អ្នក​ភូមិ​នៅ​បឹងកក់​គ្រោង​ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ

អ្នក​ភូមិ​រស់​នៅ​ភូមិ​ទី​៣​បឹងកក់​ប្រមាណ​១០០​នាក់ ក្នុង​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​៣១ មករា​ថា ពួកគេ​គ្រោង​នឹង​ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២ កុម្ភៈ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន​ស៊ូកាគូ ដែល​បាន​បូម​ខ្សាច់​លុប​លូ​បង្ហូរ​ទឹក​ស្អុយ​ដែល​បណ្តាល​ឲ្យ​ទឹក​លូ​ស្អុយ​លិច​ផ្ទះ​របស់​ពួកគេ​ពិបាក​រស់​នៅ។

0:00 / 0:00

ស្រ្តី​ម្នាក់​អះអាង​ថា ជា​តំណាង​ប្រជាពលរដ្ឋ​ភូមិ​៣​បឹងកក់ ឈ្មោះ តាំង ភួង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បូម​ខ្សាច់​លុប​បឹងកក់ ហើយ​បណ្តាល​ឲ្យ​ទឹក​លូ​ស្ទះ​និង​លិច​ផ្ទះ​របស់​ពួកគាត់​ពិបាក​រស់​នៅ ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា និង​ក្មេងៗ​កើត​ជំងឺ​កម​រមាស់​ផ្សេងៗ ហើយ​ពួកគេ​នឹង​ទៅ​តវ៉ា​អំពី​បញ្ហា​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ។

អ្នកស្រី តាំង ភួង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «លំបាក​ខ្លាំង​ណាស់ ទឹក​លិច កូន​ចៅ​ដើរ​លុយ​ទឹក​ស្អុយ មូស​កាន់​តែ​ច្រើន​ពិបាក​រស់​នៅ ធំ​ក្លិន​ស្អុយ»

ស្រ្តី​មួយ​រូប​ទៀត​បាន​បញ្ជាក់​ថា ពួកគាត់​រស់​នៅ​ភូមិ​៣​បឹង​កក់ តាំង​ពី​ឆ្នាំ​១៩៧៩​មក​មិន​ដែល​លិច​ទឹក​ទេ ប៉ុន្តែ​បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ូកាគូ​ធ្វើការ​បូម​ខ្សាច់​ចាក់​ដី​លុប​បឹង​កក់ និង​ចាក់​លុប​លូ​ទៀត​នោះ ធ្វើ​ឲ្យ​ទឹក​លូ​ស្អុយ​ស្ទះ​លិច​ផ្ទះ​របស់​ពួកគេ ៖ «ប្រជាជន​នៅ​សង្កាត់​ស្រះចក​ខាង​មួយ​ជួរ​ខ្ញុំ​ហ្នឹង វត្ត​នាគវ័ន្ត​រហូត​មក​ដល់​ក្ដាន់​ពីរ ម្ដុំ​ហ្នឹង​ត្រូវ​ប្រើ​បង្ហូរ​ចូល​ម្ដុំ​ហ្នឹង​ទាំង​អស់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បភ្លឺ​ពី​ភាគី​ក្រុមហ៊ុន​ស៊ូកាគូ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ មករា។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន មិន​បាន​ធ្វើ​អធិប្បាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​លោក​សួរ​ទៅ​អភិបាល​ខណ្ឌ​ដូនពេញ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​រឿង​នេះ។

អភិបាល​រង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​ទឹក​លិច​នេះ​ទេ ៖ «ជាប់​នៅ​ឆ្ងាយ អត់​បាន​មើល​សភាព​ការណ៍​ហ្នឹង​ផង។ ចាំ​មើល៍​ខ្ញុំ​សួរ​ទៅ​មន្រ្តី​ខ្ញុំ​សិន»

នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន លោក ស៊ា ភារម្យ បាន​មាន​ប្រសាសន៍​ពី​បញ្ហា​នេះ​ដូច្នេះ ៖ «តាម​ពិត​ទៅ​វា​ជា​យុទ្ធសាស្រ្ដ​មួយ​ដែរ ខាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហ្នឹង បើ​សិន​ជា​មិន​មាន​បញ្ហា​ហ្នឹង​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មិន​ព្រម​ចាក​ចេញ​អ៊ីចឹង។ ខ្ញុំ​គិត​ថា យើង​គួរ​តែ​ជជែក​គ្នា ដាក់​បញ្ហា​នៅ​លើ​តុ​ដោះស្រាយ​រួម​គ្នា យោង​ទៅ​តាម​ច្បាប់​ភូមិបាល»

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ទឹក​លូ​ស្អុយ​បាន​លិច​ផ្ទះ​របស់​ពួកគេ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩​មក ហើយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ដដែល ពួកគេ​បាន​តវ៉ា​ម្តង​រួច​ហើយ ភាគី​ក្រុមហ៊ុន​សន្យា​ថា នឹង​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ឲ្យ​ឡើង​វិញ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ក៏​ដូចជា​អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

លោក ស៊ា ភារម្យ បាន​ថ្លែង​ថា ជម្លោះ​ដី​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់ មាន​ផ្ទៃ​ដី​ទំហំ​១៣៣​ហិកតា ដែល​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ ហើយ​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ។

ជម្លោះ​នេះ​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ូកាគូ មាន​ច្បាប់​វិនិយោគ​ពី​រដ្ឋាភិបាល​ចំនួន​៩៩​ឆ្នាំ អភិវឌ្ឍន៍​ធ្វើ​ទីក្រុង​គុជ គឺ​ទីក្រុង​ថ្មី​នៅ​តំបន់​បឹងកក់​នោះ៕