អ្នក​ភូមិ​នៅ​បឹងកក់​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​រំដោះ​ទឹក​ចេញ

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​មក​តវ៉ា​ដល់​មុខ​ក្រុមហ៊ុន​ស៊ូកាគូ សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​កាយ​ប្រឡាយ ឬ​ដាក់​លូ​បង្ហូរ​ទឹក​ចេញ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ថា នេះ​ជា​តួនាទី​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

0:00 / 0:00

អ្នកស្រុក​ប្រមាណ​៣០​នាក់ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នាំ​គ្នា​ទៅ​សុំ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ​ជួយ​រំដោះ​ទឹក​ចេញ​ពី​ភូមិ​លេខ​៣ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​មីនា។

ការ​លើក​គ្នា​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ​នេះ ដោយសារ​ក្រុមហ៊ុន​នោះ​អភិវឌ្ឍ​បឹងកក់ បូម​ខ្សាច់​លុប​បឹងកក់ បណ្តាល​ឲ្យ​បិទ​លូ​បង្ហូរ​ទឹក​ចេញ​ពី​ភូមិ​លេខ​៣ នាំ​ឲ្យ​ទឹក​លិច​ភូមិ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​មុន មក​ដល់​ពេល​នេះ ៖ «គាត់​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​ប្រជាជន ព្រោះ​យើង​រក​លុយ​ចំណេញ​ដាក់​ហោប៉ៅ​យើង ហើយ​ធ្វើ​ឲ្យ​លិច​គេ​វា​អត់​សមហេតុ​ផល»

អ្នកស្រី ជុំ វ៉ារាជ បាន​ឲ្យ​ដឹង​ថា ផ្ទះ​គាត់​បាន​លិច​ទឹក​ដែល​មិន​ហូរ​ចេញ​ក្រៅ ៖ «បូម​ទឹក​ពី​កន្លែង​ខ្ញុំ​ទៅ​ហ្នឹង បូម​លុប​លើ​ខ្សាច់ ទឹក​ហ្នឹង​វា​ជ្រាប ច្រោះ​ខ្សាច់​មក​វិញ ហូរ​ចូល​វិញ​ដដែល។ អត់​ស្រក ឡើង​កាន់​តែ​ខ្លាំង លិច​កាន់តែ​ខ្លាំង​ទៅៗ»

អ្នកស្រី សាំង ភួង បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ស្វែង​រក​ប្រាក់​ចំណូល​ខ្លួន​ឯង តែ​មក​បង្ក​ការ​លំបាក​ដល់​អ្នក​ភូមិ​រស់​នៅ​ជុំវិញ​បឹងកក់។ អ្នកស្រី​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ សាលា​ក្រុង​ភ្នំពេញ បាន​យក​ម៉ាស៊ីន​មក​បូម​ទឹក​ចេញ​ពី​ភូមិ​ដែរ ប៉ុន្តែ​ម៉ាស៊ីន​បូម​ទឹក​តូច បូម​ទឹក​ចេញ​មិន​ទាន់ បណ្ដាល​ឲ្យ​ទឹក​ចាល់​មក​ក្នុង​ភូមិ ទើប​អ្នក​ស្រុក​នាំ​គ្នា​សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​កាយ​ប្រឡាយ​វិញ។

អ្នកស្រី សាំង ភួង ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​លិច​ត្រឹម​ជង្គង់​ហើយ ចូល​ក្នុង​ផ្ទះ លិច​គ្រែ​ដេក​ហើយ។ ព្រឹកមិញ​(១ មីនា)​នេះ​គេ​ថា ចាំ​គេ​ឲ្យ​ព័ត៌មាន​តាម​សង្កាត់​ខណ្ឌ​ឲ្យ​គេ​ចុះ​មក​មើល​ផ្ទាល់ ឲ្យ​គេ​ជួយ​ដោះស្រាយ»

