អ្នកស្រី មាស សុគន្ធ និង​ស្វាមី​ត្រូវ​តុលាការ​ខេត្ត​ស្ទឹងត្រែង​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ

បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ខែ​រួច​មក អ្នកស្រី មាស សុគន្ធ ដែល​មាន​តួនាទី​ជា​សមាជិក​ក្រុម​អ្នក​ច្បាប់ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ស្វាមី​ឈ្មោះ គុជ ទ្រីសុវណ្ណ ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ទោ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។

0:00 / 0:00

តុលាការ​នឹង​កោះ​ហៅ​អ្នកស្រី មាស សុគន្ធ និង​លោក គុជ ទ្រីសុវណ្ណ ឲ្យ​ចូល​ខ្លួន​ទៅ​ក្នុង​សវនាការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ប្រធាន​តុលាការ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក អៀង គីមថុល នៅ​ថ្ងៃ​ទី​៣១ សីហា មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​ស្ទឹងត្រែង បាន​សម្រេច​ដោះលែង​អ្នកស្រី មាស សុគន្ធ និង​ស្វាមី​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។

លោក​បន្ត​ថា អ្នកស្រី មាស សុគន្ធ និង​ស្វាមី​ដែល​ជាប់​ចោទ​ពី​បទ​បាន​សម្លុត​គម្រាម និង​ជ្រៀត​ជ្រែក​កិច្ចការ​មន្ត្រី​រាជការ​សាធារណៈ​នោះ នឹង​ត្រូវ​ចូល​ខ្លួន​មក​កាន់​តុលាការ​សាជាថ្មី​ម្តង​ទៀត តាម​ការ​កោះ​ហៅ​របស់​តុលាការ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក អៀង គីមថុល បញ្ជាក់​ថា ការ​ឲ្យ​សម្រេច​ឲ្យ​ជន​សង្ស័យ​នៅ​ក្រៅ​ឃុំ​របស់​តុលាការ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ភាគី​ណា​មួយ​ឡើយ តែ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ខេត្ត​ស្ទឹងត្រែង។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​អ្នកស្រី មាស សុគន្ធ និង​ស្វាមី ព្រម​ទាំង​មេធាវី​របស់​អ្នក​ទាំង​ពីរ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏​ដោយ មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី មាស សុគន្ធ និង​ស្វាមី គឺ​លោក គា ឆាយ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា សេចក្ដី​សម្រេច​ចោទ​ប្រកាន់​មក​លើ​កូន​ក្តី​របស់​លោក​ពី​ស្ថាប័ន​អយ្យការ គឺ​មិន​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់ ហើយ​បទ​ចោទ​ប្រកាន់​ទៀតសោត ក៏​មិន​ស្រប​ទៅ​នឹង​អង្គហេតុ​នៃ​រឿង​ដែល​បាន​កើត​ឡើង​នោះ​ទេ។

លោក គា ឆាយ៖ «ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ជ្រៀតជ្រែក​ការងារ​មន្ត្រី​សាធារណៈ ដូច​វា​មិន​ត្រឹមត្រូវ​ទេ ដោយ​សារ​និស្សិត​មិន​មែន​ជា​មន្ត្រី​រាជការ​សាធារណៈ​ទេ មិន​មែន​ជា​អ្នក​ដែល​ទទួល​អាណត្តិ​ដោយ​សារ​ការ​បោះ​ឆ្នោត​អ្វី​ដែរ។ ព្រោះ​ក្នុង​ច្បាប់ ទាល់​តែ​ជន​រងគ្រោះ​ជា​មន្ត្រី​រាជការ​សាធារណៈ ឬ​ជា​អ្នក​ទទួល​អាណត្តិ​ពី​ការ​បោះ​ឆ្នោត ទើប​គាត់​មាន​ទោស។ គេ​ចោទ​ប្រកាន់​គាត់​ពី​បទ​បំផុស​បំផុល​ទេ​ដំបូង គេ​ចេញ​ផ្សាយ​តាម​សារព័ត៌មាន បំផុស​បំផុល​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្នុង​ចម្លើយ​ប្រជាពលរដ្ឋ​ទាំង​អស់​អត់​មាន​ថា បាន​ស្គាល់​លោក​ជំទាវ​នោះ​ទេ ហើយ​អ្នក​ខ្លះ​ថា បាន​ស្គាល់​ដែរ ប៉ុន្តែ​មិន​មែន​មក​ហ្នឹង​តាម​បញ្ជា​របស់​លោក​ជំទាវ​ដែរ»

មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ហូ សំអុល មាន​ប្រសាសន៍​ថា ការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​តុលាការ ជា​ការ​ធ្វើ​ឡើង​តាម​នីតិវិធី​នៃ​ក្រមព្រហ្មទណ្ឌ។ លោក​បន្ត​ថា ការ​សម្រេច​ចុង​ក្រោយ បន្ទាប់​ពី​តុលាការ​បើក​សវនាការ ទើប​អាច​បញ្ជាក់​ថា​អ្នកស្រី មាស សុគន្ធ និង​ស្វាមី មាន​ទោស ឬ​គ្មាន​ទោស៖ «គាត់​មិន​ទាន់​អាច​រួច​ខ្លួន​ទេ ពេល​បើក​សវនាការ ទើប​ដឹង​ថា​ទោសទណ្ឌ​គាត់​មាន​ប៉ុណ្ណា»

ស្ត្រី​មាន​តួនាទី​ជា​មន្ត្រី​ក្នុង​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​អ្នកស្រី មាស សុគន្ធ និង​ស្វាមី ត្រូវ​ឃុំ​ខ្លួន​បន្ទាប់​ពី​កង​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​៥០នាក់ ចុះ​បង្ខំ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ស្រី​ប្រុស​១៣នាក់ ដែល​ចូល​កាន់​កាប់​ដីធ្លី​នៅ​តំបន់​ដុមក្រឡ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា។ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា អ្នកស្រី មាស សុគន្ធ និង​ស្វាមី បាន​ទាស់​សម្ដី​គ្នា​ជាមួយ​ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី។

អ្នក​តាម​ដាន​បញ្ហា​សង្គម​មើល​ឃើញ​ថា បន្ទាប់​ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី រដ្ឋាភិបាល​ប្រើប្រាស់​តុលាការ​ចាត់​ការ​ចំពោះ​អ្នក​ជំទាស់​នឹង​ការ​បំពេញ​ការងារ​របស់​និស្សិត​ទាំង​នោះ ពីរ​ករណី​មក​ហើយ គឺ​ករណី​ទី១ អ្នកស្រី មាស សុគន្ធ និង​ស្វាមី ចំណែក​ឯ​ករណី​ទី២ គឺ​ចាប់​ខ្លួន​អតីត​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ក្រចេះ ក្នុង​បទ​ចោទ​ប្រកាន់​សម្លុត​គម្រាម និង​ជ្រៀត​ជ្រែក​កិច្ចការ​មន្ត្រី​រាជការ​សាធារណៈ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។