អាជ្ញាធរ​ដាក់​ឱសានវាទ​ដល់​ម្ចាស់​ឱសថស្ថាន​​ឲ្យ​​មក​សុំ​អាជ្ញាប័ណ្ណ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ក្រសួង​សុខាភិបាល​បាន​ដាក់​ឱសានវាទ ដោយ​ប្រមាន​ដល់​ម្ចាស់​ឱសថស្ថាន​ទំាង​អស់​នៅ​ទូទាំង​ខេត្ត​ក្រុង ឲ្យ​ប្រញាប់​បំពេញ​ទម្រង់​បែប​បទ​សុំ​អាជ្ញាប័ណ្ណ បើ​ពុំ​នោះ​ទេ​ឱសថស្ថាន​របស់​ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បិទ​ជាក់ជា​មិន​ខាន។

0:00 / 0:00

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​កំណត់​ពេល​វេលា​ដល់​ម្ចាស់​ឱសថស្ថាន​ទាំង​អស់​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​រាប់​ពី​ថ្ងៃ​ច័ន្ទ ទី​២២ កុម្ភៈ​នេះ​ទៅ ធ្វើ​យ៉ាង​ណា​ឲ្យ​ម្ចាស់​ឱសថស្ថាន​ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​ប្រញាប់​បំពេញ​ទម្រង់​បែប​បទ​ដើម្បី​សុំ​អាជ្ញាប័ណ្ណ ប្រសិន​បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ត្រូវ​បិទ​មិន​ឲ្យ​ដំណើរការ​អាជីវកម្ម​នេះ​ត​ទៅ​ទៀត​ឡើយ។

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​ហៅ​ម្ចាស់​ឱសថស្ថាន​ទាំង​អស់​ដែល​មិន​បាន​បំពេញ​ទម្រង់​បែប​បទ​ដើម្បី​សុំ​អាជ្ញាប័ណ្ណ​នោះ​ថា ជា​អ្នក​ដែល​មិន​គោរព​ច្បាប់។ លោក​ថា ឱសថ​ការី​ទាំងអស់​ត្រូវតែ​បំពេញ​ទម្រង់​បែបបទ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ជា​មុន​សិន​មុន​នឹង​ដំណើរការ​លើ​អាជីវកម្ម​របស់​ខ្លួន ចៀសវាង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ អ្នក​ទៅ​រក​សេវា​ព្យាបាល​និង​ទិញ​ឱសថ។

លោក កែប ជុតិមា មាន​ប្រសាសន៍​ដូច្នេះ ៖ «គោលការណ៍​រដ្ឋាភិបាល ក្រសួង​ហើយ​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​គេ​ធ្វើ​អស់​ហើយ នៅ​តែ​គ្នា​គាត់​ប៉ុន្មាន​នាក់​គាត់​មិន​ព្រម​ស្ដាប់​គេ​សោះ។ រឿង​លក់​ថ្នាំ​មិន​មែន​រឿង​លេង​សើច​ឯ​ណា ថ្នាំ​មាន​ជួយ​ផង​វា​មាន​សម្លាប់​ផង ហើយ​យើង​អត់​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ រឿង​ហ្នឹង​រឿង​ស្រួល​សោះ! គាត់​ដឹង​ដែរ ប៉ុន្តែ​គាត់​រឹង គាត់​មិន​ព្រម​ធ្វើ។ យើង​បាន​ប្រាប់​គាត់​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ខ្ញុំ​សូម​ធានា​លើក​នេះ​ថា សុំ​ឲ្យ​គាត់​យក​ទៅ​ឲ្យ​អភិបាល​ខណ្ឌ។ គេ​ត្រូវ​ឲ្យ​បង់​ហើយ មន្ទីរ​សុខាភិបាល​គេ​តម្រូវ»

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ មាន​ប្រសាសន៍​ដោយ​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​មាន​ការ​សហការ​ប្រកាស​ពី​វិធានការ​នេះ​មក លោក​ឃើញ​មាន​ម្ចាស់​ឱសថស្ថាន​មួយចំនួន​បាន​រូតរះ​មក​បំពេញ​ទម្រង់​បែបបទ​ដើម្បី​សុំ​អាជ្ញាប័ណ្ណ​ជា​ហូរហែ​មក​ដែរ។

លោក សុខ សុគន្ធ បាន​ឲ្យ​ដឹង​ថា ៖ «ចំពោះ​អ្នក​ដែល​បើក​ថ្មី​នៅ​តែ​បើក​ទ្វារ​បន្តៗ។ យើង​នឹង​អនុវត្ត​កិច្ចការ​ហ្នឹង​បន្ត​ទៅ​ទៀត ដើម្បី​ឲ្យ​គាត់​ចូល​តាម​ផ្លូវ​ច្បាប់​ទាំង​អស់ ងាយ​នឹង​ច្បាប់​គ្រប់គ្រង។ យើង​នឹង​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់ យើង​នឹង​បញ្ជូន​អ្នក​មិន​គោរព​ហ្នឹង​ទៅ​តុលាការ។ ប៉ុន្តែ​បើ​យើង​សង្កេត​ពី​បញ្ហា​ហ្នឹង​ទៅ ហាក់​ដូចជា​គេ​រត់​មក​ធ្វើ​ច្បាប់​ជា​បន្ត​បន្ទាប់​ហើយ​ដែរ»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​វិធានការ​នេះ ប្រសិនបើ​ការ​អនុវត្ត​នេះ​បាន​ប្រកប​ដោយ​គុណភាព​និង​តម្លាភាព​ត្រឹមត្រូវ​ពិត​ប្រាកដ​នោះ។

លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍​ថា ៖ «គាត់​ធ្វើ​ត្រូវ​ហើយ បើ​គាត់​ធ្វើ​បាន​ល្អ បើ​គាត់​ធ្វើ​មិន​បាន គ្នា​ឯង​ចេះ​តែ​បិទ​ភ្នែក​ទៅ។ បើ​ធ្វើ​មិន​បាន​ប៉ះពាល់​ច្រើន ទី​១​លក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ផ្ដេសផ្ដាស​ដោយ​អត់​មាន​វេជ្ជបញ្ជា​ពី​វេជ្ជបណ្ឌិត ព្រោះ​សំបុត្រ​ស្នាម ក្រដាស​ទិញ​ថ្នាំ​ហ្នឹង​ទាល់​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​វេជ្ជបណ្ឌិត អាហ្នឹង​បាន​គេ​អាច​កាន់​ក្រដាស​ហ្នឹង​ទៅ​ទិញ​ថ្នាំ​បាន។ ភាគ​ច្រើន​អ្នក​ជំងឺ​ខ្មែរ​យើង​គេ​ចេះ​តៗ​គ្នា មិន​មែន​ពេទ្យ​ក៏​គាត់​ប្រាប់​ថា ថ្នាំ​នេះ​គាត់​លេប​ត្រូវ​អ៊ីចេះ​អ៊ីចុះ ដល់​ពេល​មក​ពេទ្យ​ហួសពេល ធ្លាយ​ក្រពះ​ក៏​មាន​ដែរ ជួនកាល​ថ្នាំ​ក្លែងក្លាយ»

តួលេខ​របស់​មន្រ្តី​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មាន​ឱសថស្ថាន​ចំនួន​៦៤៤​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​មាន​១១៦​កន្លែង​មិន​បាន​បំពេញ​ក្រដាស​ស្នាម​ដែល​ចាំបាច់​នៅ​ឡើយ៕