អាជ្ញាធរ​តាម​រក​មនុស្ស​២​នាក់​ដែល​សង្ស័យ​ថា​ឆ្លង​ផ្ដាសាយ​ជ្រូក

មន្ត្រី​ក្រសួង​សុខាភិបាល​កំពុង​តាម​រក​មនុស្ស​២​នាក់​ជាតិ​កាណាដា​ដែល​គេ​រាយការណ៍​ថា​បាន​ធ្វើ​ដំណើរ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ក្រោយ​ការជិះ​យន្តហោះ​ជាមួយ​អ្នក​កើត​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1)។

មនុស្ស​២​នាក់​ដែល​មក​ពី​កាណាដា ម្នាក់​ជា​បុរស​និង​ម្នាក់​ទៀត​ជា​ក្មេង​ស្រី ត្រូវ​គេ​រាយការណ៍​ថា​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ ទី​៧ មិថុនា។ មិន​មាន​សេចក្តី​រាយការណ៍​បញ្ជាក់​ថា តើ​អ្នក​ទាំង​២​ដែល​គេ​កំពុង​តាម​រក​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ណា​មួយ​នោះ​ទេ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​លើក​ដំបូង​បំផុត​ឲ្យ​ដឹង​ថា មេរោគ​គ្រុន​ផ្តាសាយ​នេះ​កំពុង​តែ​រាតត្បាត​ពិភពលោក​ហើយ។

សេចក្តី​រាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា មេរោគ​គ្រុន​ផ្តាសាយ​A(H1N1)​នេះ​បាន​រាតត្បាត​ប្រទេស​ចំនួន​៧៤​ហើយ ក្នុង​នោះ​មាន​អ្នក​កើត​ជំងឺ​នេះ​ចំនួន​ជិត​២​ម៉ឺន​៨​ពាន់​នាក់​និង​មាន​អ្នក​ស្លាប់​ចំនួន​១៤១​នាក់។

ដោយ​ឡែក​ចំពោះ​ប្រទេស​ថៃ​ដែល​នៅ​ជាប់​នឹង​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា​មាន​អ្នក​កើត​ជំងឺ​នេះ​ចំនួន​៤៦​នាក់​ហើយ៕