អ្នក​ភូមិ​បឹង​កក់​តវ៉ា​ដុត​កង់​ឡាន​ម្ដង​ទៀត

ប្រជា​ពល​រដ្ឋ​តំបន់​បឹង​កក់​ប្រមាណ ២០០​នាក់ បាន​ជួប​ប្រជុំ​គ្នា និង​ដុត​កង់​ឡាន​ផង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១១ ដើម្បី​តវ៉ា​ចំពោះ​អាជ្ញាធរ​ដែល​បាន​កាត់​ប្រជា​ពល​រដ្ឋ​ចំនួន ៤២​គ្រួសារ ចេញ​ពី​បញ្ជី​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​បឹង​កក់​ទំហំ ១២,៤៤​ហិកតារ ដែល​រដ្ឋាភិបាល​បាន​កាត់​ឲ្យ​ប្រជា​ពល​រដ្ឋ​នោះ។

អ្នកស្រី ជា សុខ​ជឿន រស់នៅ​ក្នុង​ភូមិ​២២ ក្នុង​តំបន់​បឹង​កក់​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ​គឺ​ដើម្បី​សុំ​ឲ្យ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ដែល​បាន​កាត់​ដី​ឲ្យ​ប្រជា​ពល​រដ្ឋ​នោះ ត្រួត​ពិនិត្យ​មើល​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ផែនការ​នោះ​ផង ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ឲ្យ​បាន​គ្រប់​គ្នា។

រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១១ កន្លង​មក​នេះ ស្ដីពី​ការ​ប្រែប្រួល​ក្រឡា​ផ្ទៃ​ដី​តំបន់​អភិវឌ្ឍន៍​បឹង​កក់ ក្នុង​នោះ​រដ្ឋាភិបាល​បាន​កាត់​ដី​ទំហំ ១២,៤៤​ហិកតារ ទៅ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង ៧០០​គ្រួសារ ដែល​នៅ​សេសសល់​ពី​ការ​បណ្ដេញ​ចេញ ដើម្បី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ហើយ​ផ្ទៃ​ដី​ទំហំ ១១៤,៤១​ហិកតារ ទុក​សម្រាប់​ក្រុមហ៊ុន​ស៊ូកាគូ​អភិវឌ្ឍន៍។

ក្រុម​ប្រជា​ពល​រដ្ឋ​បាន​ថ្លែង​ថា ក្នុង​ចំណែក​ផ្ទៃ​ដី​ដែល​រដ្ឋាភិបាល​បាន​កាត់​ឲ្យ​ប្រជា​ពល​រដ្ឋ​នោះ គឺ​មាន​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​បាន​កេង​បន្លំ​ពី​លើ​ប្រជា​ពល​រដ្ឋ។

ក្រុម​អ្នក​ភូមិ​សុំ​ឲ្យ​កំណត់​ទីតាំង​ដី ១២,៤៤​ហិកតារ និង​សុំ​ឲ្យ​មាន​ការ​តាម​ដាន​ក្នុង​ដំណើរ​ការ​ផ្ដល់​ដី​ឲ្យ​ប្រជា​ពល​រដ្ឋ​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ខូច​កិត្តិយស​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដែល​បាន​ផ្ដល់​ដី​ឲ្យ​ប្រជា​ពល​រដ្ឋ​នោះ។

លោក សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូនពេញ បាន​ថ្លែង​ប្រាប់​ប្រជា​ពល​រដ្ឋ​នៅ​ពេល​ដែល​តវ៉ា​នោះ ដោយ​សុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​លិខិត​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះ​ស្រាយ​ប្រសើរ​ជាង​តវ៉ា​ដុត​កង់​ឡាន៕