បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​ព្រែក​ក្តាម​បង្ក​ជា​អំពើ​ពុករលួយ

ចរាចរណ៍​បាន​កក​ស្ទះ​មិន​អាច​ធ្វើ​ដំណើរ​បាន​កាលពី​ល្ងាច​មិញ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ត្រង់​ចំណុច​ព្រែក​ក្តាម។

សាក្សី​បាន​និយាយ​ថា រថយន្ត​ច្រើន​ពាន់​គ្រឿង​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ​បាន​ជាប់​បន្ត​កន្ទុយ​គ្នា​ច្រើន​គីឡូម៉ែត្រ ដែល​ប្រការ​នោះ​បាន​នាំ​ឲ្យ​មាន​អ្នក​ឆ្លៀត​ឱកាស​បង្ក​អំពើ​ពុករលួយ​នៅ​ក្នុង​ការដឹក​ចម្លង​រថយន្ត​តាម​ស្រឡាង។

អ្នក​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ លោក ភ័ណ សុផល បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​មិន​បាន​សូក​លុយ​បន្ថែម​ដល់​អ្នក​ធ្វើការ​ស្រឡាង​មិន​ត្រូវ​បាន​គេ​ដឹក​ចម្លង​ភ្លាមៗ​ឡើយ បើ​ទោះបី​ជា​រថយន្ត​នោះ​បាន​មក​ដល់​មុន​គេ​ក៏​ដោយ។

លោក ភ័ណ សុផល បាន​ឲ្យ​ដឹង​ថា ៖ «ការស្ទះ​ចរាចរណ៍​នេះ​គឺ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ចំណុច​ស្រឡាង​ព្រែក​ក្ដាម​នេះ។ ស្ទះ​ចរាចរណ៍​តាំងពី​ម៉ោង​៨​ជាង​មក ជិត​ម៉ោង​៩ បច្ចុប្បន្ន​វា​នៅតែ​ស្ទះ​ដដែល​ទេ គ្រាន់តែ​វា​មាន​ការធ្វើ​ដំណើរ​បាន​ខ្លះ បាន​ត្រឹមតែ​២០%​ទេ... វា​នៅតែ​លំបាក​ដដែល​ហ្នឹង»

ម៉ាយ៉ារិទ្ធិ ៖ ឡាន​របស់​លោក​មាន​មុខ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប តើ​លោក​ត្រូវ​ចំណាយ​ប៉ុន្មាន​ទៅ​ដើម្បី​ឲ្យ​ឡាន​របស់​លោក​ចេញ​ទៅ​រួច​នោះ?

ភ័ណ សុផល ៖ ជា​ធម្មតា​ខ្ញុំ​បាន​ទិញ​សំបុត្រ​ឡាន​ក្នុង​តម្លៃ​៨៥០០​រៀល ប៉ុន្តែ​នៅ​ក្នុង​វិក្កយបត្រ​គេ​ដាក់​តែ​៥៧០០​រៀល​ទេ ប៉ុន្តែ​គេ​យក​ខ្ញុំ​៨៥០០​រៀល ហើយ​ខ្ញុំ​ត្រូវ​ចំណាយ​ផ្សេង​ទៅ​លើ​បុគ្គលិក​ឆ្មាំ​អ្នក​យាម​ស្រឡាង​នោះ ម្នាក់​១​ម៉ឺនៗ មក​ទល់​នឹង​ពេល​នេះ​ខ្ញុំ​ចំណាយ​អស់​៤​ម៉ឺន ថែម​អា​ហ្នឹង​ទៀត​វា​ខ្ទង់​ជិត​៥​ម៉ឺន​សម្រាប់​ឡាន​មួយ នេះ​ចំពោះ​ខ្ញុំ។ បើ​គេ​ដទៃ​ទៀត​គេ​នឹង​អាច​ចំណាយ​លើស​ខ្ញុំ​ទៅ​ទៀត ព្រោះ​គេ​ចង់​បាន​ប្រញាប់​ទៅ​ស្រុក​កំណើត​គេ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​ក្នុង​ការរក​ប្រតិកម្ម​ពី​ប្រធាន​ស្រឡាង​ព្រែក​ក្ដាម​បាន​ទេ ដោយសារតែ​ប្រព័ន្ធ​ទូរស័ព្ទ​មាន​ការលំបាក។

ប៉ុន្តែ​សាក្សី​បាន​អះអាង​ថា គេ​បាន​កត់​ឈ្មោះ​អ្នក​ធ្វើការ​ស្រឡាង​ដើរ​ប្រមូល​លុយ​និង​បាន​ថតរូប​ជា​ភស្តុតាង​ច្រើន​សន្លឹក​ដើម្បី​ទុក​បង្ហាញ​ជា​ការ​ពិត។

ការកក​ស្ទះ​រថយន្ត​ច្រើន​ពាន់​គ្រឿង​ក្នុង​ការធ្វើ​ដំណើរ​នេះ​ត្រូវ​គេ​ជឿ​ថា ដោយសារតែ​មាន​មនុស្ស​ចាកចេញ​ពី​ភ្នំពេញ​ទៅ​លេង​បង​ប្អូន​នៅ​តាម​ខេត្ត​គ្រា​ដែល​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​នាំ​គ្នា​រៀបចំ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​នឹង​មាន​រវាង​ពី​ថ្ងៃ​ទី​២៨ ដល់​ទី​៣០ ខែ​កញ្ញា​នេះ៕