ក្រុមប្រជាពលរដ្ឋបានប្រកែកយ៉ាងម៉ឺងម៉ាត់ក្រោយពេលដែលទទួលដំណឹងថា សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋបន្តរស់នៅលើកន្លែងចាស់នោះ។
អ្នកស្រី ចាន់ ណារ៉េន បានថ្លែងថា ៖ «មិនព្រមដាច់ខាត មិនព្រម។ វាលំបាកខ្លាំងណាស់ លំបាកមែនទែនតែម្ដង ដាច់បាយដាច់ទឹកហើយ តែទៅហ្នឹងដឹងតែដាច់ខ្យល់ងាប់មួយៗហើយ អត់បាយអត់ទឹកហើយ។ ពិបាកកូនរៀនសូត្រ ពិបាករស់នៅ ពិបាកការរកស៊ី ពិបាកការធ្វើដំណើរ លំបាកសព្វទាំងអស់»។
មន្ត្រីសាលាក្រុងភ្នំពេញមិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃទី១៧ ខែសីហា ដោយលោក កើត ឆែ និងលោក ហួត ហៃ នាយរងខុទ្ទកាល័យសាលាក្រុងភ្នំពេញ ដែលបានចូលរួមប្រជុំជាមួយតំណាងប្រជាពលរដ្ឋនៅសាលាក្រុងនោះឆ្លើយថាជាប់ប្រជុំ។
ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋ លោក ប៉ុល ទូរីស បានចូលរួមប្រជុំជាមួយមន្ត្រីសាលាក្រុងភ្នំពេញថ្លែងបន្តពាក្យរបស់មន្ត្រីសាលាកុ្រងថា សាលាក្រុងទុករយៈពេលឲ្យមួយសប្តាហ៍ចាប់ពីថ្ងៃទី១៧ សីហា ឲ្យប្រជាពលរដ្ឋរុះរើផ្ទះចេញពីតំបន់បឹងកក់។
លោក ប៉ុល ទូរីស បានបញ្ជាក់ថា ៖ «គេនៅតែថាមិនមានកន្លែងសម្រាប់ពួកខ្ញុំធ្វើបណ្ដោះអាសន្ននៅក្នុងហ្នឹងទេ នៅតែដាច់អហង្ការអ៊ីចឹង ហើយគេកំណត់រយៈពេលមួយអាទិត្យ គឺគេនឹងប្រើវិធានការរដ្ឋបាលចុះរុះរើផ្ទះអ្នកដែលមិនព្រមរុះរើលំនៅខ្លួនឯង។ គេថា បើសិនជាទុកពេលឲ្យអាជ្ញាធរប្រើវិធានាការរដ្ឋបាល គឺប្រជាពលរដ្ឋនឹងបានតែដីមួយប្លង់ទេ នៅត្រពាំងអញ្ចាញហ្នឹង អ៊ីចឹងគឺមិនបានអីក្រៅពីហ្នឹងទេ»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានឃ្លាំមើលដំណើរការនៃការអភិវឌ្ឍនៅតំបន់បឹងកក់នោះ បានថ្លែងឲ្យដឹងថា ៖ «បើទោះបីជាមិនទាន់បានដេញប្រើប្រាស់កម្លាំងក៏ដោយ ប៉ុន្តែអនុភាពនៃសាលាក្រុងធ្លាប់ធ្វើកន្លងផុតមកនេះបានញាំញីនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងវាជាការមួយដែលយើងគិតថា អំពើនៃការដេញចេញដោយបង្ខំ ហើយនិងការបង្ខិតបង្ខំលើផ្លូវចិត្តនេះ គឺជាទារុណកម្មមួយធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋនៅបឹងកក់នេះទទួលរងគ្រោះថ្នាក់»។
សូមបញ្ជាក់ថា តំបន់បឹងកក់ត្រូវរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន វិនិយោគរយៈពេល៩៩ឆ្នាំ។ បន្ទាប់ពីកិច្ចសន្យាវិនិយោគនោះ អ្នកភូមិដែលរស់នៅប្រហែល១ពាន់គ្រួសារត្រូវប្រឈមមុខក្នុងការបណ្តេញចេញដែលមកដល់ពេលនេះការទាមទារឲ្យដោះស្រាយសំណងកំពុងជួបនូវភាពចម្រូងចម្រាស៕
