ស្ត្រី​អ្នក​ផ្សព្វផ្សាយ​ស្រាបៀ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល

ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ​មក​ពី​ក្រុមហ៊ុន​នានា ក្នុង​រាជធានី​ភ្នំពេញ ជិត ១០០​នាក់ បាន​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា។ ពួកគេ​បាន​​បង្ហាញ​ខ្សែ​វីដេអូ​ខ្លី ដែល​និយាយ​ពី​ការងារ​ប្រចាំ​ថ្ងៃ ពី​ទុក្ខ​លំបាក និង​ការ​ទាម​ទារ​អោយ​ដំឡើង​ប្រាក់​ឈ្នួល​គោល។

0:00 / 0:00

ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​របស់​ស្ត្រី​លក់​ស្រា​បៀរ ធ្វើ​ឡើង​ដោយ​សំអាង​ថា ប្រាក់​ឈ្នួល​​ក្នុង​ពេល​បច្ចុប្បន្ន​មិន​អាច​អោយ​ពួក​​គេ​រស់​នៅ​បាន​សមរម្យ។

ក្រុម​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ​​បាន​ទាម​ទារ​អោយ​ក្រុម​ហ៊ុន​ផលិត​ស្រាបៀ​ផ្ដល់​ប្រាក់​ខែ​អោយ​ពួកគេ​ដោយ​ទាប​បំផុត គឺ​មាន​ចន្លោះ​ពី ១៣០ ដុល្លារ ទៅ ១៤០​ដុល្លារ ក្នុង​មួយ​ខែ។ ពួក​គេ​បាន​បង្ហាញ​ការ​លំបាក​ដែល​បាន​ជួប​ប្រទះ​ក្នុង​ការ​ប្រ​កប​របរ​នេះ និង​ការ​លំបាក​ក្នុង​ជីវភាព​ពិត​ជាក់​ស្តែង​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ទាមទារ។

ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀ​អោយ​ក្រុមហ៊ុន ខេមប៊្រូវ ឬ អង្គរ​បៀរ អ្នកស្រី ដាំ ចំរ៉ុង និយាយ​ថា ខែ​ខ្លះ​ដែល​លក់​មិន​សូវ​ដាច់​នាង​ទទួល​បាន​ចំណូល​​ពី ៥០ ទៅ ៦០​ដុល្លារ។ ចំរ៉ុង បន្ត​ថា ចំនួន​នេះ​អាច​ត្រឹម​តែ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ ហើយ​ដើម្បី​បង្គ្រប់​ការ​ចំណាយ​ផ្សេង​ទៀត​ នាង​ត្រូវ​ទៅ​រក​ប្រាក់​ពី​អ្នក​ចង​ការ​ប្រាក់​ឯកជន។

ចំណែក​អ្នកស្រី ចាន់ យ៉ាណារ៉េត ជា​អ្នក​ផ្សព្វផ្សាយ​ស្រាបៀ​អោយ​ក្រុមហ៊ុន ថៃហ្គ័រ បាន​និយាយ​ដែរ​ថា ដើម្បី​បាន​ប្រាក់​បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​គោល​ មាន​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ជា​ច្រើន​នាក់ បាន​យល់​ព្រម​បណ្ដោយ​ខ្លួន​អោយ​បុរស​ជា​អតិថិជន​មាក់ងាយ។

ការ​លំបាក​ទាំងនេះ​ជំរុញ​អោយ​ពួកគេ​យល់​ព្រម​ចូលរួម​ក្នុង​យុទ្ធនាការ​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដែល​រៀបចំ​ដោយ​សហព័ន្ធ​សហជីព​កម្មករ ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា។

ក្នុង​ខ្សែ​វីដេអូ​ខ្លី ដែល​មាន​រយៈពេល ១៥​នាទី បាន​បង្ហាញ​រូបភាព​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀ​ជា​ច្រើន​នាក់​ដែល​និយាយ​ពី​ការ​លំបាក​ក្នុង​ការ​ប្រកប​របរ​ជា​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀ។ ពួកគេ​អះ​អាង​ប្រហាក់​ប្រហែល​គ្នា​ថា ដោយ​សារ​ប្រាក់​ពួក​គេ​បាន​បាត់​បង់​ភាព​ថ្លៃថ្នូរ និង​សិទ្ធិ​ស្មើ​ភាព​គ្នា​ជា​មនុស្ស។

