លោក គី តិច ប្រធានគណៈមេធាវីបច្ចុប្បន្នដែលត្រូវចប់អាណត្តិនៅថ្ងៃទី១៦ តុលាខាងមុខ បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងការបោះឆ្នោតខាងមុខនេះមានមេធាវីចំនួន៧រូបបានដាក់ពាក្យឈរឈ្មោះដើម្បីជាបេក្ខជនប្រធានគណៈមេធាវីកម្ពុជាដែលក្នុងនោះមានលោក ជីវ សុងហាក់ លោក អ៊ុក ភូរិ លោក សួន វិសាល លោក នូ ទេពភីរិទ្ធិ លោក នូ ចាន់ថា លោក ពុធ ធាវី និងលោក ខៀវ សុផល។
លោក គី តិច បានមានប្រសាសន៍ថា ៖ «នៅថ្ងៃនោះនឹងមាន ព្រោះខ្ញុំចប់អាណត្តិហើយ ហើយខ្ញុំរៀបចំពិធីនេះដើម្បីយើងជ្រើសរើសប្រធានគណៈមេធាវីថ្មីបន្ត។ បេក្ខជនទាំងអស់គឺឈរសរុបមាន៧រូប»។
លោក គី តិច បានឲ្យដឹងដែរថា នៅក្នុងពេលបំពេញការងារជាប្រធានគណៈមេធាវីកម្ពុជា លោកបានយកចិត្តទុកដាក់ក្នុងការពង្រឹងវិជ្ជាជីវៈមេធាវី ហើយលោកសង្ឃឹមថា ប្រធានអាណត្តិថ្មីនឹងខិតខំជំរុញឲ្យការងារមេធាវីនេះមានការរីកចម្រើនដោយមានមេធាវីទៅបំពេញការងារដល់ទីជនបទផងដែរ។
លោក គី តិច បានមានប្រសាសន៍ថា ៖ «សំខាន់ជាងគេក្នុងតួនាទីជាអ្នកដឹកនាំគណៈមេធាវីគឺយើងត្រូវធ្វើយ៉ាងណាឲ្យវិជ្ជាជីវៈមេធាវីហ្នឹងត្រូវបានទទួលស្គាល់ដោយសាធារណជន មានន័យថា ត្រូវធ្វើឲ្យគាត់ទុកចិត្តជឿជាក់ទៅលើសេវារបស់មេធាវីមួយរូបៗ»។
ទាក់ទងជាមួយការរើសប្រធានគណៈមេធាវីថ្មីនេះ លោក គី តិច បានឲ្យដឹងថា ការទទួលពាក្យឈរឈ្មោះជាបេក្ខជនប្រធានគណៈមេធាវីបានបញ្ចប់ទៅហើយ ហើយបេក្ខជនប្រធានមានពេលវេលាមួយខែដើម្បីឃោសនាស្វែងរកការគាំទ្រពីសមាជិកគណៈមេធាវីដែលមានចំនួនជាង៥០០នាក់នៅប្រទេសកម្ពុជា ហើយការឃោសនារកសំឡេងគាំទ្រនោះត្រូវបញ្ចប់៤៨ម៉ោងមុនថ្ងៃបោះឆ្នោតមកដល់។
ទាក់ទងជាមួយការឈរឈ្មោះបេក្ខជនប្រធានគណៈមេធាវីកម្ពុជានេះ លោក សួន វិសាល បានឲ្យដឹងថាលោកបានដកបេក្ខភាពឈរឈ្មោះជាប្រធានរបស់លោកចេញហើយដោយសារលោកជាប់រវល់ជាមួយការងារផ្ទាល់ខ្លួនរបស់លោក ដូចនេះចំនួនបេក្ខជនឈរឈ្មោះជាប្រធានគណៈមេធាវីកម្ពុជានៅសល់តែចំនួន៦រូបប៉ុណ្ណោះ។
លោក សួន វិសាល បានបញ្ជាក់ថា ៖ «ខ្ញុំទើបតែបើក Law Firm ថ្មី ខ្ញុំឈប់ចេញពីធ្វើការ NGO មក ខ្ញុំបើក Law Firm ថ្មី ដំណើរការ Law Firm របស់ខ្ញុំ។ មុនដំបូងខ្ញុំគិតដាក់ ដល់គិតយូរៗទៅប្រសិនបើខ្ញុំឈរជាប់ទៅ ខ្ញុំមានពេលវេលាឯណាមកដំណើរការ Law Firm របស់ខ្ញុំ អ៊ីចឹងទៅធ្វើឲ្យប៉ះពាល់ច្រើនក្នុងកិច្ចការ Law Firm របស់ខ្ញុំ។ អ៊ីចឹងខ្ញុំសម្រេចចិត្តឈប់ទៅ»។
លោក សួន វិសាល ធ្លាប់បានឈរឈ្មោះជាប់ប្រធានគណៈមេធាវីម្តងរួចមកហើយ តែលោកត្រូវបានចៅក្រមសាលាឧទ្ធរណ៍កាត់សេចក្តីឲ្យចាញ់ លោក គី តិច ដោយមិនបានអនុញ្ញាតឲ្យកាន់កាប់តំណែងជាប្រធានគណៈមេធាវីកម្ពុជាទេ។
សូមជម្រាបថា តំណែងប្រធានគណៈមេធាវីកម្ពុជានេះមានអាណត្តិចំនួន២ឆ្នាំក្នុងមួយអាណត្តិ ហើយសមាជិកគណៈមេធាវីមិនអាចកាន់តំណែងនេះជាប្រធានលើសពី២អាណត្តិឡើយ៕
