អ្នក​ភូមិ​នៅ​បឹងកក់​តវ៉ា​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្រ្តី

ប្រជាជន​៨​ភូមិ​នៃ​តំបន់​បឹងកក់ នាំ​គ្នា​ប្រមាណ​២០០​នាក់​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្រ្តី​ខ្មែរ​ក្បែរ​វិមាន​ឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ទាក់ទង​នឹង​ទំនាស់​ដី​នៅ​តំបន់​បឹងកក់​កណ្តាល​រាជធានី​ភ្នំពេញ។

0:00 / 0:00

តំណាង​ឲ្យ​ក្រុម​អ្នក​តវ៉ា​បាន​ឲ្យ​ដឹង​ថា គាត់​នាំ​គ្នា​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​មីនា ឆ្នាំ​២០១០​នេះ មក​ពី​ថ្មីៗ​នេះ​មាន ស.ជ.ណ ចេញ​ថ្ងៃ​២ ខែ​មីនា ឲ្យ​ប្រជាជន​ឆាប់​រើ​ចេញ​ពី​បឹងកក់ និង​ឲ្យ​ទទួល​យក​សំណង​មិន​សមរម្យ។ ម្យ៉ាង​ទៀត​មាន​ផែនទី​ពី​សុរិយោ​ដី​ក្រុង​បង្ហាញ​ទំហំ​ដី ត្រូវ​ក្រុមហ៊ុន​សូកាគូ​អភិវឌ្ឍន៍ បាន​គូស​យក​ដី​នៅ​លើ​គោក​ទៀត ប៉ះពាល់​៨​ភូមិ មាន​ភូមិ​លេខ​១ លេខ​៣ លេខ​៦ លេខ​២០, ២១, ២២, ២៣​និង​លេខ​២៤។

អ្នកស្រី​ថា ផែន​ទី​នោះ​បាន​គូស​វាង​វិហារ​ចាម​និង​ផ្ទះ​ចាម​មួយចំនួន វាង​ក្រសួង​ព័ត៌មាន​វាង​សណ្ឋាគារ​ភ្នំពេញ វាង​មន្ទីរពេទ្យ​កាល់ម៉ែត វាង​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ​និង​វាង​ស្ថានទូត​បារាំង។ អ្នកស្រី​ថា បើ​វាង​វិហារ​ចាម​នោះ ពួកគាត់​មិន​ទទួល​ស្គាល់​ទេ ព្រោះ​វិហារ​ចាម​នោះ​ទើប​សង់​ក្នុង​សម័យ​អ៊ុនតាក់​ចូល​ស្រុក​រៀបចំ​បោះ​ឆ្នោត​ដំបូង​ឆ្នាំ​១៩៩៣។ ចំណែក​ពួកគាត់​រស់​នៅ​លើ​ដី​គោក​ក្បែរ​បឹងកក់ តាំង​ពី​ឆ្នាំ​១៩៨០​មក​នោះ។ អ្នកស្រី​បន្ត​ថា ផែនទី​គូស​ព័ទ្ធ​យក​ដី​គោក ប៉ះ​ពាល់​៨​ភូមិ​នៅ​ក្បែរ​បឹងកក់​នោះ និង​ប៉ះពាល់​មនុស្ស​កំពុង​រស់​នៅ​មាន​ទាំង​មន្រ្តី​រាជការ​ផង​ប្រមាន​៣.០០០​គ្រួសារ។

តំណាង​អ្នក​តវ៉ា​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ក្រៅ​ពី​ហ្នឹង​គេ​កៀរ​ទាំងអស់ ប្រជាជន​អត់​មាន​សិទ្ធិ​រស់​នៅ​តំបន់​ហ្នឹង​ទេ ម្ល៉ោះ​ហើយ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ហើយ​មក​សំណូមពរ​សម្ដេច ឲ្យ​សម្ដេច​ជួយ»

