ការបាក់ទំនប់ទឹកនៅតំបន់នោះ បណ្ដាលឲ្យលិចផ្ទះប្រជាពលរដ្ឋដែលកំពុងរស់នៅ និងខូចខាតសម្ភារៈរបស់សហគមន៍ជាច្រើន។
តំណាងប្រជាសហគមន៍ អ្នកស្រី ទេព វន្នី ថ្លែងថា ផ្ទះនៅភូមិ២២ បានលិចប្រមាណ ៤០ខ្នង។
ស្រ្តីភូមិ២២ មួយរូបទៀត បន្ថែមថា ម៉ាស៊ីនដេរច្រើនគ្រឿង ដែលសប្បុរសជនផ្ដល់ឲ្យសហគមន៍បឹងកក់ដេរកាបូប និងសំលៀកបំពាក់សម្រាប់លក់យកកម្រៃ ត្រូវទឹកស្អុយធ្លាយចេញពីទំនប់នោះមកពន្លិចខូចខាតទាំងស្រុង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងក្រុមហ៊ុនស៊ូកាគូជម្រាបសួរព័ត៌មានបានភ្លាមៗទេ។ ទោះជាយ៉ាងណា មានអាជ្ញាធរខណ្ឌដូនពេញបានចុះទៅមើលការធ្លាយទំនប់នោះ តែមិនទាន់មានវិធានការដោះស្រាយនៅឡើយ។
អ្នកស្រី ទេព វន្នី បន្ថែមថា ការធ្លាយទំនប់ទឹករបស់ក្រុមហ៊ុនស៊ូកាគូ ពន្លិចផ្ទះអ្នកភូមិបឹងកក់នេះ មានច្រើនលើកមកហើយ ប៉ុន្តែពុំដែលឃើញក្រុមហ៊ុនមកសាកសួរ ឬផ្ដល់សំណងចំពោះការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋវិញឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
