បក្ស​សមរង្ស៊ី៖ អាជ្ញាធរ​នៅ​តែ​បង្ក​បញ្ហា​ក្នុង​ការ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន

អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​៧ កញ្ញា​ថា អាជ្ញាធរ​នៅ​តែ​បង្ក​ការ​លំបាក​ក្នុង​ការ​ចូល​ទៅ​ពិនិត្យ​ស្ថានភាព​នៃ​ការ​បោះ​បង្គោល​ព្រំដែន បើ​ទោះ​បី​ជា​មាន​ការ​ប្រកាស​ផ្លូវការ​ថា ប្រជាជន​ខ្មែរ​មាន​សិទ្ធិ​អាច​ចូល​មើល​បង្គោល​ព្រំដែន​ដែល​គេ​បោះ​រួច​ហើយ​នោះ​ក៏ដោយ។

0:00 / 0:00

របាយការណ៍​មួយ​របស់​គណបក្ស សម រង្ស៊ី បាន​បង្ហាញ​ថា ប៉ូលិស​បាន​គំរាមកំហែង ប្រមាថ​ក្រុម​តំណាង​រាស្ត្រ និង​បណ្ដេញ​ក្រុម​តំណាង​រាស្ត្រ​ឲ្យ​ប្រញាប់​ចេញ​ពី​បង្គោល​ព្រំដែន និង​គំរាម​ដក​ហូត​ម៉ាស៊ីន​ថត។ របាយការណ៍​នេះ​បាន​ចេញ​ផ្សាយ ក្រោយ​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​មួយ​ក្រុម​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​វិល​ត្រឡប់​ពី​ការ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ដែល​គេ​បោះ​រួច​ហើយ គឺ​បង្គោល​លេខ ៩៣, ៩៤ នៅ​ស្រុក​មេមត់ និង​លេខ ១១៧ នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែ​សីហា​កន្លង​ទៅ។

លោក ម៉ៅ មុន្នីវណ្ណ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ដូច្នេះ ៖ «នៅ​តែ​មាន​បញ្ហា ពីព្រោះ​រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​ថា អ្នក​តំណាង​រាស្ត្រ​អាច​ចុះ​ទៅ​មើល ទៅ​ពិនិត្យ​បាន ប៉ុន្តែ​ជាក់​ស្ដែង​ឃើញ​ថា ប៉ូលិស​ដែល​នៅ​មូលដ្ឋាន​តែងតែ​បង្ក​បញ្ហា ឃាត់ឃាំង និង​គំរាម​ដក​ហូត​ម៉ាស៊ីន​ថត​ជាដើម»

លោក ម៉ៅ មុន្នីវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​នោះ​ថា តើ​ការ​បោះ​បង្គោល​ត្រឹមត្រូវ ឫ​ក៏​មិន​ត្រឹមត្រូវ​ទេ ប៉ុន្តែ​លោក​ថា ការ​ចុះ​មើល​ស្ថានភាព​រាស្រ្ត និង​ពិនិត្យ​ព្រំដែន បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ភូមិ​បាន​ត្អូញ​ថា ពួកគាត់​បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ក្រោយ​ពី​ការ​បោះ​បង្គោល​នោះ​រួច​មក។

លោក​បញ្ជាក់​ថា នៅ​ស្រុក​មេមត់ ចំណុច​បង្គោល​លេខ ៩៣ និង​លេខ ៩៤ មាន​អ្នក​ស្រុក​ប្រហែល ៣​គ្រួសារ​បាន​ត្អូញ​ពី​ការ​បាត់បង់​ដី​ស្រែ ហើយ​នៅ​ចំណុច​បង្គោល​លេខ ១១៧ មាន​អ្នក​ស្រុក​ជា​ច្រើន​គ្រួសារ​បាន​ត្អូញ​អំពី​រឿង​បាត់​ដី​នេះ​ដែរ។

ការ​ត្អូញត្អែរ​របស់​អ្នក​តំណាង​រាស្ត្រ ត្រូវ​បាន​អភិបាល​ខេត្ត​កំពង់ចាម លោក ហ៊ុន ណេង បដិសេធ ដោយ​ខឹង​សម្បា​ថា អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​ចេះ​តែ​ថា។ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពង់ចាម មិន​ដែល​ហាម​ប្រាម​ក្នុង​ការ​ចុះ​ទៅ​មើល​ព្រំដែន​នោះ​ឡើយ។

លោក ហ៊ុន ណេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ទី​២ ការ​បោះ​បង្គោល​អ្វីៗ គេ​បោះ​ទៅ​តាម​ផែនទី​ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូចជា​ទៅ​តាម​ឯកសារ​ដែល​បាន​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​ចន្លោះ​ឆ្នាំ​១៩៦៨ ដល់ ១៩៦៩ អ៊ីចឹង​គេ​ធ្វើ​អ្វីៗ​មិន​ឲ្យ​ខុស​ច្បាប់​ទេ។ ខ្មែរ​ណា! ខ្ញុំ​ក៏​ខ្មែរ​ដែរ មិន​ឲ្យ​អ្នក​ណា​យក​ដី​ខ្លួន​ឯង​មួយ​ចំអាម​ទេ»

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ ដោយ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ខាង​លើ​នោះ​នៅ​ឡើយ។

ឯកសារ​របស់​វៀតណាម​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ឲ្យ​ដឹង​ថា ការ​បោះ​បង្គោល​ព្រំដែន​ខ្មែរ-​វៀតណាម បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០០៦ កន្លង​មក ហើយ​គេ​គ្រោង​ថា នឹង​បញ្ចប់​ការ​បោះ​បង្គោល​នោះ​នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ ដែល​បច្ចុប្បន្ន​នេះ គេ​បោះ​បាន​ចំនួន ២ ភាគ ៣ គឺ​ស្មើ​នឹង ១៦២​បង្គោល​ហើយ នៃ​បង្គោល​សរុប​ចំនួន ៣៧៥។

ចាប់​តាំង​ពី​មាន​ការ​បោះ​បង្គោល​នោះ​មក វិវាទ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ។ កសិករ​ខ្មែរ​តែង​តែ​ត្អូញ​ថា ពួកគាត់​ត្រូវ​បាន​បាត់​បង់​អស់​ដីធ្លី ភូមិ និង​ស្រែ​ចម្ការ ហើយ​ថ្មីៗ​កន្លង​ទៅ​នេះ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ក៏​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ ក្រោយ​ពី​លោក​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​លេខ ១៨៥ បោះ​ចោល គ្រា​ដែល​កសិករ​ខ្មែរ​បាន​ត្អូញ​អំពី​ការ​លំបាក ដោយសារ​តែ​បង្គោល​តម្រុយ​នោះ​បាន​បោះ​លើ​ដី​ស្រែ​របស់​ពួកគាត់៕