ប្រធានអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក សុន គន្ធរ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទឹកប្រាក់ជាង ៤០លានដុល្លារនេះ រួមមានប្រាក់កម្ចីពីក្រៅប្រទេស ដូចជាធនាគារអភិវឌ្ឍន៍និងវិនិយោគកម្ពុជា ដែលមានទឹកប្រាក់ ២៣លានដុល្លារសហរដ្ឋអាមេរិក។
លោក សុន គន្ធរ បានបញ្ជាក់ថា ៖ «ហើយក្នុងនោះ គឺមានសេដ្ឋកិច្ច Loan (ប្រាក់កម្ចី) គឺមានការចូលរួមពីធនាគារកាណាឌីយ៉ា ៣លាន(ដុល្លារ) ធនាគារពាណិជ្ជកម្មក្រៅប្រទេស ២លាន ដូច្នេះខាង IBC គេដាក់ ១៨លាន ប៉ុន្តែយើងត្រូវរៀបចំឯកសារឲ្យហ្មត់ចត់ ត្រឹមត្រូវ ព្រោះថា នេះជាកម្ចីពាណិជ្ជកម្មសុទ្ធសាធ»។
លោកបន្តថា ទឹកប្រាក់ទាំងនេះក្រៅពីការយកទៅអភិវឌ្ឍជនបទលើផ្នែកអាជីវកម្ម គឺមានការរុញឲ្យមានការផលិតស្រូវអង្ករនាំចេញទៅក្រៅប្រទេសឲ្យទាន់ពេលវេលាតាមតម្រូវការចាំបាច់ក្នុងឆ្នាំ២០០៩ និង ២០១០ ខាងមុខនេះ។
លោក សុន គន្ធរ បានឲ្យដឹងថា ៖ «មូលនិធិគឺមានមួយផ្នែកសម្រាប់ការងារកសិកម្មផ្សេងៗ ប៉ុន្តែឥឡូវនេះជារដូវប្រមូលផលស្រូវ ដូច្នេះអាទិភាពរដ្ឋាភិបាលគឺជំរុញការប្រមូលផលស្រូវកែច្នៃនាំទៅលក់នៅក្រៅ ព្រោះថា ពិភពលោកកំពុងតែត្រូវអង្ករ»។
តែទោះយ៉ាងណា លោកបញ្ជាក់ឲ្យដឹងថា មកពេលនេះទឹកប្រាក់ត្រៀមទាំងនោះមិនទាន់បានបញ្ចេញនៅឡើយទេ ព្រោះម្ចាស់អាជីវកម្មដែលដាក់ពាក្យមកសុំខ្ចីប្រាក់នោះមិនទាន់បំពេញតាមលក្ខណៈគ្រប់គ្រាន់នៅឡើយ ដូចជាការព្រមព្រៀងបង់ការប្រាក់ ១០% ការកំណត់ធនធានជាក់លាក់ និងទីតាំងអាជីវកម្មមិនច្បាស់លាស់ជាដើម។
ប្រធានអង្គការ ស៊ីដាក លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា លោកគាំទ្រចំពោះការបញ្ចេញប្រាក់ឲ្យម្ចាស់អាជីវកម្មពង្រីកសេវាកម្មរបស់ពួកគេ ប៉ុន្តែលោកបានបញ្ជាក់ថា ចំពោះអាជីវកម្មផលិតស្រូវមកដល់ពេលនេះហាក់បីដូចជាយឺតពេលបន្តិច។
លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖ «ឥឡូវយើងទើបចាប់ផ្តើមដាក់ឲ្យមានអ្នកខ្ចី ហើយទម្រាំខ្ចី ទម្រាំបំពេញបែបបទអីច្រើន វាចង់យឺតហើយ អាហ្នឹងបើថា យើងប្រលែងទាល់តែតាំងពីខែ៩ ខែ១០ អីឯណោះ ដើម្បីត្រៀមពេលគ្រប់គ្រាន់ដើម្បីធ្វើ។ ឥឡូវវាចូលដល់ខែ១២ ហើយស្រូវវាចាប់ផ្តើមចេញទៅច្រើន ដូច្នេះស្រូវដំណាក់កាលទី១ ស្រូវស្រាល ស្រូវផ្កាម្លិះ ស្រូវក្រអូបនេះ ឃើញទិញចេញទៅក្រៅប្រទេស តាមរយៈលក់ឈ្មួញចេញទៅវៀតណាម»។
លោកបានសំណូមពរថា ឲ្យធនាគារអភិវឌ្ឍន៍ជនបទនេះបង្កើនប្រាក់កម្ចីឲ្យបានច្រើន និងតម្លៃការប្រាក់ថោកជាងនេះ ដើម្បីឲ្យស្មើនឹងតម្លៃការប្រាក់កម្ចីរបស់ប្រទេសជិតខាង៕
