យ៉ាងហោចណាស់មានអ្នកភូមិរាប់រយនាក់ដែលបានធ្វើចំណាកស្រុកពីបណ្ដាខេត្តក្រុងផ្សេងៗក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាកង្វះជីវភាពប្រចាំថ្ងៃ ដោយសារពួកគេមិនមានដីបង្កបង្កើនផលគ្រប់គ្រាន់ និងមិនអាចស្វែករកការងារធ្វើបានក្នុងមូលដ្ឋានដើម្បីរកកម្រៃទ្រទ្រង់ជីវភាពគ្រួសារ។
ផ្ទះរបស់ពលរដ្ឋនៅភូមិជិនសារស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
លោក ទឹម ម៉ី អាយុ៤៥ឆ្នាំ តំណាងអ្នកភូមិ បានថ្លែងនៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ថា ប្រជាពលរដ្ឋចំនួន១៤០គ្រួសារនៅក្នុងភូមិចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បានដាច់ស្បៀងជាបណ្តើរៗហើយចាប់តាំងពីអំឡុងខែសីហារហូតដល់ខែកញ្ញា ឆ្នាំ២០០៩ ដោយសារបញ្ហាកង្វះដីធ្លីនិងកង្វះការងារធ្វើក្នុងមូលដ្ឋាន។
លោក ទឹម ម៉ី បានឲ្យដឹងថា ៖ «ទាំងអស់ហ្នឹងវា១៤០គ្រួសារ។ ខ្ញុំអំពាវនាវឲ្យអង្គការឬមួយរដ្ឋាភិបាលជួយដោះស្រាយឲ្យពលរដ្ឋនៅក្នុងភូមិនេះ»។
លោកបន្តថា ក្រុមអ្នកភូមិដែលកំពុងប្រឈមទៅនឹងការដាច់ស្បៀងក្នុងមូលដ្ឋានខាងលើគឺជាអ្នកចំណាកស្រុកមកពីខេត្តក្រុងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា មានដីធ្លីតិចតួចដាំពោតនិងល្ង មិនអាចធ្វើដំណាំស្រូវបាន ហើយដីបង្កបង្កើនផលរបស់ក្រុមអ្នកភូមិទាំងនោះក៏កំពុងមានទំនាស់ជាមួយក្រុមហ៊ុនឯកជនរបស់កូរ៉េមិនស្គាល់ឈ្មោះមួយនិងមន្ត្រីយោធានៅតំបន់នោះ។
ដើម្បីដោះទ័លពីបញ្ហាដាច់ស្បៀង លោកស្រី សែន វ៉ាន់ ក៏ដូចជាអ្នកភូមិផ្សេងទៀតបានថ្លែងថា ៖ «អ្នកខ្លះក៏ដើររាវខ្ចៅរាវខ្យងអីអ៊ីចឹងទៅ។ ខ្លះទៅស៊ីឈ្នួលគេបានមួយថ្ងៃពីរថ្ងៃអីអ៊ីចឹងទៅ។ អ្នកខ្លះអត់ខ្លាំងក៏មកសុំប្រហុកអំបិលអ្នកណាគេមានអាចថាដោះកុនបាន ចេះតែដោះដូរជួយគ្នាអ៊ីចឹងទៅ។ ខ្លះក៏ដើរជីកកណ្តុរ... យកមកហូប អត់មែនទែន!»។
ចំណែកឯ លោក ចាន់ ជួន អ្នកភូមិម្នាក់ទៀត បានបន្ថែមថា ៖ «រាល់ថ្ងៃហ្នឹងអ្នកខ្លះខ្ចីគ្នាហូបខ្លះ អ្នកខ្លះគេមាន យើងខ្ចីគេហូបខ្លះ ជួនកាលចងការគេ ដូចជាដាក់ពោតដាក់អីដើម្បីយកលុយហ្នឹងទៅទិញអង្ករឬក៏ដាក់ពោតដូរអង្ករគេហូប»។
លោក គឹម ឆន មេភូមិចម្លងរម៉ាំងលើ បានថ្លែងថា នៅក្នុងភូមិមានប្រជាពលរដ្ឋចំនួន១៧៧គ្រួសារ ប៉ុន្តែចំនួនប្រជាពលរដ្ឋជាង១០០គ្រួសារផ្សេងទៀតដែលបានធ្វើចំណាកស្រុកទៅទីនោះពិតជាមានបញ្ហាកង្វះស្បៀងមែន។
លោក អិន សៅឫទ្ធិ អភិបាលរងស្រុកសំឡូត បានថ្លែងថា លោកបានដឹងហើយពីបញ្ហាកង្វះស្បៀងរបស់អ្នកភូមិ ហើយក៏កំពុងរង់ចាំស្ថិតិពិតប្រាកដបញ្ជូនមកខេត្តដើម្បីសុំជួយផ្តល់ឲ្យអ្នកភូមិ។
លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តបាត់ដំបង មិនអាចទាក់ទងបានទេដើម្បីសុំការបញ្ជាក់ថា តើខេត្តមានវិធានការយ៉ាងណាជុំវិញកង្វះស្បៀងរបស់អ្នកភូមិខាងលើនេះ។ ប៉ុន្តែ លោក យិន ម៉េងលី មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា ៖ «អ៊ីចឹងអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ មិនត្រូវអូសបន្លាយពេលវេលាទេ យើងត្រូវជួយគាត់ជាបន្ទាន់សិន ទម្រាំគាត់ទទួលបានដីត្រឹមត្រូវសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតរបស់គាត់»។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០០៩នេះ ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅក្នុងស្រុកបវេល ខេត្តបាត់ដំបង ក៏ធ្លាប់ទទួលរងកង្វះស្បៀងអាហារដូចករណីខាងលើនេះដែរ ដោយសារពួកគេមិនមានដីស្រែបង្កបង្កើនផលគ្រប់គ្រាន់៕
អាជ្ញាធរខែត្រសៀមរាបចែកអង្ករជូនអ្នកភូមិជាង៧០០គ្រួសារ
អ្នកភូមិដងរ៉ែកក្នុងខែត្របន្ទាយមានជ័យជួបប្រទះនឹងកង្វះស្បៀង
ពលរដ្ឋនៅកំពង់ឆ្នាំងប្រឈមបញ្ហាដាច់ស្បៀងបន្ទាប់ពីទឹកជន់លិចភូមិ
មន្រ្តីអង្គការសេដាក់ខេត្តពោធិ៍សាត់រងការចោទថាមិនមានតម្លាភាព
អ្នកភូមិក្រីក្រនៅពោធិ៍សាត់ចោទអាជ្ញាធរថាមិនមានតម្លាភាព
អ្នកស្រុកនៅកំពង់ធំបារម្ភពីបញ្ហាកង្វះស្បៀងក្រោយគ្រោះធម្មជាតិ
ការតស៊ូព្យាយាមរបស់ក្មេងស្រីដែលឪពុកម្ដាយផ្ទុកមេរោគអេដស៍
អ្នកលក់ដូរតាមចិញ្ចើមថ្នល់សម្ដែងការបារម្ភខណៈដែលអាជ្ញាធរចាត់វិធានការ