បើ​ទោះ​ជា​យ៉ាង​ណា​ប្រភព​ពី​សហ​ជីព អះអាង​ថា មក​ដល់​ពេល​នេះ​គេ​ពុំ​មាន​របាយការណ៍​ជាក់​លាក់ ស្ដីពី​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​ស្ត្រី​ផ្សព្វផ្សាយ​ថា​មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ។ ការ​ទាម​ទារ​នៅ​ពេល​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​របស់​វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិក្សា​ការអភិវឌ្ឍន៍​ របាយ​ការណ៍​​របស់​ក្រសួង​ផែនការ និង​អតិផរណា​នៅ​លើ​ទី​ផ្សា។

កាល​ពី​ឆ្នាំ ២០០៩ វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិក្សា​ការអភិវឌ្ឍន៍ បាន​រក​ឃើញ​ថា កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​អាច​រស់​នៅ​សមរម្យ នៅ​ពេល​ពួកគេ​មាន​ប្រាក់​ឈ្នួល​ទាប​បំផុត ១២០​ដុល្លារ ក្នុង​មួយ​ខែ។ ចំណែក​ក្រសួង​ផែនការ​រក​ឃើញ​ថា មនុស្ស​ម្នាក់​រស់​នៅ​ក្នុង​ក្រុង​ត្រូវ​ចំណាយ ១៣០​ដុល្លារ។

សហជីព​គ្រោង​នឹង​ប្រើប្រាស់​ខ្សែ​វីដេអូ​ខ្លី​ដែល​គេ​ផលិត​បាន ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​របស់​ស្រ្តី​អ្នក​ផ្សព្វ​ផ្សាយ​ស្រា​បៀ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា។ លោក​មាន​ប្រសាសន៍​ថា លោក​នឹង​ដាក់​ខ្សែ​វីដេអូ​ខ្លី​នេះ ទៅ​ក្រុមហ៊ុន​ស្រា​បៀ​ធំៗ ក្នុង​ការ​ទាមទារ​អោយ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​ស្ត្រី​អ្នក​ផ្សព្វ​ផ្សាយ​ស្រា​បៀ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក​ប្រាក់​ចំណូល​អោយ​ក្រុមហ៊ុន​ទាំង​នោះ។

បើ​តាម​លោក ស ម៉ូរ៉ា ប្រសិន​បើ​អស់​លទ្ធ​ភាព​ក្នុង​ការ​ចរចា សហជីព គ្រោង​នឹង​ដឹក​នាំ​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រា​បៀ​ធ្វើ​កូដកម្ម​ទាមទារ ដោយ​មាន​ការ​ចូលរួម​ពី​​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដែល​ជា​សមាជិក​សហព័ន្ធ​សហជីព​របស់​លោក។

ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​សម្រាប់​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រា​បៀ​នេះ ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​ម្ចាស់​ជំនួយ និង​តំណាង​ក្រសួង​កិច្ចការ​នារី។

អ្នក​សម្រប​សម្រួល​គម្រោង​ក្នុង​កម្មវិធី​យេនឌ័រ នៃ​មូលនិធិ​ហេនរិចប៊ូល (Heinrich Boll) ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អាំង សុខរើន។ អ្នកស្រី​មាន​ប្រសាសន៍​ថា មូលនិធិ​នេះ​នៅ​បន្ត​គាំ​ទ្រ​ចំពោះ​ការ​ទាមទារ​សិទ្ធិ​របស់​ស្រ្តី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ។

អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ហោ លីន មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អោយ​ដល់​ចំនួន​ដែល​ក្រុម​ស្ត្រី​ទាមទារ គឺ​អាច​អោយ​ជីវភាព​ពួក​គេ ក៏​ដូច​ជា​ក្រុម​គ្រួសារ បាន​ប្រសើរ។ បើ​ទោះ​ជា​យ៉ាង​ណា អ្នក​ស្រី​បញ្ជាក់​ដែរ​ថា រាល់​ការ​ទាមទារ​គួរ​តែ​ពិនិត្យ​អោយ​បាន​ល្អិត​ល្អន់​ពី​ស្ថានភាព​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ដែល​ពួកគេ​បម្រើ​ការ។

ស្រប​ពេល​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​គោល​នេះ ស្រ្តី​ផ្សព្វផ្សាយ​ស្រា​បៀ​ក៏​បាន​ទទូច​អោយ​សាធារណជន​ខ្មែរ​ផ្ដល់​​តម្លៃ​ដល់​ពួក​គេ ត្បិត​ពួកគេ​ក៏​ជា​មនុស្ស ហើយ​មុខ​របរ​របស់​ពួកគេ​គឺ​ជា​មុខ​របរ​សុចរិត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។