អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ចាប់​ពលរដ្ឋ​ដែល​ព្យាយាម​គ្រប់​គ្រង​អតីត​ដី​ពួក​គាត់

ប្រជាពលរដ្ឋ​យ៉ាង​តិច​១៣​នាក់ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹងត្រែង ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​ព្យាយាម​បោះ​បង្គោល​លើ​អតីត​ដី​របស់​ពួក​គាត់ ដែល​រដ្ឋ​បាន​ដក​ហូត​ដើម្បី​សុំ​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជរដ្ឋាភិបាល​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់។
ដោយ រដ្ឋា វីសាល
2012-07-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សាក្សី​ដែល​បាន​រត់​រួច​ពី​ការ​ចាប់​ខ្លួន​ឈ្មោះ ប្រាក់ សូផាត នៅ​ថ្ងៃ​ពុធ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កង​កម្លាំង​រាជ​អាវុធហត្ថ និង​នគរបាល​ជាង ៥០​នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​ទី​ដែល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ បាន​នាំ​គ្នា​ចូល​មក​ធ្វើ​របង​លើ​អតីត​ដី​របស់​ពួក​គាត់ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧ នៅ​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ ពី​ច្រក​ទ្វារ​អន្តរជាតិ​ដុងក្រឡ ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ហើយ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​មាន​ស្ត្រី និង​បុរស​ជាង​១០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ មាស សុគន្ធ មាន​ឋានៈ​ជា​សមាជិក​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នាំ​មក​ឃុំ​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត។

លោក​បន្ត​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​បោះ​បង្គោល​ព្រំ​ដី​ឡើង​វិញ​នោះ គឺ​ដោយ​សារ​តែ​ដី​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ដក​ហូត កាល​ពី​ឆ្នាំ​២០០៧ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​មួយ​ឈ្មោះ បូណារីតា ហើយ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​ពី​គោល​នយោបាយ​ចែក​ដី ដែល​រដ្ឋ​បាន​ដក​ហូត​ជូន​ប្រជាពលរដ្ឋ​វិញ ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​បោះ​បង្គោល​ព្រំ​ដី​ដើម្បី​សុំ​ឲ្យ​ក្រុម​និស្សិត​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់៖ «ខ្ញុំ​កំពុង​កាន់​ម៉ាស៊ីន​កាត់​ស្មៅ​ហ្នឹង ដល់​ពេល​នេះ គេ​ចាប់​យើង​តែ​ម្តង តែ​ខ្ញុំ​រត់​រួច ខ្ញុំ​រត់​ចូល​ព្រៃ។ ព្រោះ​កាល​នោះ ក្រុមហ៊ុន​ដក​យក​ពី​យើង​ម្ចាស់​ហ្នឹង ឈ្មោះ ពន្លឺ ក្មួយ ឡូយ សូផាត។ ឮ​សម្ដេច​គាត់​និយាយ​ថា ចែក​ឲ្យ​ប្រជាពលរដ្ឋ​វិញ ក៏​ខ្ញុំ​ទៅ​ធ្វើ គេ​ចាប់​ពួក​ខ្ញុំ​តែ​ម្តង»

ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧ ពី​ក្រុង​ស្ទឹងត្រែង ទៅ​ដល់​ព្រំដែន​ប្រទេស​ឡាវ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​មក ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​បាន​ចូល​ទៅ​កាប់​រាន​ព្រៃ​ឈើ​យក​ដី​ជា​កម្មសិទ្ធិ ហើយ​ខ្លះ​ទៀត​បាន​ទិញ​លក់​ដី​នោះ​បន្ត​គ្នា ដោយ​មាន​មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​នោះ។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ អាជ្ញាធរ​ខេត្ត​បាន​ដក​ហូត​ដី​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ ក្រោម​គោល​នយោបាយ​ដក​ហូត​ដី​ដែល​បាន​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់។

វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​កក្កដា នេះ មិន​អាច​ទាក់​ទង​អភិបាល​ក្រុង​ស្ទឹងត្រែង និង​អភិបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​អធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​នោះ​ទេ។

យ៉ាង​នេះ​ក្តី អភិបាល​រង​ក្រុង​ស្ទឹងត្រែង លោក កៅ ធៀម ទទួល​ស្គាល់​ថា កង​កម្លាំង​នៃ​អាជ្ញាធរ​ខេត្ត មាន​គម្រោង​ចុះ​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ផ្អើល​នាំ​គ្នា​ទៅ​ចាប់​ដី​នោះ​មែន ក៏​ប៉ុន្តែ​លោក​បដិសេធ​ថា​មិន​បាន​ដឹង​លម្អិត​ពី​ករណី​នេះ​ទេ៖ «ខ្ញុំ​ឮ ខ្ញុំ​ដឹង​ថា ពី​ម្សិល ខាង​ប៉ូលិស​មាន​ប៉េអិម គ្រោង​ចុះ​ទៅ​ពិនិត្យ​ដី ដែល​ប្រជាពលរដ្ឋ​គាត់​ផ្អើល​ចាប់​ដី​ហ្នឹង​ណា! ក្រុម​ការងារ​របស់​ខេត្ត រឿង​ថា​យ៉ាង​ម៉េចៗ ខ្ញុំ​អត់​ដឹង​ផង ព្រោះ​ខ្ញុំ​អត់​បាន​ចុះ​ទៅ ខ្ញុំ​ជាប់​ប្រជុំ​នៅ​ខេត្ត»

បុគ្គលិក​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១១ ខែ​កក្កដា នេះ អាជ្ញាធរ​ខេត្ត​បាន​បន្ត​ឃុំ​ខ្លួន​មនុស្ស​៥​នាក់ ក្នុង​នោះ​មាន​លោកស្រី មាស សុគន្ធ និង​ស្វាមី។ ក្រៅ​ពី​នោះ ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ។

លោក​បន្ត​ថា តាម​ការ​អង្កេត​របស់​លោក​ឃើញ​ថា អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន សុទ្ធ​សឹង​ជា​អតីត​ម្ចាស់​ដី​ដែល​អាជ្ញាធរ​ខេត្ត​បាន​ដក​ហូត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន៖ «ក្រោយ​ពី​ឮ​សម្ដេច​និយាយ​អញ្ចឹង​មក ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​បោះបង់​ដី​ចោល​យូរ​ហើយ អញ្ចឹង​គាត់​ចាប់​ផ្ដើម​ទៅ​ធ្វើ។ តាម​ព័ត៌មាន​ឮ​មក ថ្ងៃ​ដែល​ចុះ​ទៅ​ខាង​ដុងក្រឡ ដី​ដែល​មាន​ទំនាស់​ហ្នឹង តាម​មតិ​ប្រជាពលរដ្ឋ​ដែល​គាត់​អះអាង​មក​ថា ប្រហែល​ជា​មាន​ការ​លំអៀង​ថា​ខាង​ក្រុម​និស្សិត​ហ្នឹង ដូច​ជា​កាន់​ជើង​ក្រុមហ៊ុន បូណារីតា ទៅ​ជិះ​ឡាន ជិះ​អី»

រាជរដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សម្រេច​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​ប្រជាពលរដ្ឋ ដើម្បី​ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​គោលការណ៍​បី​ចំណុច រួម​មាន ទីមួយ ដី​នៅ​ក្នុង​តំបន់​ព្រៃ​សម្បទាន។ ទីពីរ ដី​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ទីបី ដី​តំបន់​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន និង​ក្នុង​ដី​រដ្ឋ​ដែល​មាន​ដីកា​ដក​ហូត​ពី​អាជ្ញាធរ​រាជធានី-ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល