លោក កង សាខន បានឲ្យដឹងថា ៖ «យើងបានពិនិត្យស្លាកស្នាមឡានដែលថា បែកកញ្ចក់នៅក្នុងស្នាក់ការគណបក្សដែលគាត់អនុញ្ញាតឲ្យយើងចូលមើល យើងពិនិត្យទៅបើសិនជាត្រូវនឹងគ្រាប់កំាភ្លើងវាអាចមានការធ្លុះធ្លាយអីខ្លះទៅប៉ែកខាងក្នុងទៀតហើយ តែនេះវាគ្រាន់តែបែកកញ្ចក់ធម្មតាហើយនិងមានស្នាមទ្រុឌតិចៗនៅជញ្ជាំងទ្វារប៉ែកខាងក្រៅអាហ្នឹងមួយផ្នែកទៅ ។ ហើយមួយផ្នែកទៀតតាមយើងពិនិត្យទៅដល់កន្លែងដែលគាត់ថាមានហេតុការណ៍កើតហ្នឹង យើងសាកសួរប្រជាពលរដ្ឋដែលមានផ្ទះនៅសងខាងផ្លូវហ្នឹងគឺអត់មានអ្នកណាបានឮមានសំឡេងផ្ទុះសំឡេងគ្រាប់អីទេនៅពេលម៉ោងដែលគាត់ចោទប្រកាន់ហ្នឹង ។ អ៊ីចឹងយើងសន្និដ្ឋានថាមិនមានរឿងរ៉ាវបាញ់ណាមួយកើតឡើងទេ ប្រហែលជាឡានរបស់គាត់ អាចថាផ្ទាត់ឬខ្ទាតទង្គិចត្រូវដុំថ្មដោយប្រការណាមួយ» ។
លោក ស៊ុន ឌីណា ប្រធានក្រុមការងារគណបក្ស នរោត្តម រណឫទ្ធិ បានអះអាងដោយចោទប្រកាន់ថា រថយន្តរបស់លោកត្រូវទទួលរងការបាញ់ប្រហារបែកកញ្ចក់ស្តាំខាងក្រោយ ដោយការប៉ងសម្លាប់នៅវេលាម៉ោង១២យប់នាថ្ងៃទី២៨ ចូលព្រឹកថ្ងៃទី២៩ នៅឃុំតាគ្រៃ ស្រុកកំរៀង ខណៈពេលក្បួនរថយន្តរបស់លោកធ្វើដំណើរត្រឡប់មកពីធ្វើការឃោសនានៅស្រុកភ្នំព្រឹកវិញ ។
យោងតាមការអះអាងរបស់លោក ហេង សាយហុង មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ លោកនិងមន្ត្រីអង្គការសហប្រជាជាតិ ប្រចាំភូមិភាគពាយ័ព្យបានចុះស៊ើបអង្កេតដល់កន្លែងកើតហេតុ ហើយបានសាកសួរប្រជាពលរដ្ឋប៉ុន្តែមិនមានសាក្សីណាអះអាងថាបានឮឬដឹងពីការបាញ់ប្រហារនោះទេ ។
លោក ហេង សាយហុង បានមានប្រសាសន៍ថា ៖ «ទោះបីជាគ្មានអ្នកណាអះអាងថាបាញ់មែន ក៏ប៉ុន្តែរឿងហ្នឹងវាកើតឡើងនៅពេលយប់ ។ យើងមិនដែលឈប់ឡានតទល់ ឈប់ឡានថាហៅសាក្សីនេះហៅសាក្សីនោះបានទេ ប្រយ័ត្នគេបាញ់ព្រោះយប់ ហើយកន្លែងហ្នឹងវារាងស្ងាត់ដែរ មិនសូវមានប្រជាពលរដ្ឋប៉ុន្មានទេ រាយៗទេ អ៊ីចឹងកន្លែងជិតបន្ទាយយោធាផង ហើយធ្វើម៉េចគាត់ហ៊ានឈប់ឡានដើម្បីទៅហៅសាក្សីនេះហៅសាក្សីនោះ...» ។
លោក ស៊ុត ឌីណា ប្រធានក្រុមការងារគណបក្ស នរោត្តម រណឫទ្ធិ នៅតែរក្សាជំហរដដែលថាពិតជាមានការបាញ់ប្រហារទៅលើរថយន្តរបស់លោក ។
លោក កង សាខន ស្នងការនគរបាលខេត្តបាត់ដំបងបានថ្លែងថា រហូតមកដល់ពេលនេះស្នងការដ្ឋាននគរបាលមិនបានទទួលពាក្យបណ្តឹងពីគណបក្ស នរោត្តម រណឫទ្ធិ បើទោះបីគណបក្សនេះបានអះអាងចោទប្រកាន់ថាមានការបាញ់ប្រហារក៏ដោយ ។
លោកបានបន្តថាដើម្បីស្រាវជ្រាវរកឲ្យឃើញភាពពិតជាក់ស្តែង លោកបានជំរុញឲ្យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស៊ើបអង្កេតករណីនេះផងដែរ ។
លោក កង សាខន បានអះអាងថាចាប់ពីថ្ងៃឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនានានៅក្នុងខេត្តបាត់ដំបងរហូតមកត្រឹមថ្ងៃទី២ កក្កដានេះ មិនមានករណីអំពើហិង្សាណាមួយបានកើតមានឡើងនៅក្នុងខេត្តបាត់ដំបងគួរឲ្យកត់សម្គាល់នោះឡើយ ៕
