ពិធីបន់ស្រន់ដាក់បណ្តាសាក្រុមហ៊ុននេះគឺបានធ្វើឡើងនាល្ងាចថ្ងៃសុក្រ ទី១២ ខែមិថុនានេះ ដោយពលរដ្ឋបានសន្មត់គ្នាថា ចាប់ពីម៉ោង៦ល្ងាចត្រូវនាំគ្នាដុតធូបគ្រប់ផ្ទះរៀងខ្លួនហើយអ្នកខ្លះទៀតបានមកជួបជុំគ្នានៅក្នុងភូមិ៦នៃតំបន់បឹងកក់ដើម្បីដុតធូបរួមគ្នាធ្វើពិធីដាក់បណ្តាសានោះ។
ពលរដ្ឋម្នាក់ឈ្មោះ បេ ផារុំ បានថ្លែងថា ដោយសារតែពួកគាត់លែងមានជំនឿលើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការដោះស្រាយអំពីទុក្ខលំបាករបស់ពួកគាត់ ទើបពួកគាត់គ្នាំនាដុតធូបដើម្បីដាក់បណ្តាសាក្រុមហ៊ុនស៊ូកាគូ ៖ «សូមឲ្យព្រះអង្គលោកជួយ ឥសី ម្ចាស់ទឹក ម្ចាស់ដី លោកតាបឹងកក់ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម បើអ្នកណាធ្វើអាក្រក់ឲ្យស្លាប់ រន្ទះបាញ់»។
ពលរដ្ឋបានបន្តថា នៅប៉ុន្មានម៉ោងបន្ទាប់ពីពួកគាត់ធ្វើពិធីបន់ស្រន់ដាក់បណ្តាសានោះ ស្រាប់តែមានភ្នាក់ងារដែលមានឯកសណ្ឋានជាស៊ីវិល ហើយខ្លះប្រដាប់ដោយអាវុធផងនោះបានទៅសម្លុតគំរាមកំហែងពលរដ្ឋដែលហ៊ានធ្វើពិធីបន់ស្រន់នោះ។
នៅគ្រានោះភ្នាក់ងារក៏ថែមទាំងបានរឹបអូសយកធុងទឹកអំពៅមួយរបស់ពលរដ្ឋនៃតំបន់បឹងកក់នោះដោយចោទថាបានដាក់ធុងទឹកអំពៅលើដីរបស់ក្រុមហ៊ុន។
រហូតមកទល់នៅព្រឹកថ្ងៃទី១៣ មិថុនានេះ ពលរដ្ឋប្រមាណ៥០នាក់បាននាំគ្នាទៅកាន់ទីស្នាក់ការរបស់ក្រុមហ៊ុនស៊ូកាគូដើម្បីទាមទារយកធុងទឹកអំពៅនោះមកវិញ។
អ្នកស្រី មុំ ផល ជាម្ចាស់ធុងទឹកអំពៅថ្លែងថា ៖ «កាំភ្លើងគំរាមខ្ញុំ ប៉ុន្តែខ្ញុំអត់ខ្លាចទេ ខ្ញុំថាបាញ់ខ្ញុំ ខ្ញុំអត់ខ្លាចទេ ងាប់ខ្ញុំមួយនៅបងប្អូនខ្ញុំច្រើនដែរ»។
នៅថ្ងៃដដែលនេះអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានចូលក្នុងរបងក្រុមហ៊ុនក្នុងបំណងសាកសួរព័ត៌មានអំពីការចោទប្រកាន់ខាងលើ ប៉ុន្តែត្រូវភ្នាក់ងារក្រុមហ៊ុននិងមន្ត្រីដែលមានឯកសណ្ឋានជាប៉ូលិសផងបាននាំគ្នាមកហាមឃាត់មិនឲ្យចូលទៅសាកសួរបានឡើយ។
វិទ្យុអាស៊ីសេរីក៏បានព្យាយាមទូរស័ព្ទដើម្បីសុំការបំភ្លឺពីមន្ត្រីសង្កាត់ស្រះចកនិងអភិបាលខណ្ឌដូនពេញជុំវិញការចម្រូងចម្រាសនេះ ប៉ុន្តែទាក់ទងមិនបានទេ។
ទោះបីជាយ៉ាងណាក៏ដោយប្រធានភូមិ៤ក្នុងតំបន់បឹងកក់ លោក សា រឿន មានប្រសាសន៍ថា លោកបានឲ្យដឹងថា ក្រុមហ៊ុនបានយកធុងទឹកអំពៅរបស់ប្រជាពលរដ្ឋពិតមែន ប៉ុន្តែលោកមិនមានសិទ្ធិនិងភារៈដោះស្រាយបញ្ហានោះទេ។
ផែនការអភិវឌ្បន៍តំបន់បឹងកក់លើផ្ទៃដី១៣៣ហិកតារដែលរដ្ឋាភិបាលកម្ពុជាបានជួលឲ្យក្រុមហ៊ុនឯកជនស៊ូកាគូក្នុងរយៈពេល៩៩ឆ្នាំនោះបាននាំឲ្យប្រជាពលរដ្ឋខ្លះជំទាស់និងតវ៉ាជាបន្តបន្ទាប់៕
