សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ឃាត់​ខ្លួន​ជំទប់​ឃុំ​បក្ស​សិទ្ធិ​មនុស្ស​ពី​បទ​មនុស្ស​ឃាត

ប៉ូលិស​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​សីហា ឆ្នាំ​២០១២ បាន​ចាប់​ខ្លួន​លោក សូត ចាន់ថា ជំទប់​ទី​២ ឃុំ​ត្រពាំងជោ ភ្លាមៗ​មក​ពី​គណបក្ស សិទ្ធិ​មនុស្ស បន្ទាប់​ពី​ជំទប់​ឃុំ​រូប​នោះ​បាន​វាយ​ទៅ​លើ​មន្ត្រី​ជំនួយ​ការ​ឃុំ​ត្រពាំងជោ បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​បរិវេណ​សាលា​ស្រុក​ឱរ៉ាល់ បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​គ្នា។

0:00 / 0:00

ជម្លោះ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​គណបក្ស សិទ្ធិ​មនុស្ស នៅ​ក្នុង​បរិវេណ​សាលា​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា បណ្ដាល​ឲ្យ​ជំទប់​ទី​២ គណបក្ស​សិទ្ធិ​មនុស្ស​ទើប​ចូល​កាន់​តំណែង ក្លាយ​ជា​ជន​ល្មើស រីឯ​ជំនួយ​ការ​ឃុំ​ត្រពាំងជោ ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្លាប់។

សាក្សី​ក្នុង​ហេតុការណ៍​ជម្លោះ​នោះ លោក ស្វាយ លី ជំទប់​ទី​២ ឃុំ​រស្មីសាមគ្គី មក​ពី​គណបក្ស សម រង្ស៊ី ស្រុក​ឱរ៉ាល់ បាន​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា អាជ្ញាធរ​ស្រុក​ឱរ៉ាល់ បាន​អញ្ជើញ​មន្ត្រី​ទើប​ជាប់​ឆ្នោត​ថ្មី របស់​ក្រុម​ប្រឹក្សា​ឃុំ ទៅ​បង្រៀន​នៅ​សាលា​ស្រុក អំពី​ការងារ​ដែល​ត្រូវ​បម្រើ​ប្រជាជន​ក្នុង​ឃុំ​នីមួយៗ។ លោក​ថា នៅ​ម៉ោង​ជាង​១រសៀល ពេល​សម្រាក​អាហារ​ថ្ងៃ​ត្រង់​រួច លោក លី ម៉ៅ ជំនួយ​ការ​ឃុំ​ត្រពាំងជោ បាន​ជួយ​ប្រាប់​ទៅ​លោក សូត្រ ចាន់ថា ដែល​ជា​ជំទប់​ទី​២ របស់​គណបក្ស សិទ្ធិ​មនុស្ស ទើប​ជាប់​ឆ្នោត​ថ្មី ពី​របៀប​បំពេញ​បែប​បទ​ក្នុង​ការ​បំពេញ​លិខិត​អត្រានុកូលដ្ឋាន។

មួយ​សន្ទុះ​ក្រោយ​មក លោក​បាន​ឃើញ​អ្នក​ទាំង​ពីរ​វាយ​តប់​គ្នា ហើយ​លោក លី ម៉ៅ ជំនួយ​ការ​ឃុំ ដួល​ស្ដូក​លើ​ដី​ក្នុង​បរិវេណ​សាលា​ស្រុក​តែ​ម្តង៖ «រឿង​ធ្វើ​អត្រានុកូលដ្ឋាន​នោះ ជជែក​គ្នា​ហើយ ដល់​អ៊ីចឹង ជំនួយ​ការ​ស្មៀន​ហ្នឹង​ប្រមាថ​មើល​ងាយ​គាត់​ច្រើន​ពេក ហើយ​អ៊ីចឹង គាត់​ទ្រាំ​អត់​បាន ក៏​គាត់​ទៅ​ដាក់​ត្រូវ​មួយ​ដៃ​ចំ​មុខ ដល់​អ៊ីចឹង​អ្នក​ជំនួយ​ការ​ស្មៀន មក​កន្ត្រោង​ក​អាវ​គាត់ ប្រតាយ​គ្នា​ទៅ ដល់​អ៊ីចឹង គាត់​ក៏​វ៉ៃ​ទៀត​ទៅ ដល់​ពេល​ហើយ​រាង​ទន់​ទៅ គាត់​ទាញ​មក​អុក​មួយ​ជង្គង់​ថែម​មួយ​ដៃ ដួល​ទៅ​ដី​បាត់​ទៅ»

