សត្វ​មាន់​៤​ពាន់​ក្បាល​ត្រូវ​បាន​សម្លាប់​​នៅ​កន្លែង​កើត​ជំងឺ​គ្រុនផ្ដាសាយ​បក្សី

អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆកា នេះ បាន​ទៅ​សម្លាប់​សត្វ​មាន់​ចំនួន ៤​ពាន់​ក្បាល ដែល​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​មួយ​ស្ថិត​ក្នុង​ភូមិ​អូរពងមាន់ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​គ្រុនផ្ដាសាយ​បក្សី។

0:00 / 0:00

ការ​សម្លាប់​សត្វ​មាន់​នេះ បាន​ធ្វើ​ឡើង​តាម​បទ​បញ្ជា​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​វិច្ឆិកា សុំ​ឲ្យ​មាន​ការ​ផ្អាក​ទិញ ការ​ជញ្ជូន​សត្វ​មាន់​ជា​បណ្ដោះអាសន្ន​នៅ​តំបន់​នោះ បន្ទាប់​ពី​ការ​ពិនិត្យ​ទៅ​សត្វ​មាន់​ងាប់​ដែល​គេ​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន រក​ឃើញ​មាន​ជំងឺ​​គ្រុនផ្ដាសាយ​បក្សី​រួច​មក។

លោក អ៊ឹម ប៊ុនយូ មេ​ឃុំ​តាគ្រាម បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៤ ខែ​វិច្ឆិកា ថា មន្ត្រី​ក្រសួង​សុខាភិបាល និង​មន្ត្រី​ក្រសួង​កសិកម្ម រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​នាក់ នាំ​គ្នា​សម្លាប់​សត្វ​មាន់​នៅ​ក្នុង​កសិដ្ឋាន​ចំនួន ៤​ពាន់​ក្បាល ច្រក​ថង់ និង​ប្រើ​គ្រឿង​ចក្រ​ជីក​ដី​កប់​នៅ​ក្បែរ​រោង​ចិញ្ចឹម​សត្វ​មាន់​ទាំង​នោះ ស្ថិត​ក្នុង​ភូមិ​អូរពងមាន់ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

លោក​បន្ត​ថា៖ «កប់​នៅ​ជិត​ហ្នឹង​ដែរ សត្វ​មាន់​ហ្នឹង ៤​ពាន់ ប៉ុន្តែ ១.៥០០​មុន​នោះ ម្ចាស់​គេ​បាន​សម្លាប់​ហើយ។ មាន់​ដែល​ត្រូវ​សម្លាប់​នេះ​មិន​ទាន់​មាន​អី​សោះ។ នៅ​រោង​មួយ​ផ្សេង​ដោយ​ឡែក​ទៀត តែ​នៅ​ក្នុង​ប្លុក​តែ​មួយ​ហ្នឹង ប៉ុន្តែ​កន្លែង​យើង​ចិញ្ចឹម​វា​ដាច់​ឆ្ងាយ​ពី​ប្រជាជន»

លោក ស រដ្ឋា ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​មាន់។ លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ចុង​ខែ​តុលា កន្លង​ទៅ សត្វ​មាន់​ដែល​ចិញ្ចឹម​នោះ​កើត​មាន​ជំងឺ​ឈឺ​ងាប់​អស់​ជា​ច្រើន​ក្បាល។ ប៉ុន្តែ​ពុំ​បាន​ដឹង​ថា សត្វ​មាន់​ដែល​ងាប់​ក្នុង​កសិដ្ឋាន​របស់​លោក​នោះ​កើត​មាន​ជំងឺ​អ្វី​ទេ។

លោក​បន្ត​ថា ក្រោយ​មក​លោក​បាន​យក​សត្វ​មាន់​ងាប់​បី​ក្បាល​បញ្ជូន​ទៅ​ក្រុង​ភ្នំពេញ ឲ្យ​គេ​ពិនិត្យ ហើយ​លោក​បាន​សម្លាប់​សត្វ​មាន់​ចំនួន ១.៥០០​ក្បាល ដែល​ចិញ្ចឹម​ក្នុង​រោង​ជាមួយ​គ្នា​យក​ទៅ​កប់​ដី​ចោល ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆ្លង​រោគ​ទៅ​សត្វ​មាន់​ក្នុង​រោង​ចិញ្ចឹម​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ។ លុះ​ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ទើប​លោក​បាន​ដឹង​ថា សត្វ​មាន់​ដែល​លោក​ចិញ្ចឹម​នោះ​កើត​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី។

