តំណាងអ្នកតវ៉ាឲ្យដឹងថា គ្មានការសន្យាច្បាស់លាស់ពីអាជ្ញាធរខណ្ឌដូនពេញថា ឲ្យអ្នកតវ៉ានៅបឹងកក់ ភូមិ២និងភូមិ៤ ដែលបានសុំអភិវឌ្ឍនៅកន្លែង ត្រូវចេញបណ្តោះអាសន្នទៅនៅបុរីសន្តិភាព នាខណ្ឌដង្កោ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្មានខែ ដើម្បីឲ្យពួកគាត់ត្រឡប់មកចាប់ឆ្នោតយកផ្ទះដែលសង់រួចដោយក្រុមហ៊ុនស៊ូកាគូនោះទេ។ ស្រាប់តែមានការប្រជុំឲ្យពួកគាត់រើផ្ទះចេញពីដី បើមិនដូច្នេះសមត្ថកិច្ចចម្រុះនឹងរុះរើនៅថ្ងៃ១៧ ខែសីហា ដោយមិនធានាការបាត់បង់ទ្រព្យសម្បត្តិ។
ក្រុមអ្នកតវ៉ាបានឲ្យដឹងថា ៖ «អត់មានពាក្យសន្យា ទទេស្អាតតែម្ដង ត្រង់ហ្នឹងហើយដែលយើងអត់ទុកចិត្ត។ គេគ្រាន់តែថា ទៅសិន គេអត់មានថា កំណត់ខែនេះ ថ្ងៃនេះ ថ្ងៃនោះ ឲ្យយើងទេ។ មកសុំថា ឲ្យអភិបាលគាត់ជួយដោះស្រាយបញ្ឈប់ការបណ្ដេញចេញសិន»។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអាជ្ញាធរខណ្ឌ អាជ្ញាធរក្រុង និងតំណាងក្រុមហ៊ុនស៊ូកាគូ សុំការបំភ្លឺជុំវិញការចោទខាងលើ ប៉ុន្តែអស់លោកបានឆ្លើយថា ជាប់រវល់ប្រជុំនិងមិនធ្វើការអធិប្បាយតបទេ។
ក្នុងលិខិតជូនដំណឹងលេខ១៨០ស.ជ.ណ. អ.ណ.១ ធ្វើនៅថ្ងៃ១០ ខែសីហា ឆ្នាំ២០០៩ ចុះហត្ថលេខាដោយអភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ បានជូនដំណឹងដល់ប្រជាជនភូមិ២និងភូមិ៤ឲ្យប្រញាប់ទទួលយកគោលនយោបាយ៣ចំណុច ប្រសិនបើអ្នកយកមិនយកប្រាក់ផ្ដាច់ឬយកផ្ទះជាន់ក្រោមមួយល្វែង ហើយចង់អភិវឌ្ឍនៅកន្លែង ក៏ត្រូវតែរើផ្ទះចេញពីដីបឹងកក់ទៅតាំងទីលំនៅតាមការកំណត់របស់សាលាក្រុង។
អ្នកស្រី ពេជ្រ សុខណា ឲ្យដឹងថា ក្នុងភូមិ២នោះអ្នកមិនទាន់រុះផ្ទះសល់២ខ្នង ក្រៅពីនោះបានរើផ្ទះបណ្តើរៗហើយ ដោយខ្លាចគេប្រើកម្លាំងរុះរើនៅថ្ងៃច័ន្ទ ទី១៧ សីហា ដើមសប្តាហ៍ក្រោយ។ លោកស្រីថា បើនៅភូមិ៤នៅសល់ផ្ទះច្រើនខ្នងទៀត។
ចំណែកអ្នកភូមិ៤ដែលនៅច្រើនគ្រួសារជាងភូមិ២ បានឲ្យដឹងពីជំហរដែលមិនព្រមរើផ្ទះតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌនោះថា ៖ «អនុវត្តដែរ អគារប៉ុនបន្ទប់ទឹកហ្នឹងក៏អនុវត្តឲ្យគ្នាដែរ។ ដូច្នេះគ្រួសារខ្លះមានសមាជិកច្រើន អ៊ីចឹងបន្ទប់តូចៗហ្នឹងមិនអាចនៅបានទេ»។
តំណាងអភិបាលក្រុងបានចេញមកទទួលយកសំណើសុំផ្អាកការរុះរើផ្ទះរបស់អ្នកភូមិទាំង២ ហើយសន្យាលើកយកសំណើនោះទៅពិភាក្សាជាមួយសាលាខណ្ឌដូនពេញនិងក្រុមហ៊ុនស៊ូកាគូ តែទោះជាយ៉ាងណាអ្នកស្រុកនៅមិនទាន់ទុកចិត្តទាំងស្រុង ដោយការកំណត់ថ្ងៃរុះរើផ្ទះចុងក្រោយនៅថ្ងៃច័ន្ទ ទី១៧ ខែសីហា បានជិតមកដល់។
ចំណែកក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ថ្លែងថា ការអភិវឌ្ឍដោយមិនបានឲ្យជនរងនូវផលប៉ះពាល់ពីការអភិវឌ្ឍទទួលបានការយល់ព្រមនិងសំណងសមរម្យនោះជារឿងរំលោភសិទ្ធិរស់នៅរបស់ប្រជាជន។
ប្រជាពលរដ្ឋនិងសង្គមស៊ីវិលបានឲ្យដឹងថា ដីជម្លោះបឹងកក់មានទំហំ១៣៣ហិកតារ ពាក់ព័ន្ធប្រជាជន១០ភូមិចំនួនប្រមាណ៤ពាន់គ្រួសារ ហើយជម្លោះចាប់ផ្តើមពីឆ្នាំ២០០៧ ក្រោយពេលក្រុមហ៊ុនស៊ូកាគូបានច្បាប់អនុញ្ញាតវិនិយោគ៩៩ឆ្នាំ ហើយបានបូមខ្សាច់ចាក់លុបបឹងកក់នោះ៕
