បច្ចុប្បន្ននេះ អ្នកទេសចរជាច្រើនដែលបានទៅដល់រមណីយដ្ឋានទឹកឈូ បានរអ៊ូរទាំថា រមណីយដ្ឋាននេះប្រែប្រួលមិនដូចមុនទេ។ ទាំងអ្នកលក់ដូរ និងអ្នកទេសចរបានបន្ទោសថា បញ្ហាទាំងនេះបណ្ដាលមកពីការបង្កើតឲ្យមានវារីអគ្គិសនីនៅក្បែរតំបន់នេះ។
អ្នកទេសចរណ៍មួយក្រុមដែលបានធ្វើដំណើរពីភ្នំពេញ មកដល់រមណីយដ្ឋានទឹកឈូ បានសម្ដែងការភ្ញាក់ផ្អើលនៅពេលដែលពួកគេចុះពីជម្រាលថ្មមកដល់ខាងក្រោម ឃើញទឹកមានសភាពរីងស្ងួត និងមានដុំថ្មជាច្រើនលិចផុសឡើងពីផ្ទៃទឹក។
ខ្សែទឹកហូរខ្មួលខ្មាញ់បោកប៉ប្រាស់នឹងថ្មដា បញ្ចេញសំឡេងសន្ធឹកទឹកហូរដែលគេធ្លាប់ឮជាច្រើនទសវត្សរ៍មកហើយនោះ ឥឡូវនេះលែងមានទៀតហើយ។ នៅតំបន់រមណីយដ្ឋានទឹកហូរ ឬគេអាចនិយាយបានថា ទឹកឈូមានសល់តែឈ្មោះប៉ុណ្ណោះ។
អ្នកទេសចរមួយរូបដែលទើបតែងើបពីងូតទឹកឈូ លោក ផល្លា ថ្លែងថា ជាញឹកញាប់ដែលលោកបានមកលេងកម្សាន្តនៅរមណីយដ្ឋាននេះបានកត់សម្គាល់ថា ទឹកក្នុងរមណីយដ្ឋាននេះមានសភាពស្ងាត់ និងសោះកក្រោះជាងមុន៖ «ឥឡូវខ្ញុំចប់ទៅ ខ្ញុំទៅកំពង់សោមវិញឥឡូវ (សើច) ទៅដេកលេងមួយយប់ទៀត។ ...កាលមុនមានទឹកច្រើនជាង»។
តំបន់ទឹកឈូដែលធ្លាប់តែលឺសំឡេងទឹកហូរបែកខ្ចាយនោះ ឥឡូវលឺសូរតែខ្យល់ និងសំឡេងកូនក្មេងតូចៗភាគច្រើនបាននាំគ្នាចុះងូតទឹកយ៉ាងសប្បាយរីករាយ។

លោកស្រី សារិ មកពីក្រុងតាខ្មៅ ខេត្តកណ្ដាល និយាយថា នេះជាលើកទី១ហើយដែលគាត់បានមកស្គាល់រមណីយដ្ឋានទឹកឈូនេះ៖ «ចាស! ខ្ញុំទើបតែមកមកដល់ឃើញអត់សូវមានទឹក។ ស្រួលក្មេងងូតលេងដែរហ្នឹង អត់សូវមានទឹកអ៊ីចឹង។ លឺគេថា តភ្លើងម៉េចទេខ្ញុំមិនដឹងដែរ។ មកទៅឃើញអត់មានទឹកអ៊ីចឹង លឺគេថា ទឹកឈូសម្បូរទឹកដែរ តែមកដល់អត់សូវមានទឹក»។
បញ្ហានេះមិនមែនមានតែអ្នកទេសចរប៉ុណ្ណោះទេដែររអ៊ូបែបនេះ។ ចំណែកឯអ្នកលក់ដូរក្នុងរមណីយដ្ឋាននេះ ក៏មានអារម្មណ៍ប្រហាក់ប្រហែលគ្នាដែរ។
ស្ត្រីអ្នកលក់អាហារម្នាក់បានបញ្ជាក់ស្រដៀងៗគ្នាថា នេះមកពីការទប់ទឹករបស់ក្រុមហ៊ុនចិន ដែលបានវិនិយោគវារីអគ្គិសនីកំចាយ៖ «ចិនបិទថ្ងៃសៅរ៍ ថ្ងៃអាទិត្យ វាបិទហើយ។ អាហ្នឹងចិនវាធ្វើទំនប់នៅទីនោះ ស្មើខ្មងភ្នំហើយ វាមានអីនៅបាននេះទៀត។ កាលចូលឆ្នាំក៏អ៊ីចឹងដែរ វាអត់បើកផង។ (ខែ សុណង៖ ចុះម៉េចដឹងគេបិទអ៊ំ?) អីមិនដឹងតែវាបិទទឹកហ្នឹងរីងហើយ តែគេបើកវាពេញជ្រោះហ្នឹងហើយ។ ភ្ញៀវរអ៊ូអត់ទឹកមកពីចិន ធ្វើទំនប់ភ្លើងអគ្គិសនីហ្នឹង តាំងពីធ្វើមកអត់ទឹករហូត ឥឡូវបានទឹកមកហើយ គេដាក់កង្ហារ ឥឡូវហ្នឹងបានដំណើរការល្អហើយ តែគ្រាន់តែថា ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អត់បើក»។
រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់ចិន ឈ្មោះ ស៊ីណូហាយដ្រូ (Sinohydro) សាងសង់វារីអគ្គិសនីកំចាយ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃ២០ មីនា ឆ្នាំ២០០៧។ វារីអគ្គិសនីនេះបានបើកឲ្យដំណើរការ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១។