តំណាង​អ្នក​តវ៉ា​មក​ពី​ភូមិ​៦ ឲ្យ​ដឹង​បន្ថែម​ថា ពួកគាត់​មក​តវ៉ា​ត្រូវ​មន្រ្តី​ធ្វើការ​នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សុំ​ឲ្យ​ពួកគាត់​រើស​តំណាង​៣​នាក់​ចូល​ចរចា ប៉ុន្តែ​ពួកគាត់​ខ្លាច​តំណាង​និយាយ​ខុស ដោយ​ផ្ទះ​រៀង​ខ្លួន​មាន​ធំ មាន​តូច មាន​ថ្ម មាន​ឈើ និង​ខ្លាច​មាន​ការ​ចាប់​ខ្លួន​តំណាង​បាន​ជា​ពួកគាត់​ចង់​ចូល​ជួប​លោក ហ៊ុន សែន ទាំង​អស់​គ្នា។

អ្នកស្រី​បន្ត​ថា ៖ «ខុទ្ទកាល័យ​នៅ​ក្រោម​ដើម​ពោធិ៍​នោះ​ឲ្យ​ប្រជាជន​យក​ស្នាម​មេដៃ​ទៅ​ឲ្យ តែ​ប្រជាជន​មិន​ឲ្យ ថា​អ្នក​ហ្នឹង​មិន​មែន​តំណាង​ខុទ្ទកាល័យ​របស់​សម្ដេច​នាយករដ្ឋមន្រ្តី​ទេ ជា​ក្រុមហ៊ុន​ទេ។ គេ​អត់​ឲ្យ»

តំណាង​អ្នក​តវ៉ា​មក​ពី​ភូមិ​២០​បាន​ឲ្យ​ដឹង​ថា ៖ «ព្រោះ​ក្រុមហ៊ុន​ទើប​កើត​២០០៨ ហើយ​ខ្ញុំ​ប្រជាជន​រស់​នៅ​តាំង​ពី​១០​ឆ្នាំ ២០​ឆ្នាំ​ហើយ​អត់​បាន​ទទួល​ប្លង់​កម្មសិទ្ធិ ចំណែក​ក្រុមហ៊ុន​ទទួល​បាន​ប្លង់​កម្មសិទ្ធិ ខ្ញុំ​ប្រជាជន​អត់​សុខ​ចិត្ត​ទេ»

ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក ណិប លី បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រជាជន​ព្យាយាម​រង់ចាំ​ជួប​លោក​នាយករដ្ឋមន្រ្តី​រយៈពេល​ច្រើន​ម៉ោង និង​ពុំ​មាន​ការ​ចុះ​ជួប​ទទួល​ពាក្យ​បណ្តឹង ឬ​ផ្តល់​ដំណឹង​ផ្សេងៗ​ពី​សំណាក់​មន្រ្តី​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី​មក​ឡើយ បែរ​ជា​មាន​សមត្ថកិច្ច​ខណ្ឌ​ចំការមន និង​ខណ្ឌ​ដូនពេញ បាន​ឲ្យ​ពលរដ្ឋ​ចេញ​ពី​មុខ​ផ្ទះ​នាយករដ្ឋមន្រ្តី​ទៅ​មុខ​វត្ត​បទុមវតី វិល​ចុះ​ឡើង​ច្រើន​សា។

ក្រុម​អ្នក​តវ៉ា​៨​ភូមិ​ពី​តំបន់​បឹងកក់​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា ពួកគាត់​បាន​វិល​មក​ផ្ទះ​វិញ​រង់ចាំ​ការ​តវ៉ា​ជា​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ ដោយ​ព្យាយាម​ចង់​ជួប​លោក​នាយករដ្ឋមន្រ្តី​ផ្ទាល់។

កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ អ្នក​ភូមិ​លេខ​២ រស់​នៅ​ក្នុង​ទឹក​បឹងកក់ បាន​យល់​ព្រម​យក​ប្រាក់​តាម​ការ​ដោះស្រាយ​ពី​សាលាក្រុង​មួយ​ចំនួន​និង​ខ្លះ​ទៀត​អះអាង​ថា សុំ​អភិវឌ្ឍ​នៅ​កន្លែង​តាម​ស.ជ.ណ​(សេចក្ដី​ជូន​ដំណឹង)៕