ជំទប់​ទី​១ ឃុំ​រស្មីសាមគ្គី របស់​គណបក្ស សិទ្ធិ​មនុស្ស លោក ជា សំអូន អះអាង​ថា គាត់​បាន​ឭ​ថា លោក លី ម៉ៅ ជា​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ បាន​ជេរប្រមាថ​លោក សូត្រ ចាន់ថា ជំទប់​ទី​២ នោះ នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន ដែល​សម្រាក​ហូប​បាយ ទើប​ជម្លោះ​កើត​ឡើង៖ «គណបក្ស​យើង ដែល​បង្រួប​បង្រួម​គ្នា​ហើយ យើង​ធ្វើ​អ៊ីចឹង គឺ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​អាក្រក់​មួយ​នៅ​ក្នុង​គណបក្ស ខ្ញុំ​សោក​ស្ដាយ​ដែរ»

មេ​ឃុំ​ត្រពាំងជោ លោក ទេព ណែម ថ្លែង​ថា ជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង បណ្ដាល​ឲ្យ​មន្ត្រី​ក្នុង​ឃុំ​ពីរ​នាក់ ក្នុង​នោះ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​ក្លាយ​ជា​អ្នក​ទោស ព្រោះ​តែ​មិន​ចេះ​អត់​ឱន​ឲ្យ​គ្នា។

លោក​ថា ជំទប់​ទី​២ ឈ្មោះ សូត្រ ចាន់ថា ដែល​ប៉ូលិស​បាន​ចាប់​ខ្លួន​ភ្លាមៗ​ក្រោយ​រឿង​ហេតុ​វាយ​តប់ ទើប​ចូល​កាន់​តំណែង ក្នុង​សាលា​ឃុំ​ត្រពាំងជោ បាន​ប្រមាណ​ជិត​៣ខែ។ លោក​បន្ត​ថា ក្នុង​នាម​ជា​អ្នក​រួម​ការងារ លោក​សោក​ស្ដាយ​មន្ត្រី​ទាំង​ពីរ​នាក់​នោះ​ណាស់។ លោក​អះអាង​ថា ជំទប់​ទី​២ គណបក្ស សិទ្ធិ​មនុស្ស ឈ្មោះ សូត្រ ចាន់ថា ធ្លាប់​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​មក​ហើយ និង​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កន្លង​មក​ដែរ។

លោក​ថា​ជំទប់​ទី​២ នោះ ត្រូវ​សមត្ថកិច្ច​ស្រុក​ឱរ៉ាល់ ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ក្រោយ​ការ​ប្រព្រឹត្ត​វាយ​សម្លាប់​ជំនួយ​ការ​ឃុំ​ត្រពាំងជោ នៅ​ថ្ងៃ​ដដែល​នោះ៖ «ជា​ប្រវត្តិ​របស់​វា​តាំង​ពី​ដើម​មក គឺ​វា​សម្លាប់​ប្រពន្ធ វា​កាប់​ប្រពន្ធ​ចោល កាល​ពី​ឆ្នាំ​៨០ ទសវត្ស ៨០​ហ្នឹង គេ​ដាក់​គុក​ប្រហែល​ជាង​១០ឆ្នាំ ទើប​រួច ដែល​សម្ដេច​តា​ចូល​ស្រុក​ប្រហែល​ឆ្នាំ​៩៣ ឬ​៩៤ ទេ»

ស្នងការ​ខេត្ត​កំពង់ស្ពឺ លោក កែវ ពិសី កំពុង​ប្រជុំ មិន​អាច​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​សុក្រ​ទី​៣ ខែ​សីហា។

ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក យិន យឿន ថ្លែង​ថា កំហុស​វាយ​តប់​រវាង​ជំទប់​ទី​២ គណបក្ស សិទ្ធ​មនុស្ស ឃុំ​ត្រពាំងជោ មិន​ប៉ះពាល់​ប្រជាប្រិយភាព​របស់​គណបក្ស​នយោបាយ​ទេ ព្រោះ​ជា​រឿង​ទំនាស់​បុគ្គល។

ប៉ុន្តែ​បុគ្គលិក​សមាគម​ការពារ​សិទ្ធ​មនុស្ស អាដហុក ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន ថាវី ថ្លែង​ថា ទង្វើ​របស់​ជំទប់​ទី​២ នោះ អាច​ប៉ះពាល់​ដល់​មុខ​មាត់ របស់​គណបក្ស​នយោបាយ​ដែរ ប្រសិន​បើ​តុលាការ និង​សមត្ថកិច្ច រក​ឃើញ​ថា​ជំទប់​រូប​នោះ​ពិត​ជា​បាន​សម្លាប់​ជំនួយ​ការ​ឃុំ ដែល​ធ្វើ​ការ​ជាមួយ​គ្នា​នោះ​ពិត​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។