អាជ្ញាធរ​បដិសេធ​ថា​ឈើ​​ដែល​ចាប់​បាន​មិន​មែន​ជា​របស់​កូន​ប្រសា​អភិបាល​ខេត្ត

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​ច្រាន​ចោល​សេចក្តី​រាយ​ការណ៍​ពី​ឈើ​ប្រណីត​មួយ​រថយន្ត​ឆ្នៃ​ដែល​ក្រុម​សហគមន៍​ពូលេះ​ចាប់​បាន​ថា ជា​ឈើ​របស់​កូន​ប្រសា​លោក​អភិបាល​ខេត្ត​មណ្ឌលគិរី។

0:00 / 0:00

មេ​ឃុំ​ដាក់ដាំ លោក ញ៉ែម វ៉ាន់នី បដិសេច​ថា លោក​មិន​បាន​ដឹង​ពី​រឿង​ចាប់​ឈើ​នោះ​ទេ ហើយ​ក៏​មិន​បាន​សុំ​ឲ្យ​ជំទប់​ទី​មួយ​ឃុំ​សម្រប​សម្រួល​ជាមួយ​សហគមន៍​ដើម្បី​ប្រគល់​ឈើ​ឲ្យ​ម្ចាស់​ដើម​វិញ ដោយសារ​ម្ចាស់​ឈើ​នោះ​ជា​កូន​អភិបាល​ខេត្ត​នោះ​ដែរ។

លោក ញ៉ែម វ៉ាន់នី បដិសេធ​ដូច្នេះ ៖ «អាហ្នឹង​គាត់​ផ្សាយ​ខុស​របស់​គាត់ ខ្ញុំ​មិន​ដឹង​ទេ កាល​ហ្នុង​ខ្ញុំ​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​គាត់ ខ្ញុំ​មក​ពី​ភ្នំពេញ។ លុះត្រា​សហគមន៍​ចាប់​បញ្ជូន​មក​ខ្ញុំ បាន​ខ្ញុំ​ដឹង​ថា ឈើ​ហ្នឹង​ជា​របស់​នរណា»

កាល​ពី​ថ្ងៃ​អង្គារ ទី​២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ តំណាង​សហគមន៍​ភូមិ​ពូលេះ​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​ក្នុង​ចំណោម​រថយន្ត​ពីរ​គ្រឿង​ដែល​ប៉ុនប៉ង​ដឹក​ជញ្ជូន​ឈើ​ធ្នង់​ចេញ​ពី​ព្រៃ ដើម្បី​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​តំបន់​ព្រំដែន​នៅ​ក្នុង​តំបន់​នោះ។

ចំណែក​ជំទប់​ទី​មួយ​ឃុំ​ដាក់ដាំ លោក អើត ប៊ុននី ដែល​ចូល​រួម​ក្នុង​ការ​បង្ក្រាប​នោះ​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​កុម្ភៈ ពី​ករណី​នេះ​ថា ឈើ​នោះ​ជា​របស់​កូន​ប្រសា​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន ហើយ​មេ​ឃុំ​បាន​សុំ​ឲ្យ​លោក​សម្រប​សម្រួល​ជាមួយ​សហគមន៍​ឲ្យ​ប្រគល់​ឈើ​នោះ​ទៅ​ឲ្យ​ម្ចាស់​ឈើ​វិញ។

ជំទប់​ទីមួយ​ឃុំ​ដាក់ដាំ លោក អើត ប៊ុននី នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១០ បាន​និយាយ​សុំ​ទោស​ដែល​លោក​បាន​ផ្តល់​ព័ត៌មាន​ខុស​ទាក់ទិន​ម្ចាស់​ឈើ​ជា​កូន​ប្រសា​អភិបាល​ខេត្ត។ លោក​បញ្ជាក់​ថា ជា​ការ​ភ័ន្ត​ច្រឡំ​ដែល​អ្នក​ប្រាប់​ពី​អត្តសញ្ញាណ​ម្ចាស់​ឈើ​មិន​បាន​ត្រឹមត្រូវ ៖ «ខ្ញុំ​ឲ្យ​សុំ​ទោស​ដែរ វា​ជា​ការ​ភ័ន្ត​ច្រឡំ​ទេ​ការងារ​នេះ»

ចំណែក​តំណាង​សហគមន៍​ភូមិ​ពូលេះ លោក បូរ៉េត កាំពី មាន​ប្រសាសន៏​ដែរ​ថា អ្នក​បើក​គោយន្ត​ដឹក​ឈើ​ប្រាប់​ថា ឈើ​នោះ​ជា​របស់​គ្រូ​បង្រៀន​ឈ្មោះ ទល់ ភន តែ​ឈ្មោះ ទល់ ភន បញ្ជាក់​ប្រាប់​លោក​ថា មិន​មែន​ជា​ឈើ​របស់​គេ​ទេ ហើយ​រហូត​ថ្ងៃ​នេះ​សហគមន៍​មិន​ទាន់​ប្រាកដ​ថា នរណា​ជា​ម្ចាស់​ឈើ​ខុស​ច្បាប់​នោះ​នៅ​ឡើយ។

លោក បូរ៉េត កាំពី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «សួរ​គ្រូ ភន គាត់​ថា មិន​មែន​ជា​របស់​គាត់ ដល់​សួរ​ទម្លាក់​ហ្នឹង​ប្រាប់​ថា ជា​ឈើ​គ្រូ ភន»

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា លោក​កំពុង​អង្កេត​ទៅ​លើ​ការ​សង្ស័យ​សេចក្តី​រាយ​ការណ៍​ទាក់ទិន​នឹង​ជន​ជា​ម្ចាស់​ឈើ​ទំនង​មាន​ភាព​មិន​ប្រក្រតី។ លោក​អំពាវនាវ​ឲ្យ​ស្ថាប័ន​ព្រៃ​ឈើ​បំពេញ​ភារកិច្ច​រក​ជន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក ឆាយ ធី មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្រោយ​ពី​មាន​ការ​ផ្ដល់​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​នោះ ក្រោយ​មក​មាន​ការ​កោះ​ប្រជុំ​រវាង​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន។ យើង​គិត​ថា ប្រហែល​ជា​ពួក​គាត់​រង​បញ្ហា​អ្វី​មួយ​ហើយ»

នាយ​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដាក់ដាំ លោក ព្រី យ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​សេចក្តី​រាយ​ការណ៍​ណា​មួយ​ទាក់ទិន​នឹង​ជន​ពាក់ព័ន្ធ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នោះ​ទេ។

លោក ព្រី យ៉ា មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ ៖ «ចំពោះ​បទល្មើស​ព្រៃ​ឈើ​សហគមន៍​គេ​ចាប់​ឲ្យ​យើង​ឃើញ​តែ​វត្ថុតាង​គាត់​យក​ប៉ុណ្ណឹង​មក ការ​ស្រាវជ្រាវ​ឯ​ទៀត​អាហ្នឹង​មាន​សមត្ថកិច្ច​គេ​ផ្សេង​ទៀត»

កាល​ពី​ថ្ងៃ​សុក្រ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១០ ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដាក់ដាំ បាន​ចុះ​ទៅ​ដក​ហូត​ឈើ​ដែល​អ្នក​ភូមិ​រឹប​អូស​នោះ ដើម្បី​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី​រួច​រាល់​ហើយ៕