ថ្លែងនៅក្នុងសន្និសីទកាសែតរួមជាមួយអគ្គរដ្ឋទូតស្តីទីអាមេរិកមួយនៅក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ទាក់ទងជាមួយការបង្ក្រាបការជួញដូរនៅប្រទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ «រដ្ឋាភិបាល ពិសេសគឺក្រសួងមហាផ្ទៃនេះឯង នឹងអនុវត្តច្បាប់ចំពោះមន្រ្តីដែលត្រូវបានចោទប្រកាន់ថា បានរំលោភទៅលើស្ត្រីរកស៊ីផ្លូវភេទនេះ តាមរយៈក្រសួងកិច្ចការនារីផង ហើយក៏ដូចជាតាមរយៈមន្ត្រីដែលចូលរួមពីម្សិលមិញផង គឺសុំឲ្យបង្ហាញនិងផ្ដល់នូវភស្តុតាងទាក់ទងនឹងមន្ត្រីអនុវត្តច្បាប់ណាមួយ ឬក៏ក្រុមណាមួយដែលបានប្រព្រឹត្តមិនគប្បីទៅលើស្ត្រីរកស៊ីផ្លូវភេទនោះ ប៉ុន្តែមកដល់ពេលនេះយើងខ្ញុំមិនទាន់ទទួលបាននូវភស្តុតាងជាក់លាក់ទេ» ។
សូមជម្រាបថា កាលពីថ្ងៃទី៤ មិថុនាកន្លងមកនេះ មានស្រ្តីរកស៊ីផ្លូវភេទប្រមាណ ៤០០នាក់ បានជួបជុំគ្នាដើម្បីសុំឲ្យមានការអនុវត្តច្បាប់ប្រឆាំងការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទឲ្យបានត្រឹមត្រូវ ។ នៅពេលជួបជុំនោះ ក្រុមស្រ្តីរកស៊ីផ្លូវភេទបានលើកឡើងថា នៅពេលអាជ្ញាធរចាប់ពួកគេបានដើម្បីយកទៅអប់រំនោះ មានការរំលោភបំពាននិងធ្វើទារុណកម្មផងដែរ ៕
