ពលរដ្ឋ​នៅ​បឹង​កក់​សុំ​ឲ្យ​អាជ្ញាធរ​រៀបចំ​ប្រព័ន្ធ​លូ​ដូច​ដើម

កាល​ពី​ព្រឹក​ថ្ងៃ​២ កុម្ភៈ អ្នក​ភូមិ​៣ ប្លុក​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ប្រមាណ ៤០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ២៤០​គ្រួសារ​បាន​ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​អភិបាល​​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ​ចូល​បឹងកក់​ដូច​ដើម​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ូកាគូ​បាន​បូម​ខ្សាច់​ចាក់​ចូល​បឹងកក់ និង​បិទ​ប្រព័ន្ធ​លូ​នោះ​ធ្វើ​ឲ្យ​ទឹក​លូ​ស្អុយ លិច​ផ្ទះ​អស់​​ជា​ច្រើន​ខែ។

តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ តាំង ភួង បាន​មាន​ប្រសាសន៍​ថា សព្វថ្ងៃ​អ្នក​ភូមិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​បន្ទាប់​ពី​ទឹក​លូ​ស្អុយ​លិច​ផ្ទះ​នេះ​មក គឺ​ក្មេងៗ​កើត​កម​រមាស់ និង​មិន​អាច​លក់​ដូរ​បាន ទោះបី​ជា​រដូវ​នេះ​ជា​រដូវ​ក្តៅ​ក្តី ប៉ុន្តែ​កាលពី​មុន​តំបន់​ភូមិ​៣ បឹងកក់​នេះ មិន​ដែល​លិច​ទឹក​នោះ​ទេ។

ស្ត្រី​ឈ្មោះ តាំង ភួង បាន​បញ្ជាក់​ថា ៖ «ការ​លំបាក​មួយ​ទៀត ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្ញុំ​ហ្នឹង​វា​មាន​ក្មេង​កើត​ជំងឺ​គ្រុន​ឈាម ឈឺ​ថ្កាត់​ច្រើន។ ណា​មួយ​ទឹក​វា​ស្អុយ ការ​រស់នៅ​វា​ពិបាក ហើយ​ទី​២ កូន​សិស្ស​ដែល​ទៅ​រៀន​ពិបាក​ធ្វើ​ដំណើរ​ទៅ​រៀន»

អភិបាល​រង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ បាន​មាន​ប្រសាសន៍​ថា កន្លង​មក​លោក​បាន​រៀបចំ​ម៉ាស៊ីន​បូម​ទឹក​ចេញ​នោះ​រួច​ហើយ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ម៉ាស៊ីន​ខូច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​បូម​ទឹក​នោះ​ចេញ។

លោក សុខ ពេញវុធ បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​រៀបចំ​ប្រព័ន្ធ​លូ​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​បណ្តា​ប្រជាពលរដ្ឋ​បាន​អះអាង​ថា កន្លង​មក​ខាង​សាលា​ខណ្ឌ​ដូនពេញ​បាន​បូម​ទឹក​លូ​នោះ​ចេញ​មែន ប៉ុន្តែ​ម៉ាស៊ីន​តូច​មិន​អាច​បូម​ទាន់​កម្លាំង​ទឹក​លូ​ហូរ​ច្រើន​នោះ​ទេ គឺ​នៅតែ​លិច​ផ្ទះរ​បស់​ពួក​គេ​ដដែល។

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក ទីន ហ្សាការីយ៉ា ៖