ពលរដ្ឋឲ្យដឹងថា សហគមន៍ថ្មគោល និងសហគមន៍មួយចំនួនទៀត ដែលមានបញ្ហាដីធ្លីក្នុងរាជធានីភ្នំពេញ គ្រោងជួបជុំគ្នាដើម្បីប្រារព្ធទិវា សិទ្ធិមនុស្ស ១០ធ្នូ នៅផ្ទះរបស់តំណាងអ្នកភូមិថ្មគោល ប៉ុន្តែអាជ្ញាធរបែរជាចេញលិខិតរារាំងការប្រារព្ធពិធីទៅវិញ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការរារាំងពលរដ្ឋមិនឲ្យជួបជុំ ឬបញ្ចេញមតិនោះជាអំពើរំលោភច្បាប់។
អាជ្ញាធរសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ វិច្ឆិកា ចេញលិខិតមួយមិនអនុញ្ញាតឲ្យពលរដ្ឋមានវិបត្តិដីធ្លីនៅជិតរបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស នៅថ្ងៃទី០៨ ខែធ្នូ ខាងមុខ។
តំណាងពលរដ្ឋសហគមន៍ថ្មគោល ហៅលិខិតរបស់អាជ្ញាធរថា ជាលិខិតគំរាមកំហែង និងរំលោភសិទ្ធិមនុស្ស។
តំណាងអ្នកភូមិថ្មគោល អ្នកស្រី ច្រាយ នីម មានប្រសាសន៍ថា ក្រុមអ្នកភូមិដែលប្រឈមនឹងការបាត់បង់ផ្ទះសំបែង មានគម្រោងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស និងពិភាក្សាចែករំលែកបទពិសោធន៍ក្នុងបញ្ហាដីធ្លីនៅថ្ងៃទី៨ ខែធ្នូ។
អ្នកស្រីបន្តថា អ្នកស្រីបានដាក់លិខិតជូនដំណឹងទៅកាន់អាជ្ញាធរពីការជួបជុំគ្នាកាលពីព្រឹកថ្ងៃទី៣០ វិច្ឆកា ប៉ុន្តែល្ងាចថ្ងៃដដែល ចៅសង្កាត់ចោមចៅ បែរជាចេញលិខិតមិនអនុញ្ញាតឲ្យពួកគាត់ជួបជុំគ្នាឡើយ ដោយតម្រូវឲ្យពលរដ្ឋទាំងនោះសុំច្បាប់អនុញ្ញាតទៅសាលារាជធានីភ្នំពេញ៖ «ខ្ញុំធ្វើពិធីហ្នឹង គឺសិទ្ធិមនុស្ស ១០ ធ្នូ ចេញបោះត្រាពីចៅសង្កាត់ សុត សាត ដោយថា គាត់មិនអនុញ្ញាតឲ្យធ្វើកម្មវិធីនេះទេ ត្រូវសុំសាលារាជធានីសិន។ ខ្ញុំគិតថា ជាការរំលោភសិទ្ធិខ្ញុំមួយដែរ»។
អ្នកស្រី ច្រាយ នីម បន្តថា បើទោះជាអាជ្ញាធរមិនអនុញ្ញាតក៏ដោយ គម្រោងរបស់អ្នកភូមិក្នុងការជួបជុំគ្នា នឹងមិនមានការប្រែប្រួលឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅសង្កាត់ចោមចៅ ដើម្បីសុំការពន្យល់បានទេ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២។
ទោះយ៉ាងណាក្តី ក្នុងលិខិតដែលចុះហត្ថលេខាដោយចៅសង្កាត់ចោមចៅ លោក សុត សាត ផ្ញើទៅឲ្យតំណាងអ្នកភូមិ បានសរសេរថា អាជ្ញាធរសង្កាត់មិនអនុញ្ញាតឲ្យអ្នកភូមិរៀបការជួបជុំប្រារព្ធពិធីនៅថ្ងៃទី០៨ ធ្នូ នោះឡើយ ដោយលើកហេតុផលថា អាជ្ញាធរមូលដ្ឋានទាមទារឲ្យមានការអនុញ្ញាតពីសាលារាជធានីជាមុនសិន។
យ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមណា មានប្រសាសន៍ថា ពលរដ្ឋមានសេរីភាពគ្រប់គ្រាន់ក្នុងការជួបជុំគ្នាដើម្បីពិភាក្សាលើបញ្ហាណាមួយដោយមិនចាំបាច់មានការអនុញ្ញាតពីអាជ្ញាធរឡើយ។
កញ្ញាបន្តថា បើសិនអាជ្ញាធរព្យាយាមប្រើប្រាស់មធ្យោបាយរារាំងការជួបជុំរបស់ពលរដ្ឋ បានន័យថា អាជ្ញាធរនោះ រំលោភសិទ្ធិសេរីភាពក្នុងការជួបជុំ ឬបញ្ចេញមតិរបស់ពលរដ្ឋ៖ «ការបដិសេធដូចជារំលោភសិទ្ធិសេរីភាពក្នុងការជួបជុំរបស់ពួកគាត់»។
ពលរដ្ឋសហគមន៍ថ្មគោលរស់នៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិ ចាប់ផ្ដើមតវ៉ាបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ កាលពីចុងខែកក្តដា បានចេញលិខិតបញ្ជាឲ្យពលរដ្ឋរុះរើលំនៅឋានដោយមិនមានសំណងសមរម្យ។ ពលរដ្ឋភូមិថ្មគោល ៨នាក់ ក៏ត្រូវបាននគរបាលចាប់ឃុំខ្លួនជិតមួយយប់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ដោយសារពួកគាត់សរសេរសញ្ញាប្រកាសអាសន្ន អេស.អូ.អេស (SOS) លើដំបូលផ្ទះ ដង្ហោយហៅលោក បារ៉ាក់ អូបាម៉ា (Barack Obama) ឲ្យជួយពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។