ថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ ២០០៨ នេះ លោក ជូ សារិទ្ធ បានបញ្ជាក់ថាការស្លាប់របស់លោក អឹម មួង កន្លងទៅថ្មីៗនេះ គឺជាអំពើឃាតកម្ម ៖ «ចំណុចទី១ អំពើមនុស្សឃាតវាកើតមានហើយ អ៊ីចឹងករណីនេះគឺយើងកំពុងតែប្រមូលសាក្សី និងការបំភ្លឺរបស់ប្រជាពលរដ្ឋចងក្រងជាសំណុំដើម្បីផ្តន្ទាទោសទៅតាមច្បាប់»។
បើតាមលោក ឃុន ពៅ ប្អូនជីដូនមួយជនរងគ្រោះបានថ្លែងថា បងប្រុសរបស់ខ្លួនឈ្មោះ អឹម មួង អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាម៉ោង៤:៤០នាទីល្ងាច នាថ្ងៃទី៣១ ខែសីហា បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួន ឈ្មោះ មុំ ចំរើន អាយុ៤៣ឆ្នាំ ស្រាប់តែលោក កន ចិត្ត ហៅ រិទ្ធិ ជានគរបាលស្រុកកំរៀងបានចូលទៅវាយបន្ថែមទៅលើលោក អឹម មួង។
លោក ឃុន ពៅ បានឲ្យដឹងថា ៖ «គាត់ឈ្លោះប្តីប្រពន្ធគាត់ ប្រតាយគ្នាទៅ ប៉ូលិសចេញមកឃើញ ដល់ឃើញគេមិនចាប់ចេញ គេយកជើងឈូសទាត់តែម្ដង»។
លោកបន្តថា លោក អឹម មួង បានរងរបួសជាទម្ងន់ ហើយបានបញ្ជូនទៅមណ្ឌលសុខភាពឃុំត្រាងនៅថ្ងៃកើតហេតុ ប៉ុន្តែមិនជួបគ្រូពេទ្យក៏យកមកផ្ទះវិញ ហើយបានស្លាប់នៅវេលាម៉ោង៨:៣០នាទីនាថ្ងៃដដែល។
លោក ឈឹម ប៊ុនហុង អធិការនគរបាលស្រុកកំរៀងបានថ្លែងថា លោកស្រី មុំ ចំរើន ត្រូវជាប្រពន្ធ បានបញ្ជាក់ប្រាប់ប៉ូលិសថា លោក កន ចិត្ត គឺគ្រាន់តែចូលទៅអន្តរាគមន៍ជួយប៉ុណ្ណោះ មិនបានវាយលោក អឹម មួង ទេ។
លោក ឈឹម ប៊ុនហុង បានមានប្រសាសន៍ថា ៖ «ហើយគ្មាននរណាឃើញទេ មានតែគាត់ពីរនាក់ប្តីប្រពន្ធហ្នឹងឈ្លោះគ្នាជាញឹកញាប់។ ចម្លើយខ្ញុំមានគ្រប់គ្រាន់នៅនេះហើយ»។
ប៉ុន្តែលោក យិន ម៉េងលី មន្ត្រីអង្គការអាដហុក ប្រចាំខេត្តបាត់ដំបង ដែលបានចុះអង្កេតករណីនេះបានថ្លែងថា ៖ «ការស្លាប់នេះវាពាក់ព័ន្ធទៅនឹងការធ្វើទារុណកម្មទៅលើគាត់ ពីព្រោះនៅលើសាកសពមានស្នាមបាតជើងជាន់នៅពីលើដើមទ្រូង ហើយមានស្នាមជាំនៅលើដើមទ្រូង និងមានស្នាមជាំនៅលើឆ្អឹងជំនីរ ហើយមានសាក្សីជាច្រើនដែលបានចង្អុលបង្ហាញឃើញថា មន្ត្រីនគរបាលឈ្មោះ កន ចិត្ត ហៅ រិទ្ធហ្នឹង ឡើងជាន់ពីលើហើយទាត់ធាក់ នៅពេលជនរងគ្រោះគាត់ដួលនៅនឹងដីនេះ»។
សមត្ថកិច្ចបានបញ្ជាក់ថា សាកសពលោក អឹម មួង ត្រូវបានសាច់ញាតិធ្វើបុណ្យបូជានៅក្រោយការស្លាប់ ចំណែកឯមន្ត្រីប៉ូលិសស្រុកកំរៀង ឈ្មោះ កន ចិត្ត ហៅ រិទ្ធិ កំពុងរត់គេចខ្លួន៕
