ​ថា គ្មាន​លិខិត​អនុញ្ញាត​ច្បាស់លាស់ យើង​នឹង​ចាប់​ឃាត់ ហើយ​នឹង​ចងក្រង​សំណុំ​រឿង​ទៅ​តាម​នីតិ​វិធី​ច្បាប់ ហើយ​ចំពោះ​អ្នក​ដែល​ជា​ម្ចាស់​ទីតាំង​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ហើយ»

នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប លោក ទា គឹមសុទ្ធ បាន​មាន​ប្រសាសន៍​ថា ការ​ស្តុក​ឈើ​ដ៏​ច្រើន​រយ​ម៉ែត្រ​គូប​នោះ មិន​ទាន់​រក​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ទេ ឃើញ​តែ​កម្មករ​តូចតាច​ដែល​នៅ​យាម​ឃ្លាំង​ប៉ុណ្ណោះ។ លោក ទា គឹមសុទ្ធ បាន​មាន​ប្រសាសន៍​ថា ​លោក​ជឿ​ថា ការ​ស្តុក​ឈើ​នោះ​មិន​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ទេ។

ក្រុម​កម្មករ​ដែល​នៅ​យាម​ឃ្លាំង​នោះ​បាន​និយាយ​ថា គេ​ពុំ​បាន​ដឹង​ថា​ឈើ​នោះ​មាន​ច្បាប់​ត្រឹមត្រូវ ឬ​ក៏​យ៉ាង​ណា​ទេ ដោយ​គេ​គ្រាន់​តែ​ដឹង​ថា ឈើ​ទាំង​នោះ​មាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​ជា​យូរ​មក​ហើយ​តាំង​ពី​អំឡុង​ឆ្នាំ​២០០៤-​២០០៥ មក​ម្ល៉េះ ដោយ​ទទួល​ទិញ​ពី​រថយន្ត​កាមរី​ដឹក​ឈើ​តូចៗ​ដើម្បី​ទុក​ធ្វើ​ទ្វារ​នៅ​តាម​សំណង់​របស់​ក្រុមហ៊ុន​កាណាឌីយ៉ា។

មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេ​សាប បាន​ឲ្យ​​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា រហូត​មក​ដល់​ថ្ងៃ​ទី​៥ ខែ​មេសា គេ​បាន​ឆែកឆេរ​ឃ្លាំង​ចំនួន ៥​កន្លែង​នៅ​ខេត្ត​សៀមរាប ដែល​សុទ្ធ​តែ​ជា​របស់​លោក​ឧកញ៉ា ហើយ​និង​ប្រមូល​វត្ថុ​តាង​ផ្សេងៗ​ទៀត​មក​ពី​ខេត្ត​ឧត្តរមានជ័យ ដោយ​រក​ឃើញ​ឈើ​ស្តុក​ទុក​តាម​ឃ្លាំង​ទាំង​ចាស់​ទាំង​ថ្មី​ប្រមាណ ១.១០០​ម៉ែត្រ​គូប។

ចំពោះ​ឈើ​ប្រមាណ ១.១០០​ម៉ែត្រ​គូប​ដែល​បាន​ឆែកឆេរ​ឃើញ​នោះ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ម្ចាស់​ឈើ​ទាំង​អស់​នោះ បាន​ចេញ​មុខ​យក​ឯកសារ ឬ​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​មក​បង្ហាញ​សមត្ថកិច្ច​នៅ​ឡើយ​ទេ៕