ជំងឺ​ផ្ដាសាយ​បក្សី​ជា​មូលហេតុ​នៃ​ការ​ងាប់​មាន់​ទា​នៅ​តាកែវ

នាយកដ្ឋាន​ផលិតកម្ម​និង​បសុ​ព្យាបាល​នៃ​ក្រសួង​កសិកម្ម​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី​៣ ខែ​កុម្ភៈ ថា ជំងឺ​ផ្តាសាយ​បក្សី H5N1 ជា​មូលហេតុ​នៃ​ការ​ងាប់​មាន់​ទា​ជា​ច្រើន​ម៉ឺន​ក្បាល​នៅ​ស្រុក​កោះអណ្តែត ខេត្ត​តាកែវ។

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុ​ព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក កៅ ផល មាន​ប្រសាសន៍​ថា មន្ទីរ​ពិសោធន៍​បាន​ចេញ​លទ្ធផល​វិភាគ​ពី​ការ​ងាប់​របស់​សត្វ​ទា នៅ​ស្រុក​កោះអណ្តែត​នោះ​ហើយ គឺ​ទា​នៅ​ភូមិ​ប្រឡាយមាស​ក្នុង​ឃុំ​រមិញ​បាន​ផ្ទុក​ជំងឺ​ផ្តាសាយ​បក្សី H5N1។

លោក​បន្ត​ថា នៅ​ពេល​នេះ​ក្រុម​ការងារ​គ្រប់​ស្ថាប័ន​រដ្ឋ ខេត្ត ក្រសួង និង​រដ្ឋាភិបាល មក​ជួបជុំ​គ្នា​ បែងចែក​ជា​ពីរ​ក្រុម។ មួយ​ក្រុម​ធ្វើ​ការ​អប់រំ​ប្រជាជន​មិន​ឲ្យ​ហូប​សាច់ និង​កុំ​លាក់លៀម​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់​សត្វ​ស្លាប។ ចំណែក​មួយ​ក្រុម​ទៀត​បាញ់​ថ្នាំ​ការពារ​ជំងឺ និង​ប្រមូល​ដុត​សត្វ​ដែល​ងាប់​និង​សត្វ​កំពុង​ឈឺ​ផងដែរ។ លោក​បាន​ឲ្យ​ដឹង​ថា ជំងឺ​ផ្តាសាយ​បក្សី H5N1 បាន​កើត​នៅ​ដើម​ឆ្នាំ​២០១០ ក្នុង​ប្រទេស​កម្ពុជា នា​ស្រុក​កោះអណ្តែត​នេះ​មុន​គេ។

លោក​បាន​អំពាវនាវ​ដូច្នេះ ៖ «សូម​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ​ថា ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​សត្វ​ឈឺ ឬ​មួយ​ក៏​ងាប់​ដោយ​សភាព​ខុស​ពី​ធម្មតា ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​ទៅ​បសុ​ពេទ្យ​ដែល​នៅ​កៀក​បំផុត ជិត​ផ្ទះ ភ្នាក់ងារ​ពេទ្យ​បសុ​ភូមិ ព្រោះ​ភ្នាក់ងារ​បសុ​ភូមិ​នេះ ឯកឧត្ដម​បណ្ឌិត ចាន់ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ជំរុញ​ឲ្យ​បង្កើត​រហូត​ទៅ​ដល់ ១​ម៉ឺន​៤​ពាន់​ជាង នៅ​ទូទាំង​ប្រទេស បាន​ន័យ​ថា ក្នុង​មួយ​ភូមិ​មួយ»

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ លោក ញឹម ស្រ៊ន មាន​ប្រសាសន៍​ថា សត្វ​មាន់​ទា​បាន​ងាប់​បន្ត​មក​ដល់​ពេល​នេះ​កើន​ជិត ២​ម៉ឺន​ក្បាល​ហើយ។ លោក​ថា មន្រ្តី​ពី​ក្រសួង​កសិកម្ម កាកបាទ​ក្រហម គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អភិបាល​រង​ខេត្ត​តាកែវ បាន​ចូលរួម​ក្នុង​ការ​ប្រមូល​សត្វ​ឈឺ​និង​ងាប់ ដុត​និង​បាញ់​ថ្នាំ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី H5N1។

លោក​ថា ក្រុម​ជំនាញ​ពេទ្យ​សត្វ​ប្រកាស​ហាម​ចល័ត​សត្វ​មាន់​ទា​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​ខាង​មុខ​ឆ្លង​កាត់​ភូមិ​ប្រឡាយមាស ឃុំ​រមិញ ត្រូវ​ហាមឃាត់​ចម្ងាយ ៥​គីឡូម៉ែត្រ ការពារ​ការ​ចម្លង​ទៅ​សត្វ​ដទៃ​ក្នុង​ភូមិ​ឃុំ​ផ្សេង​ទៀត ហើយ​មន្រ្តី​និង​ឃ្លាំ​មើល​រយៈពេល ១​ខែ​ផងដែរ។

លោក ញឹម ស៊្រន បាន​បញ្ជាក់​ថា ៖ «មាន់​ទា​ដែល​នៅ​សល់​ហ្នឹង​គឺ​ជីក​រណ្ដៅ​ដើម្បី​ធ្វើ​ការ​ពិឃាត និង​ដុត​សម្លាប់​មេរោគ​កប់​ចូល​ទៅ​ក្នុង​ដី។ យើង​ធ្វើ​នៅ​ក្នុង​ភូមិ​ប្រឡាយមាស ឃុំ​រមិញ មួយ​សិន ហើយ​យើង​នឹង​បន្ត​ការ​បាញ់ PH4 នោះ ឲ្យ​បាន​គ្រប់​ភូមិ​ទាំង​អស់​ដែល​មាន​បញ្ហា​ហ្នឹង»

ទាំង​មន្រ្តី​នាយកដ្ឋាន​កសិកម្ម ទាំង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា អ្នក​ចិញ្ចឹម​សត្វ​ស្លាប​គួរតែ​មាន​ការ​សម្អាត​ទ្រុង និង​ចិញ្ចឹម​សត្វ​មិន​ត្រូវ​លែង​វា​ឡើយ​ដើម្បី​ការពារ​ជំងឺ​ឆ្លង​នានា។

អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​និង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ឲ្យ​ដឹង​ថា ជំងឺ​ផ្តាសាយ​បក្សី H5N1 បាន​ឆ្លង​មក​ក្នុង​ប្រទេស​កម្ពុជា​ដំបូង​បំផុត​កាល​ពី​ដើម​ឆ្នាំ​២០០៤ ឆ្លង​ទៅ​សត្វ​មាន់​ទា​ដោយ​ការ​ចល័ត​សត្វ​ពី​ប្រទេស​ជិត​ខាង។ នៅ​ឆ្នាំ​២០០៥ ជំងឺ​ផ្តាសាយ​បក្សី H5N1 បាន​ឆ្លង​ទៅ​មនុស្ស។ ការ​ចម្លង​នោះ​បាន​កើត​ហូរ​ហែ​ចំនួន ៩​ករណី សរុប​អ្នក​ស្លាប់​មាន ៧​នាក់​ ក្នុង​ចំណោម ៩​ករណី ដែល​ជំងឺ​ផ្តាសាយ​បក្សី H5N1 បាន​ចម្លង​ទៅ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ដើម​ឆ្នាំ​២០១០​នេះ នៅ​ខេត្ត​តាកែវ ជា​ករណី​ទី​១០ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​ថា វា​បាន​ចម្លង​ទៅ​មនុស្ស​ទេ៕