កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ថ្មី​មួយ​ទៀត​មាន​ឥទ្ធិពល​ដូច​ព្យុះ​កេតសាណា

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ព្យុះ​ភ្លៀង​បង្ក​ដោយ​ព្យុះ​មាន​ឈ្មោះ​ណុកថិន ដែល​នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដល់​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១១។

0:00 / 0:00

មន្ត្រី​​​ជំនាញ បាន​ឲ្យ​ដឹង​ថា ព្យុះ​ណុកថិន (NOCK-TEN) បច្ចុប្បន្ន​កំពុង​មាន​សកម្មភាព​នៅ​ក្នុង​សមុទ្រ​ចិន និង​មាន​ឥទ្ធិពល​មិន​​អន់​​​ជាង​ព្យុះ​កេតសាណា ដែល​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០០៩ នោះ​ទេ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​ជូន​ដំណឹង​ថា ព្យុះ​​ឈ្មោះ ណុកថិន ដែល​​​កើត​មាន​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក កាល​ពី​ម៉ោង ១​អធ្រាត្រ​ថ្ងៃ​ទី​២៧​ ខែ​កក្កដា បាន​ធ្វើ​ដំណើរ​ឆ្លង​​កាត់​​ប្រទេស​ហ្វីលីពីន ឆ្ពោះ​ទៅ​ភាគ​ពាយ័ព្យ ហើយ​បច្ចុប្បន្ន​​​កំពុង​ស្ថិត​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ត្រង់​ចំណុច​ខ្សែ​ស្រប​ទី​១១៦ អង្សា​៣ នៃ​រយៈ​បណ្ដោយ​ខាង​កើត និង​ខ្សែ​វ័ណ្ឌ​ទី​១៨ អង្សា​១ នៃ​រយៈ​ទទឹង​ខាង​ជើង។

មន្ត្រី​ជំនាញ​ក្រសួង​ធនធាន​ទឹក​បាន​ឲ្យ​ដឹង​ថា ព្យុះ​ណុកថិន នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​កោះ​ហៃណាំ ឆ្ពោះ​មក​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ភាគ​ខាង​ជើង ក្នុង​ល្បឿន ២៧​គីឡូម៉ែត្រ​ក្នុង ១​ម៉ោង។ ហើយ​ថា ព្យុះ​នេះ​នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា និង​អាង​ទន្លេ​មេគង្គ​លើ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា ដល់​​ថ្ងៃ​អង្គារ ទី​២ ខែ​សីហា ឆ្នាំ​២០១១។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​ព្យុះ​ណុកថិន នឹង​មាន​ឥទ្ធិពល​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង និង​ខ្ពង់រាប​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន មាន​ខ្យល់​ព្យុះ និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ឧត្តរមានជ័យ ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ខេត្ត​មណ្ឌលគិរី និង​រតនគិរី។ ក្រៅ​ពី​នេះ នៅ​តំបន់​វាល​ទំនាប​កណ្ដាល​ខ្យល់​ក៏​មាន​ល្បឿន​បក់​បោក​ខ្លាំង និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​សៀមរាប បន្ទាយមានជ័យ កំពង់ចាម និង​ខេត្ត​​​កំពង់ធំ។

រី​ឯ​តំបន់​មាត់​សមុទ្រ​ក៏​មាន​ភ្លៀង​ច្រើន ល្បឿន​ខ្យល់​ខ្លាំង និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប ព្រម​ទាំង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤។ ឥទ្ធិពល​នៃ​ព្យុះ​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ជន់​ឡើង​ផង​ដែរ។

លោក កាំង វិចិត្រ ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​១​សប្ដាហ៍​មក​នេះ ខេត្ត​ព្រះសីហនុ មាន​ភ្លៀង និង​ខ្យល់​បោកបក់​មក​ខ្លាំង​ជា​បន្ត និង​បាន​នាំ​ឲ្យ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​ដួល​រលំ និង​បាន​បណ្ដាល​ឲ្យ​រង​របួស​ដល់​មនុស្ស។ ប៉ុន្តែ​លោក​ថា ឥទ្ធិពល​នៃ​ខ្យល់​ព្យុះ​ឈ្មោះ​ណុកថិន ដែល​នឹង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា រូប​លោក​នឹង​​​ផ្សព្វ​ផ្សាយ​បន្ត​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ដឹង ពិសេស​អាជីវករ និង​ពលរដ្ឋ​រស់​នៅ​តាម​មាត់​សមុទ្រ​ឲ្យ​ប្រុង​ជើងការ​ទុក​ជា​មុន។

ដោយ​ឡែក អ្នកស្រី រ័ត្ន តានា ពលរដ្ឋ​មាន​លំនៅឋាន​នៅ​ខេត្ត​ក្រចេះ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​កក្កដា ភ្លៀង និង​ខ្យល់​បោក​បក់​នៅ​បន្ត​កើត​មាន ប៉ុន្តែ​មិន​មាន​ព្យុះ​​​ខ្លាំង​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត ឬ​ក៏​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ។

​យ៉ាង​ណា​ក៏ដោយ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក បាន​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែន​ដី និង​ប្រជាពលរដ្ឋ​​រស់​នៅ​តាម​​ដង​ទន្លេ​មេគង្គ និង​តាម​បណ្ដា​ខេត្ត​ដូច​បាន​ជម្រាប​ជូន ត្រូវ​បង្កើន​ការ​​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​​ដែល​អាច​កើត​មាន​​ជាយថាហេតុ។

មន្ត្រី​ជំនាញ​ក្រសួង​ធនធាន​ទឹក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ ព្យុះ​ទឹក​ភ្លៀង​បាន​​ជន់​លិច​ខេត្ត​ក្រុង​ចំនួន ១៣ ក្នុង​ប្រទេស​​កម្ពុជា និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់។ ជំនន់​​ទឹក​ភ្លៀង​នេះ​ក៏​បាន​បង្ក​ការ​លិចលង់​ផ្លូវ​ថ្នល់ លំនៅឋាន​ពលរដ្ឋ សាលារៀន រលំ​​ផ្ទះ​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង និង​បាន​បំផ្លាញ​​សន្ទូង​ស្រូវ​ពលរដ្ឋ​អស់​រាប់​ពាន់​ហិកតារ។

ឥទ្ធិពល​ព្យុះ​នេះ​ដែរ ​កាល​ពី​ឆ្នាំ​២០០៩ ព្យុះ​ឈ្មោះ​កេតសាណា ក៏​បាន​បោក​បក់​មក​លើ​ប្រទេស​កម្ពុជា នាំ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ ​​គិត​ជា​ទឹក​ប្រាក់​អស់​ជាង ១០០​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់៕