អ្នក​ភូមិ​ក្រ​យា​និងអាជ្ញាធរកំពង់​ធំ​ចរចា​គ្នា​បញ្ចប់​រឿង​ជម្លោះ​ដី​ធ្លី

អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​ភូមិ​ឲ្យ​អ្នក​ភូមិ​ក្រយាទំហំ ​២០ម x ៤០ម និង​ដី​ប្រកប​របរ​កសិកម្ម​ ១​​ហិក​តា ក្នុង​មួយ​​គ្រួសារៗ។ តែ​អ្នក​ភូមិ​ថា​ ចាំ​គិត​មើល​សិន ​ព្រោះ​ដី​ដែល​ចែក​ឲ្យនេះ​ តូច​ជាង​ដី​ដែល​គាត់​មាន​សព្វ​ថ្ងៃ។

0:00 / 0:00

មន្ត្រី​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ និង​តំណាង​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​មាន​វិវាទ​ដីធ្លីនៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ពុធ ​ទី​២ ធ្នូ ឆ្នាំ​២០០៩ ដើម្បី​ស្វែង​រក​យន្តការ​មួយ​ឈាន​ទៅ​បញ្ចប់​ជម្លោះ ។

លោក អ៊ុត សំអន អភិបាលរង​ខេត្ត​កំពង់ធំ​បាន​មាន​ប្រសាសន៍​ ក្រោយ​ពី​បាន​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ​២០នាក់ មក​ពី​​តំបន់​ទំនាស់​ដីធ្លី​នៅ​​ភូមិ​បន្ទាយ​រងៀង​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ដំណោះ​ស្រាយ​អំពី​បញ្ហា​ជម្លោះ​នេះ ដោយ​ផ្ដល់​​ឱកាស​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ទៅ​ពិគ្រោះ​ជាមួយ​ប្រជាពលរដ្ឋ​ដទៃ​ទៀត។

លោក អ៊ុត សំអន ​បន្តថា ៖ «ដោយ​យើង​ទាញ​ហេតុផល​ផ្លូវច្បាប់​ហើយ​នឹង​គោល​នយោ​បាយ​ដោះស្រាយ​ឲ្យ​គាត់​មក​កន្លែង​ថ្មី​មក ហើយ​ពួក​គាត់​ស្តាប់​បាន គាត់​ទទួល​យក​បាន​ប៉ុន្តែ​ដោយ សារ​តែ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ដែល​ឲ្យ​គាត់​មក។ ​និយាយ​ពី​សំណូម​ពរ​អ៊ីចេះ​ដើម្បី​យើង​ដោះ​ស្រាយ​​បាន​ គឺ​គាត់​បាន​សុំ​ពេល​ពីរ​ថ្ងៃ​ដើម្បី​ទៅ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ដឹង​ហើយ​នឹង​ឆ្លើយ​ប្រាប់​យើង​វិញ»

អ្នក​ស្រី ជា ចាន់ថន អាយុ​ ៤៨ឆ្នាំ តំណាង​ប្រជា​ពលរដ្ឋ ដែល​បាន​ចូល​រួម​ប្រជុំនោះ​ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មាន​សេចក្ដី​រីករាយ​ចំពោះ​ការ​ពន្យល់​ដែល​មាន​ហេតុផល​របស់​មន្ត្រី​អាជ្ញាធរ ស្តី​ពី​កន្លែង​ដោះដូរ​ឲ្យ​ទៅ​នៅ​កន្លែង​ថ្មី គឺ​អ្នក​ស្រី​ចង់​បាន​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​ដោយ​អ្នកស្រី​បាន​ថ្លែង​ថា ៖ «មិន​ចង់​រស់​នៅ​ដោយ​ឯកោ​ទេ ចង់​រស់​នៅ​ដូច​គេ​ដូច​ឯង​អ៊ីចឹង​ណា៎!។ ឥឡូវ​បាន​មក​ស្តាប់​គាត់​ពន្យល់​ណែនាំ​​ទៅ ​ក៏មាន​ការស្បាយចិត្ត​ដែរ​។ ប៉ុន្តែ​ចាំ​ដកឃ្លា​ទៅ​ពិភាក្សា​ជាមួយ​បងប្អូន​ អ៊ីចឹង​ណ៎ា!»

​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (ADHOC) ថ្លែង​ថា តំណាង​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​បាន​ថ្លែង​ថា ជំនួប​រវាង​អាជ្ញាធរ​ខេត្ត​កំពង់ធំ​និង​តំណាង​ប្រជា​ពលរដ្ឋ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​កិច្ច​សម្រប​សម្រួល​ពី​សំណាក់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​ដោយ​មាន​ការ​ចូល​រួម​ឃ្លាំ​មើល​ពី​អង្គការ​ ការីតាស និង​អង្គការ លីកាដូ ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដែល​​អាច​​​ឈាន​ទៅ​ដល់​ការ​ព្រមព្រៀង​គ្នា​នៅ​ពេល​ឆាប់ៗ​ខាង​មុខនេះ។

លោក​ ចាន់ សុវ៉េត បញ្ជាក់ថា ៖ «ប្រជា​ពលរដ្ឋ​ទាមទារ​នូវ​លក្ខខណ្ឌ​ សុំ​ឲ្យ​មាន​ការ​បង្កើនដី​ដែល​បាន​ទទួល​ឧទាហរណ៍​ថា អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដី​សម្បទាន​សង្គម​កិច្ច​ ២០​ម៉ែត្រ គុណ​ ៤០​ម៉ែត្រ​ដី​លំនៅ​ឋាន​ ដី​ភោគៈ​មួយ​ហិកតា​ អ៊ីចឹង!​ ពួក​គាត់​សំណូមពរ​ថា​អាច​បង្កើន​សុំ​ឲ្យ​ដី​លំ​នៅ​ឋាន​នេះ​ឲ្យ​ធំ​ជាង​នេះ​បន្តិច​ ​ហើយ​នឹង​ដី​ភោគៈ​ឲ្យ​បាន​ច្រើន​ជាង​នេះ​បន្តិច ​ហើយ​អាជ្ញាធរ​គេ​ទទួល​យក គេ​ទទួល​យក ​មិន​មែន​យក​ទៅ​ដោះស្រាយ​ទេ ទទួល​យក​ទៅ​ពិភាក្សាហើយ​ធ្វើការ​ចរចា​ឡើងវិញ»

ទំនាស់​រវាង​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​បន្ទាយ​រងៀង​ ទាក់​ទង​ទៅ​នឹង​ការ​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ តាន់ បៀន (Tinh Bien) ដើម្បី​អភវឌ្ឍ​ដាំ​ដើម​កៅស៊ូ ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​បី​ឆ្នាំ​កន្លង​ទៅ​ហើយ ដែល​កាល​ពី​ថ្ងៃ​ទី ១៧ វិច្ឆិកា ឆ្នាំ ២០០៩ អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​ដោយ​អ្នក​ស្រុក​បាន​ដុត​គ្រឿង​ចក្រ​ក្រុមហ៊ុន តាន់ បៀន អស់​មួយ​ចំនួន។ រហូត​មក​ដល់​ពេល​នេះ ​ប្រជា​ពលរដ្ឋ ៨​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន៕