នៅឯស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋនៅឃុំមួយចំនួនបានបន្ទោសថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដ៏ច្រើនលើសលប់ទៅឲ្យក្រុមហ៊ុនភាពីម៉ិច ក៏ជាកត្តាមួយជះឥទ្ធិពលចំពោះការធ្វើចំណាកស្រុក និងការបោះបង់ចោលការសិក្សារបស់កូនចៅពួកគាត់។
ស្ត្រីអ្នកភូមិ ឈ្មោះ ឡោន ស៊ីវៃ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច តាំងពីច្រើនជំនាន់មកហើយ។ អ្នកស្រីឈរសម្លឹងមើលសកម្មភាពគ្រឿងចក្រក្រុមហ៊ុនភាពីម៉ិច ដែលបានឈូសឆាយដីព្រៃអាស្រ័យផល និងរំលំដើមឈើហូបផ្លែរបស់អ្នកភូមិបណ្ដើរ រៀបរាប់ពីមូលហេតុដែលបច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនក្នុងភូមិបានធ្វើចំណាកស្រុកទៅរកការងារធ្វើបណ្ដើរថា ដោយសារក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបានហាមអ្នកភូមិមិនឲ្យចូលទៅក្នុងព្រៃ ដើម្បីបេះផ្លែឈើ បោចវល្លិ ដងជ័រ ឬជីកទំពាំងដូចពីមុនទៀតទេ ហេតុនេះហើយ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃគឺមានតែធ្វើចំណាកស្រុករកការងារធ្វើរកប្រាក់មកជួយគ្រួសារប៉ុណ្ណោះ។
អ្នកស្រី ឡោន ស៊ីវៃ៖ «បើយើងរករបរក្នុងព្រៃបានដូចកាលពីមុនទើបយើងអាចឧបត្ថម្ភឲ្យកូនបានរៀន។ ឥឡូវបើយើងទៅធ្វើការឲ្យគេមួយថ្ងៃបាន ១២.០០០ (រៀល) យើងចាយបានតែ ១ថ្ងៃអស់ទៅហើយបានអីឲ្យកូនរៀន។ បើដូចពីមុនទៅបេះផ្លែឈើយ៉ាងតិចក៏មួយថ្ងៃបាន ៣ម៉ឺនដែរ។ រាល់ថ្ងៃពួកក្រមុំកំលោះដែលបាត់ពីផ្ទះគឺទៅស៊ីឈ្នួលគេនៅភ្នំពេញ ឬទៅថៃអស់ពីភូមិហើយ»។
ប្រហាក់ប្រហែលនឹងអ្នកស្រី ឡោន ស៊ីវៃ ដែរស្ត្រីអ្នកភូមិវ័យ ៥៨ឆ្នាំ ឈ្មោះ កែប នីម ដាក់កន្ត្រកផ្លែមៀនព្រៃដែលគាត់ទើបតែបេះបានពីក្នុងព្រៃចុះមកដីបណ្ដើរ រៀបរាប់បណ្ដើរថា ដោយសារតែជីវភាពរបស់គាត់ខ្វះខាត ទើបកូនស្រីរបស់គាត់ អាយុ ១៥ឆ្នាំដែលរៀនដល់ថ្នាក់ទី៧ ហើយនោះបានឈប់រៀន និងទៅស៊ីឈ្នួលគេនៅឯទីប្រជុំជនស្រុកក្រគរ ដើម្បីដោះស្រាយជីវភាពគ្រួសារ។គាត់បន្តថា សព្វថ្ងៃអ្នកភូមិជាច្រើនបានបញ្ឈប់កូនមិនឲ្យទៅរៀន ដើម្បីទៅស៊ីឈ្នួលឲ្យក្រុមហ៊ុន ឬធ្វើចំណាកស្រុករកការងារធ្វើ ព្រោះពួកគេគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសំលៀកបំពាក់ និងផ្ដល់លុយឲ្យកូនទៅរៀនដូចពីមុនទៀតទេ។