ការសាងសង់ទំនប់នេះគេបានចំណាយប្រាក់សរុបជាង ២៨០លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់ចំនួន ៤ឆ្នាំ ដើម្បីធ្វើអាជីវកម្ម ៤០ឆ្នាំ។ ការសាងសង់វារីអគ្គិសនីកំចាយនេះ បានធ្វើឲ្យអ្នកទេសចរមកកម្សាន្តរមណីយដ្ឋានទឹកឈូរអ៊ូរទាំថា តំបន់ទេសចរណ៍ធម្មជាតិល្បីល្បាញ សំបូរទឹកគ្រប់រដូវកាល ទឹកថ្លាល្អ និងត្រជាក់ ប៉ុន្តែឥឡូវបែរជាខ្សត់ទឹកទៅវិញ។
លោក ឈុន ហៀង មកពីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហានេះមន្ទីរទេសចរណ៍គួរតែយកចិត្តទុកដាក់ និងជំរុញឲ្យក្រុមហ៊ុនវារីអគ្គិសនីទទួលខុសត្រូវក្នុងការបង្ហូរទឹកឲ្យបានច្បាស់លាស់៖ «អ៊ំអត់សូវដឹងថា គោលការណ៍គេធ្វើវារីអគ្គិសនីអីដែរហ្នឹងណា ប៉ុន្តែមករាល់ឆ្នាំទឹកឡើងបែកខ្ចាយ នាំចៅ នាំក្មួយអីមកលេង គ្រាន់តែមកឲ្យស្គាល់រមណីយដ្ឋានថា នេះហើយទឹកឈូ ដល់មកអត់ឃើញមានទឹក ខ្ញុំក៏ត្រឡប់ទៅភ្នំពេញ វិញឥឡូវ។ រមណីយដ្ឋានយើងធ្លាប់តែមានទឹកឈូឆ ដល់ពេលអត់មានទឹក មន្ទីរទេសចរណ៍គួរគិតគូររមណីយដ្ឋាននេះដែរ មកខកចិត្ត»។
ស្ត្រីអ្នកលក់ក្នុងតំបន់ទឹកឈូ បារម្ភថា ខ្លាចរមណីយដ្ឋាននេះលែងមានភ្ញៀវទេសចរ។ គាត់ថា បញ្ហាគ្មានទឹកឲ្យភ្ញៀវងូតលេង ក៏បានជះឥទ្ធិពលដល់ការលក់ដូររបស់ពួកគាត់ដែរ៖ «មីងថា ចង់បានមានទឹករាល់ថ្ងៃចឹង គ្រាន់ថា បានលុយបានអីឲ្យកូនទៅរៀនទៅអី។ តាំងពីឆ្នាំមុនហ្នឹង យ៉ាប់ដល់ស្ទឹងដុះស្មៅហើយហ្នឹង គោកគាំងហ្មង ចង់ភ័យ ពិបាករកស៊ី មិនដឹងម៉េច គេមកដល់អត់ទឹកទៅវិញ ឡានមកប៉ុន្មានមកក៏បកទៅវិញ»។
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល មានប្រសាសន៍ថា ករណីនេះលោកធ្លាប់បានដាក់លិខិតទៅក្រុមហ៊ុនចិននេះដោយផ្ទាល់ ដើម្បីសុំឲ្យបង្ហូរទឹកដាក់រមណីយដ្ឋានទឹកឈូ។
លោកថា បញ្ហានេះនឹងបានប្រសើរឡើងវិញ៖ «បណ្ដាញនានារបស់គាត់ក៏តមិនទាន់ហើយដែរ។ មានបញ្ហាបច្ចេកទេសច្រើនទាមទារឲ្យភ្ញៀវ ក៏ដូចជាប្រជាពលរដ្ឋ ក៏ដូចជាអាជីវករអ្នករកស៊ីនៅទឹកឈូ គាត់មានការអត់ធ្មត់បន្តិច ដើម្បីកុំវាខាតបង់ទាំងអស់គ្នា»។
នៅក្នុងពិធីសម្ពោធឲ្យដំណើរការវារីអគ្គិសនីកំចាយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា ការអភិវឌ្ឍនៅលើពិភពលោកតែងតែមានផលប៉ះពាល់ទៅដល់បរិស្ថាន៖ «គេសិក្សាតាំងពីឆ្នាំ៦៥ មក។ ចក្ខុវិស័យមានតាំងពីឆ្នាំ ៦៥ ហើយនេះមិនមែនចិន មកសិក្សាទេណា កាណាដា អ្នកសិក្សាហើយដាក់ដេញថ្លៃជាអន្តរជាតិ។ ប៉ុន្តែបានឈ្នះទៅលើក្រុមហ៊ុនស៊ីណូហាយដ្រូ នេះឯង។ អ៊ីចឹងកុំចេះតែប្រទេចបណ្ដាសាឲ្យមើលផង វាមិនដែលឯណានៅលើពិភពលោក អភិវឌ្ឍន៍ហើយមិនមានផលប៉ះពាល់ទាល់តែសោះទៅលើបរិស្ថាននោះទេ»។
កាលពីពេលកន្លងទៅដោយសារការសាងសង់វារីអគ្គិសនីកំចាយនេះ បានធ្វើឲ្យតំបន់សាងសង់ក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវលិចដីស្រែចម្ការប្រជាពលរដ្ឋប្រមាណ ២០គីឡូម៉ែត្រការេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
