អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​តាម​ចាប់​ជន​សង្ស័យ​បាញ់​សម្លាប់​អ្នក​កាសែត

អាជ្ញាធរ​កំពុងតែ​ស៊ើបអង្កេត​តាម​រក​មនុស្ស​សង្ស័យ​២​នាក់ ដែល​គេ​ឲ្យ​ការណ៍​ថា ជា​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ប្រភេទ​វីវ៉ា​ពណ៌​ខ្មៅ បាញ់​សម្លាប់​អ្នកកាសែត​មនសិការ​ខ្មែរ លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស​របស់​គាត់ កាលពី​យប់​ថ្ងៃ​សុក្រ ទី​១១ កក្កដា ២០០៨ នៅក្នុង​ខណ្ឌ​៧​មករា កណ្តាល​រាជធានី​ភ្នំពេញ ។

0:00 / 0:00

លោក ឃឹម សម្បូរណ៍ អាយុ​៤៧​ឆ្នាំ និង​កូន​ប្រុស​របស់​គាត់​អាយុ​២១​ឆ្នាំ ឈ្មោះ ខាត់ សារិន្ទភាតា ត្រូវ​ជន​មិន​ស្គាល់​មុខ ២​នាក់ ជិះម៉ូតូ​បាញ់​ពី​ក្រោយ​ចំនួន​៥​គ្រាប់ នៅជិត​ស្តាត​អូឡាំពិក ពេល​ដែល​ជន​រងគ្រោះ​ទាំង​២ កំពុង​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ហាត់​ប្រាណ ។

អ្នក​កាសែត​មនសិការ​ខ្មែរ ដែល​ជា​ឪពុក​ត្រូវ​ឃាតករ​បាញ់​ត្រូវ ២​គ្រាប់ និង​កូន​ប្រុស​របស់​គាត់ ត្រូវ​មួយ​គ្រាប់ ហើយ​បាន​ទទួល​មរណភាព​ជា​បន្ត​បន្ទាប់ ។ ឃាតករ​បាន​បើក​ម៉ូតូ​រត់គេច​ដោយ​គ្មាន​អ្នកណា​បាន​ស្គាល់​មុខ​ឡើយ ។

អភិបាលខណ្ឌ ៧​មករា លោក ស្រ៊ុន ស្រ៊ន់ បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ទី​តម្កល់​សព​អ្នក​ទាំង​២ ឯ​បរិវេណ​វត្ត​ស្វាយដង្គំ រាជធានី​ភ្នំពេញ​ថា គេ​មិន​ទាន់​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ​នៅឡើយ​ទេ ៖ «ករណី​ដែល​កើត​ហេតុ​នេះ គឺ​យើង​ដឹង​ថា មាន​ការបាញ់ អ៊ីចឹង កម្លាំង​យើង​ក៏​បាន​ទៅ​ដល់​ភ្លាម ហើយ​យើង​កំពុង​តែ​ស្រាវជ្រាវ​បន្ត​វែក​មុខ​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង ។ យើង​មិន​ទាន់​ធ្វើ​ការសន្និដ្ឋាន​ទេ ឥឡូវ​យើង​កំពុង​តែ​មមាញឹក​ក្នុង​ការស្រាវជ្រាវ​បញ្ហា​ហ្នឹង»

នេះ​ជា​ករណី​លើក​ទីមួយ​ហើយ ដែល​មាន​ការបាញ់​សម្លាប់​អ្នកសែត​គាំទ្រ​គណបក្ស​ប្រឆាំង​នៅក្នុង​ពេល​ដែល​ក្រុម​គណបក្ស​នយោបាយ​កម្ពុជា កំពុងតែ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

និពន្ធនាយក​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ បាន​ថ្លែង​ថា លោក​ក៏​មិន​ដឹង​ថា​តើ​មូលហេតុ​ដែល​ជាប់​ទាក់ទង​នឹង​ការបាញ់​សម្លាប់​អាច​មក​ពី​អ្វី​នោះ​ដែរ ។

លោក ដាំ សិទ្ធិ ដែល​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ក្រោយ​ការទើប​នឹង​ត្រូវ​បាន​ធានា​ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ បាន​ថ្លែង​ថា អ្នកកាសែត​លោក ឃឹម សម្បូរណ៍ គឺ​ជា​អ្នកកាសែត​ដែល​ចូលចិត្ត​សរសេរ​អំពី​អត្ថបទ​ទាក់ទង​នឹង​សង្គម ហើយ​អត្ថបទ​ថ្មី​ៗ​ចុង​ក្រោយ​របស់​លោក គឺ​បាន​សរសេរ​អំពី​រឿង​ដែល​បាន​ជាប់​ទាក់ទង​នឹង​បញ្ហា​ព្រះវិហារ​ខ្មែរ ។