អាជ្ញាធរ​ភូមិ​លេខ​៣ លោក ដួង ស៊ីម មាន​ប្រសាសន៍​ថា កន្លង​មក​អ្នក​រស់​នៅ​ជុំវិញ​បឹងកក់​មិន​ដែល​លិច​ទឹក​ទេ ព្រោះ​ទឹក​ប្រើប្រាស់​តាម​ផ្ទះ​មាន​លូ​ចាស់​សម្រាប់​បង្ហូរ​ទម្លាក់​ទៅ​ក្នុង​បឹងកក់។ ប៉ុន្តែ​ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូកាគូ​បូម​ខ្សាច់​លុប​បឹងកក់​កាន់តែ​ជិត​ពេញ​បឹង​ធ្វើ​ឲ្យ​លូ​ចាស់​នោះ​ស្ទះ ទើប​ទឹក​បង្ហូរ​ចេញ​តាម​ផ្ទះ​ទម្លាក់​ទៅ​បឹងកក់​នោះ​មិន​អាច​ហូរ​ត​ទៅ​ទៀត​បាន។ លោក​ថា ទឹក​នោះ​លិច​ផ្ទះ​ទាបៗ ជិត​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ប៉ះពាល់​ប្រជាជន​ប្រមាណ​៤០​គ្រួសារ​ក្នុង​ចំណោម​ជាង​២២០​គ្រួសារ​នៃ​ភូមិ​លេខ​៣​នេះ។ លោក​ថា អាជ្ញាធរ​ភូមិ​សង្កាត់​និង​សាលា​ក្រុង​បាន​យក​ម៉ាស៊ីន​បូម​ទឹក​មក​បូម​ទឹក​ចេញ​ពី​ភូមិ​ដែរ ប៉ុន្តែ​ទឹក​ប្រើប្រាស់​តាម​គ្រួសារ​ច្រើន​ជាង​ទឹក​បូម​ចេញ​ពី​កន្លែង​លិច។ លោក​ថា ប៉ុន្មាន​ថ្ងៃ​នេះ ម៉ាស៊ីន​បូម​ទឹក​នោះ​ខូច​ទៀត កំពុង​ជួសជុល ទើប​អាក់​ខាន​បូម​ ធ្វើ​ឲ្យ​ទឹក​ចាល់​ឡើង​ខ្ពស់​ជាង​សព្វ​ដង។

លោក ដួង ស៊ីម មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​កំពុង​តែ​ស្នើដល់​ក្រុមហ៊ុន​ហ្នឹង ជួយ​ឲ្យ​ម៉ាស៊ីន​ធំ​បន្តិច​ដើម្បី​យើង​បូម។ ទោះ​បី​យើង​បូម​ស្រក​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​បញ្ហា​ប្រព័ន្ធ​បណ្ដាញ​ទឹក​នេះ​វា​អត់​មាន​ច្រក​ចេញ គ្រាន់​តែ​បាន​បណ្ដោះ​អាសន្ន​ទេ...»

អតីត​តំណាង​ក្រុមហ៊ុន​ស៊ូកាគូ លោក ឡៅ វណ្ណៈ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ជា​អ្នក​វិនិយោគ សាលា​ក្រុង​គួរ​តែ​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​ភូមិ​លេខ​៣​នេះ ៖ «បង​មក​សួរ​ខាង​វិនិយោគ​ម៉េច​នឹង​ត្រូវ អ្នក​វិនិយោគ​គេ​ធ្វើ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ឲ្យ​ធ្វើ»

មន្រ្តី​សាលាក្រុង​ភ្នំពេញ​មិន​អាច​ទាក់​ទង​បាន​ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​សំណូមពរ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​អ្នក​ភូមិ​លេខ​៣​បាន​ទេ​នៅ​ថ្ងៃ។

មន្រ្តី​លេខាធិការដ្ឋាន​សិទ្ធិ​លំនៅឋាន លោក ណើប លី ថ្លែង​ថា អាជ្ញាធរ​ក្រុង​និង​ក្រុមហ៊ុន​ស៊ូកាគូ​គួរ​តែ​ពិចារណា​កាយ​ប្រឡាយ ឬ​ធ្វើ​ប្រព័ន្ធ​លូ​ឲ្យ​បាន​មុន​រដូវ​ភ្លៀង។ បើ​ទឹក​រំដោះ​ចេញ​ពី​ភូមិ​បាន​តិច​នៅ​រដូវ​ប្រាំង ទម្រាំ​ដល់​ទឹក​ភ្លៀង​ធ្លាក់​មក​ទៀត ទឹក​អាច​នឹង​លិច​ភូមិ​លេខ​៣​និង​ភូមិ​ដទៃ​ជុំវិញ​ក្រុមហ៊ុន​ស៊ូកាគូ​នេះ​មិន​ខាន៕