អ្នកស្រី កែប នីម៖ «បើអស់ព្រៃឈើហើយដឹងទៅរកអីទៀត។ ផ្លែឈើក៏រកមិនបាន នៅសល់តិចតួចនៅជិតភូមិ។ បើពីមុនយើងអាចទៅរករំដួលអីនៅលើភ្នំ ឥឡូវគេកាប់ឈូសឆាយអស់ហើយ។ បេះតែម៉ាកញ្ឆេរបានបួនប្រាំម៉ឺនអី ប៉ុន្តែឥឡូវអស់រលីងហើយ។ ក្មេងជំនាន់ក្រោយលែងស្គាល់រំដួលហើយ»។
នៅឯតំបន់ជនបទមួយចំនួនស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ យុវជនវ័យជំទង់ជាច្រើនបាន បោះបង់ចោលការសិក្សា ដើម្បីជួយរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ដោយខ្លះធ្វើចំណាកស្រុក និងខ្លះទៀតទៅស៊ីឈ្នួលឲ្យក្រុមហ៊ុនភាពីម៉ិច ឬនៅតាមទីប្រជុំជននានា។
ស្ត្រីវ័យ ៥៧ឆ្នាំ ឈ្មោះ ឈីក វឿន ដៃច្បូតស្លឹករំចេកសម្រាប់ត្បាញកន្ទេលបណ្ដើររៀបរាប់បណ្ដើរពីមូលហេតុនៃការបោះបង់ការសិក្សា និងការធ្វើចំណាកស្រុករបស់យុវវ័យប្រុសស្រីក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ដោយអ្នកស្រីបន្ទោសថា មកពីការបាត់បង់ព្រៃឈើដែលអ្នកភូមិធ្លាប់អាស្រ័យផលសម្រាប់ជីវភាពប្រចាំថ្ងៃ ព្រោះត្រូវបានក្រុមហ៊ុនភាពីម៉ិច កាប់រាន និងឈូសឆាយអស់។
អ្នកស្រី ឈីក វឿន៖ «ពីមុនពេលខែផល្គុន យើងបេះផ្លែសង្គម ដល់មកខែចែត្រ យើងបេះគុយ ដល់ខែពិសាខ ខែជេស្ឋហ្នឹងបេះសិរមាន់ បេះរំដួល ដល់ខែអាសាឍ បេះមៀន។ អនុផលដែលយើងធ្លាប់រកតាំងពីដូនតាយើងមក។ មានតាំងពីរកផ្សិតទា ផ្សិតក្ងោក ដួសជ័រចុង បោចវល្លិ... ឥឡូវអស់ហើយមានសល់អីទៀត»។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១ ប្រជាពលរដ្ឋជាង ១០០នាក់មកពីឃុំចំនួន ៧ ក្នុងស្រុកក្រគរ ដែលពួកគាត់ត្រូវបាត់បង់ដីធ្លី ស្រែចម្ការ និងព្រៃអាស្រ័យផល បាននាំគ្នាប្រារព្ធពិធីបួងសួង តាមបែបអប្បិយជំនឿក្នុងគោលបំណងឲ្យវត្ថុសក្ដិសិទ្ធិជួយការពារដីធ្លី និងព្រៃអាស្រ័យផលរបស់ពួកគាត់។
លោក ភុល ឡឹង ជាជំទប់ទី២ ឃុំក្បាលត្រាច។ លោកបានទទួលស្គាល់ពីហេតុផលនៃការធ្វើចំណាកស្រុករបស់យុវជនប្រុសស្រីក្នុងភូមិថា គឺបណ្ដាលមកពីអ្នកភូមិពុំមានព្រៃអាស្រ័យផលដូចពីមុន។ លោកថា នៅតំបន់នេះអ្នកភូមិរស់ពឹងលើស្រែចម្ការ និងការអាស្រ័យផលអនុផលព្រៃឈើ។ឥឡូវពុំអាចអាស្រ័យផលអនុផលព្រៃឈើ បានធ្វើឲ្យជីវភាពអ្នកភូមិជួបការលំបាក បណ្ដាលឲ្យកើតមានការធ្វើចំណាកស្រុក ដើម្បីដោះស្រាយបញ្ហាក្រពះ។
លោក ភុល ឡឹង៖ «ពីដើមគាត់អត់ដែលទៅរកស៊ីឆ្ងាយទេ គាត់នឹកឃើញថា មុខរបរគាត់នៅជិតៗ និងងាយស្រួល។ ចូលក្នុងព្រៃតែបន្តិចគឺអាចរកបានប្រាក់មកដោះស្រាយជីវភាពបាន។ ឥឡូវមានព្រៃឯណាទៀតមានតែព្រៃដំឡូងរបស់ក្រុមហ៊ុនចិន ហើយគេមិនឲ្យចូលក្នុងព្រៃទេ។ អ៊ីចឹងហើយគឺគាត់ត្រូវរកស៊ីនៅទីឆ្ងាយដូចជាទៅថៃជាដើម»។