លោក ដាំ សិទ្ធិ បាន​ថ្លែង​ថា បញ្ហា​ព្រួយ​បារម្ភ​នឹង​កត្តា​សន្តិសុខ បាន​ញ៉ាំង​ឲ្យ​រូបលោក​ត្រូវ​បង្ខំ​ចិត្ត មិន​ហ៊ាន​ចាកចេញ​ពី​ផ្ទះ​សោះ​ឡើយ ជាពិសេស​ចាប់​តាំង​ពី​រូប​លោក​មាន​រឿង​ក្តីក្តាំ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ដោយសារ​តែ​ការសរសេរ​រឿង​ទាក់ទង​នឹង​ប្រសាសន៍ លោក សម រង្ស៊ី រិះគន់​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង អំពី​រឿង​ជាប់​ពាក់ព័ន្ធ​នឹង​ខ្មែរ​ក្រហម​នោះ​មក ។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ខៀវ កាញារីទ្ធ បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​តម្កល់​សព​ជនរងគ្រោះ ហើយ​បាន​មាន​ប្រសាសន៍​សម្តែង​ភាព​ក្រៀមក្រំ ៖ «ក្រសួង​ព័ត៌មាន​ក្នុង​នាម​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ថ្កោលទោស​ការសម្លាប់​នេះ ហើយ​យើង​សុំ​ឲ្យ​អាជ្ញាធរ​រក​មុខ​ឃាតករ​ឲ្យ​ឃើញ»

ម៉ាយ៉ារិទ្ធិ ៖ តើ​ជន​សង្ស័យ ដែល​ធ្វើ​ការសន្និដ្ឋាន​ដំបូង អាច​ជា​អ្នកណា​ដែរ​? ខៀវ កាញារីទ្ធ ៖ ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​យប់​មិញ ខ្ញុំ​នៅ​កំពង់ចាម ។ ខ្ញុំ​ទើប​មក​ដល់ ហើយ​មិន​ទាន់​បាន​ជួប​សមត្ថកិច្ច​ផង​ទេ ប៉ុន្តែ​ទោះជា​អ្នកណា​ក៏​ដោយ ក៏​យើង​មិន​អាច​អនុគ្រោះ​បាន​ទេ របៀប​អ៊ីចឹង ជា​ពិសេស នៅ​ក្នុង​ស្ថានភាព​ដែល​យើង​ត្រូវការ​ភាព​ស្ងប់ស្ងៀម ត្រូវការ​សណ្ដាប់ធ្នាប់ គឺ​ជា​ការចាំបាច់​ត្រូវ​រក​ឃាតករ​ឲ្យ​ឃើញ ។

សូម​បញ្ជាក់​ថា នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ សេចក្តី​រាយការណ៍​អំពី​ភិនភាគ​ជន​សង្ស័យ​ជិះ​ម៉ូតូ​វីវ៉ា​ខ្មៅ ធ្វើ​សកម្មភាព​គំរាម​កំហែង បាន​កើត​ឡើង​ចំនួន ២​ដង​ហើយ ។

កាលពី​ថ្ងៃ​អាទិត្យ ថ្ងៃទី​៦ កក្កដា សកម្មជន​គណបក្ស​សមរង្ស៊ី​ម្នាក់ ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​តាម​វិទ្យុ​ក្នុង​ស្រុក បាន​អះអាង​ថា មាន​មនុស្ស​ប៉ុនប៉ង​សម្លាប់​រូប​លោក​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ថ្នល់​សំដៅ​ទៅ​យក​ព័ត៌មាន​ក្នុង​ទី​ក្បួន​ដង្ហែ​ឃោសនា​បក្ស​ក្នុង​រាជធានី​ភ្នំពេញ ។

អ្នក​ធ្វើ​អត្ថាធិប្បាយ​នៃ​កម្មវិធី​ពន្លឺ​ភ្លើង​ទៀន លោក ម៉ែន បញ្ញា បាន​ថ្លែង​ថា រឿង​ហេតុ​បាន​កើត​កាល​ពី​ថ្ងៃ​អាទិត្យ ក៏​បាន​ជាប់​ទាក់ទង​នឹង​រឿង​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ ដក​កាំភ្លើង​វិះ​នឹង​បាញ់​សម្លាប់​លោក​នា​កណ្តាល​ថ្ងៃ​ត្រង់​នោះ​ផង​ដែរ ប៉ុន្តែ​ដោយ​សំណាង​ល្អ លោក​បាន​ឲ្យ​អ្នកបើក​ម៉ូតូ​របស់​លោក បើក​គេច​ទាន់ ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​ឆ្លើយ​នៅ​ពេល​ដែល​ត្រូវ​បាន​សាកសួរ​ថា តើ​ករណី​ជន​សង្ស័យ​ជិះ​ម៉ូតូ​វីវ៉ា​ខ្មៅ ដែល​បាន​ធ្វើ​សកម្មភាព​នោះ អាច​ជា​ក្រុម​មនុស្ស​តែ​មួយ ជាប់​ពាក់ព័ន្ធ​ដែរ​ឬ​ទេ ៖ «ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ទេ ។ ទុក​ឲ្យ​អាជ្ញាធរ​គេ​អ្នក​មាន​សមត្ថកិច្ច​ជា​អ្នក​កំណត់​វិញ»