លោក ស រដ្ឋា៖ «មាន់​ហ្នឹង ថ្ងៃ​មុន​ដំបូង​វា​ងាប់​ត្រឹម​តែ ៣៨​ក្បាល​ទេ ប៉ុន្តែ​ដល់​ពេល​ស្អែក​ឡើង​ទៅ​វា​កើន​ឡើង។ ខ្ញុំ​យក​កប់​ជិត ១​ពាន់​ក្បាល​ដែរ ដល់​ពេល​អ៊ីចឹង​ទៅ​បាន​នឹក​ឃើញ​ថា បើ​មិន​ពិនិត្យ​ទេ ថ្ងៃ​ក្រោយ​មាន​រឿង​អី​ទៅ យើង​ពិបាក​រក​ស៊ី​ដែរ។ ខ្ញុំ​ផ្ញើ​ទៅ មាន់​ហ្នឹង​គេ​ពិនិត្យ​រួច​ហើយ​ថា ផ្ដាសាយ​បក្សី។យើង​កប់ ឲ្យ​គេ​បាញ់​ថ្នាំ​ទៅ ចាំ​មើល​ថ្ងៃ​ណា​គេ​ឲ្យ​យើង​ចិញ្ចឹម​វិញ​ក៏​ចិញ្ចឹម​ទៅ»

លោក ញឹក ប៊ុនឈប់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា ការ​កើត​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នៅ​លើ​សត្វ​មាន់​ចិញ្ចឹម​នៅ​កសិដ្ឋាន​ក្នុង​ភូមិ​អូរពងមាន់ ឃុំ​តាគ្រាម ស្រុក​បាណន់​នេះ ជា​ករណី​លើក​ដំបូង​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ លោក​បន្ត​ថា មន្ទីរ​សុខាភិបាល​កំពុង​មាន​ការ​ប្រុង​ប្រយ័ត្ន និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ទុះ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​លើ​សត្វ​មាន់​នេះ ទោះ​ជំងឺ​មិន​ធ្លាប់​កើត​មាន​ទៅ​មនុស្ស​នៅ​ក្នុង​ខេត្ត​បាត់ដំបង ក៏ដោយ។

លោក អ៊ឹម ប៊ុនយូ មេ​ឃុំ​តាកគ្រាម បាន​ឲ្យ​ដឹង​ថា ទីតាំង​ចិញ្ចឹម​សត្វ​មាន់​ដែល​ផ្ទុះ​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នេះ មាន​ចម្ងាយ​ឆ្ងាយ​​ពី​ផ្ទះ​អ្នក​ភូមិ​រស់​នៅ​ប្រវែង ១​គីឡូម៉ែត្រ។ ប៉ុន្តែ​ខាង​មន្ត្រី​ក្រសួង​សុខាភិបាល នៅ​តែ​មាន​ក្ដី​បារម្ភ ព្រោះ​ថា ប្រភេទ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នេះ​អាច​រីក​រាលដាល​ឆ្លង​កាត់​បាន​ចម្ងាយ​ប្រវែង​បី​គីឡូម៉ែត្រ​ជុំវិញ​កន្លែង​ដែល​កើត​មាន​ជំងឺ​នេះ។

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា បាន​ប្រកាស​ដាក់​ទី​កន្លែង​ចិញ្ចឹម​សត្វ​មាន់​ដែល​កើត​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នៅ​ក្នុង​ភូមិ​អូរពងមាន់ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង​នេះ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​រយៈពេល ៣០​ថ្ងៃ ដើម្បី​រក​ប្រភព​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ដែល​បាន​កើត​មាន​ទៅ​លើ​សត្វ​មាន់៕