ប្រធានសហគមន៍ព្រៃឈើ ឃុំក្បាលត្រាច លោក គុជ វ៉េង មានប្រសាសន៍ថា អាជ្ញាធរដែនដីបានមើលរំលងចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងដែនដីដែលខ្លួនគ្រប់គ្រងដោយបានឃុបឃិតជាមួយក្រុមហ៊ុន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកថា តាមស្មារតីនៃសេចក្ដីជូនដំណឹងលេខ២៨៩ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១១ ក្រៅពីការកាត់ឆ្វៀលចេញនូវផលប៉ះពាល់លើដីស្រែចម្ការ របស់ប្រជាពលរដ្ឋអាជ្ញាធរត្រូវកាត់ដីព្រៃពីក្រុមហ៊ុនចំនួន ៥០០ហិកតារ ដើម្បីទុកឲ្យប្រជាពលរដ្ឋធ្វើជាព្រៃសហគមន៍។ តែផ្ទុយទៅវិញអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញមិនបានអនុវត្តន៍តាមស្មារតីនៃសេចក្ដីជូនដំណឹងលេខ ២៨៩ នោះឡើយ ដោយយកដីក្បាលស្រែរបស់ប្រជាពលរដ្ឋមកឲ្យប្រជាពលរដ្ឋធ្វើជាព្រៃសហគមន៍។ ឯព្រៃដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលបែរជាទុកឲ្យក្រុមហ៊ុនឈូសឆាយទៅវិញ។
លោក គុជ វ៉េង៖ «ដីដែលសហគមន៍ចង់បានគឺនៅចំណុចភ្នំតាដុល។ ប្រសិនជាបានព្រៃហ្នឹងវាអាចផ្ដល់ផលដល់កូនចៅជំនាន់ក្រោយៗសម្រាប់ធ្វើផ្ទះសំបែង និងរកអនុផលផ្សេងទៀតដែលជាប្រការអាចជួយកាត់បន្ថយការធ្វើចំណាកស្រុកដ៏ប្រសើរមួយ»។
សេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១១ បានយល់ព្រមឲ្យអាជ្ញាធរខេត្តកាត់ដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់បង្កបង្កើនផល និងអាស្រ័យផលចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនភាពីម៉ិច មកទុកជូនប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះថែមទាំងកាត់ដីចំនួន ៦.៧១៣ហិកតារ ចេញពីដីសម្បទានសេដ្ឋកិច្ច ដើម្បីទុកជូនប្រជាពលរដ្ឋធ្វើជាព្រៃសហគមន៍ទៀតផង។
លោក អេង ឈុនហាន មន្ត្រីសម្របសម្រួលអង្គការលីកាដូ ដែលបានតាមឃ្លាំមើលបញ្ហាទំនាស់ដីធ្លីរវាងក្រុមហ៊ុនភាពីម៉ិច និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ តាំងពីដើមរៀងមក។ លោកបានមានប្រសាសន៍ថា ព្រៃអាស្រ័យផលរបស់សហគមន៍ប្រជាពលរដ្ឋអាចជារនាំងដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ចលនាចំណាកស្រុករបស់អ្នកភូមិក្រឡាញ់ ឃុំក្បាលត្រាច ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