មន្ត្រី​អាជ្ញាធរ​ខណ្ឌ​៧​មករា ក៏​មិន​អាច​បញ្ជាក់​បាន​ជុំវិញ​ករណី​សកម្មភាព​ជនសង្ស័យ​ជិះ​ម៉ូតូ​វីវ់ា​ខ្មៅ ដែល​គេ​បាន​សង្ស័យ​ទាំង​២​លើក​នោះ​បាន​ដែរ ។

ក្រុម​គ្រួសារ​ជន​រងគ្រោះ បាន​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ ប្រញាប់​តាម​ចាប់​ជន​សង្ស័យ​មក​ផ្តន្ទាទោស និង​បាន​សម្តែង​ក្តី​សង្ស័យ​ចំពោះ​ការនាំ​ជន​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

លោកឡូរ៉ង់ ដែល​ត្រូវ​ជា​ប្អូន​ប្រុស​អ្នកកាសែត​ដែល​គេ​បាញ់​សម្លាប់ បាន​មន្ទិល​ថា ថា​តើ​ហេតុអ្វី​បាន​ជា​មាន​ភាពរើសអើង​ចំពោះ​ការទទួល​បងប្រុស​របស់​ខ្លួន​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៖ «ខ្ញុំ​គ្រាន់​តែ​ប្លែក​បន្តិច ពេល​ដែល​បង​ប្រុស​ខ្ញុំ​និង​ក្មួយ​ខ្ញុំ ត្រូវ​គ្រាប់​ហើយ គេ​យក​ទៅ​ពេទ្យ ពី​ពេទ្យ​មួយ​ទៅ​ពេទ្យ​មួយ​ទៀត ខ្ញុំ​វា​នៅ​ឆ្ងាយ​នៅ​កោះកុង​ឯណោះ អ៊ីចឹង ខ្ញុំ​មិន​អាច​មក​ទាន់​យក​វា​ទៅ​ពេទ្យ​បាន ហើយ​គេ​ប្រាប់​ថា ពេទ្យ​ណា​ក៏​មិន​អាច​ទៅ​បាន​ដែរ មាន​តែ​ទៅ​ពេទ្យ​កាល់ម៉ែត ហើយ​ខ្ញុំ​ដឹង​ថា បង​ប្រុស​របស់​ខ្ញុំ​នៅ​ពេល​ហ្នុង​គាត់​លា​ចាក​លោក​ទៅ​ហើយ»

ការបាញ់​សម្លាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ក្នុង​កាលៈទេសៈ ដែល​មាន​ស្ថានការណ៍​រៀបចំ​ការបោះឆ្នោត បាន​ញ៉ាំង​ឲ្យ​មាន​ការថ្កោលទោស​ពី​ក្រុម​សិទ្ធិ​មនុស្ស​និង​ក្រុម​សមាគម​អ្នកកាសែត ។

ប្រធាន​សមាគម​អ្នក​សារព័ត៌មាន លោក ឱម ច័ន្ទតារា បាន​មាន​ប្រសាសន៍​សុំឲ្យ​អាជ្ញាធរ​តាម​ចាប់​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៖ «វា​ជា​ការគំរាម​កំហែង​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​អ្នកកាសែត​ម្នាក់ ក៏​ដូច​ជា​ប្រធាន​សមាគម​អ្នក​កាសែត ហើយ​តំណាង​ឲ្យ​អ្នកកាសែត ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​មេត្តា វែក​មុខ​ឲ្យ​ឃើញ​ចំពោះ​ជន​ឧក្រិដ្ឋ​ដែល​បាញ់​សម្លាប់​លោក ឃឹម សម្បូរណ៍ ហើយ​មិន​មែន​តែ​លោក ឃឹម សម្បូរណ៍​ទេ គឺ​ប្រជាពលរដ្ឋ​ណា​ក៏​ដោយ ឲ្យ​តែ​ទទួល​ការបាញ់​សម្លាប់​ដោយ​ល្មើស​ច្បាប់»