ពលរដ្ឋ​នៅ​បឹងកក់​បារម្ភ​ចំពោះ​គម្រោង​​ឲ្យ​​​​ចាក​ចេញ​ពី​លំនៅ​​សា​ជា​ថ្មី​ទៀត

2009-11-05

អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​ឲ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់ ចាក​ចេញ​ទៅ​រក​កន្លែង​ថ្មី​សា​ជា​ថ្មី​ម្តង​ទៀត ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង។

RFA Photo

ផ្ទះ​ដែល​សង់​នៅ​លើ​បឹង​កក់។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ១​ប្រមាណ​ជាង​៤០០​គ្រួសារ ក្នុង​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ក្តី​ព្រួយ​បារម្ភ​ជា​ថ្មី​ម្តង​ទៀត ដោយសារ​អាជ្ញាធរ​មាន​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​បន្ត​ទៀត ក្រោយ​ពេល​បុណ្យ​អុំ​ទូក បន្ទាប់​ពី​មាន​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​ភូមិ​៤ និង​ភូមិ​៦​កន្លង​មក​នោះ។

អ្នកស្រី ហង្ស សេង ដែល​អះអាង​ថា គ្រួសារ​របស់​គាត់​បាន​រស់​នៅ​ទី​នោះ​ជា​យូរ​ណាស់​មក​ហើយ បាន​មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ខែ​តុលា សាលា​ខណ្ឌ​ដូនពេញ បាន​ចេញ​លិខិត​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​ទំនាក់​ទំនង​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចរចា​ទទួល​យក​គោល​ការណ៍​ដោះ​ដូរ​ទី​លំនៅ​ថ្មី ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ តុលា ហើយ​ប្រសិន​បើ​នៅ​ក្រោយ​បុណ្យ​អុំ​ទូក​មិន​មាន​ការ​ចរចា ឬ​មាន​ការ​ព្រម​ព្រៀង​អ្វី​ទេ​នោះ អាជ្ញាធរ​នឹង​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឈូសឆាយ រុះរើ​ផ្ទះ​សម្បែង​នោះ​ទេ។

លោកស្រី ហង្ស សេង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រហែល​ជា​បុណ្យ​អុំ​ទូក​ហើយ​ហ្នឹង គេ​មក​ប្រាប់​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំ​ភ័យ»

លោកស្រី​បាន​សម្តែង​នូវ​ក្តី​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ​បន្ត​ទៀត​ថា ៖ «កាល​ពី​ជំនាន់​ប៉ុលពត​ខ្ញុំ​ភ័យ​ម្ដង ដល់​ពេល​ឥឡូវ​ភ័យ​ម្ដង​ទៀត​ហើយ។ ភ័យ​ត្រង់​គេ​មក​គំរាម​យក​ផ្ទះ​ហ្នឹង​ថា បើ​មិន​ទទួល​៨.០០០​ដុល្លារ​ហ្នឹង​ទេ គេ​នឹង​រុះ​ផ្ទះ​ខ្ញុំ»

បុរស​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់​នៅ​ភូមិ​១ តំបន់​បឹងកក់​នោះ​ដែរ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៅ​តែ​ដើរ​បំភ័យ​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​សំណង​៨.០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ចេញ បើ​មិន​ព្រម​នឹង​មិន​បាន​អ្វី​ទាំង​អស់។

បុរស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រធាន​ភូមិ​ប្រាប់​យើង បើ​យើង​មិន​ទទួល​យក​គោល​ការណ៍​៨.០០០​ដុល្លារ​ហ្នឹង គេ​ឈូស​ឆាយ​ផ្ទះ​យើង ហើយ​គេ​អត់​ឲ្យ​លុយ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​រាជធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ថា ៖ «តាម​ខ្ញុំ​ដឹង កម្មវិធី​ហ្នឹង​មាន​ជំហាន​របស់​គេ។ ជំហាន​អ្នក​នៅ​ក្នុង​ទឹក​១២០០-​១៣០០ វា​ចប់​ដំណាក់​កាល​ទី​១​ហើយ។ យើង​នឹង​ទៅ​ទៀត បន្ត​អ្នក​នៅ​លើ​គោក​ខ្លះ ក្នុង​ទឹក​ខ្លះ»

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ គឺ​ធ្វើ​ឡើង​ឲ្យ​តែ​ល្អ​មើល ប៉ុន្តែ​អ្វី​ដែល​សាធារណជន​កំពុង​តែ​មើល​ឃើញ​បច្ចុប្បន្ន គឺ​ប្រជាពលរដុ្ឋ​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង និង​គាប​សង្កត់​គ្រប់​បែប​យ៉ាង ជា​ពិសេស​ស្ថានភាព​​បរិស្ថាន​ជុំវិញ​កន្លែង​រស់​នៅ និង​ការ​ផ្តល់​តម្លៃ​មិន​សមរម្យ​តាម​តម្លៃ​ដី​នៅ​លើ​ទី​ផ្សារ ដែល​​អាច​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្វែង​រក​ទី​លំនៅ​ថ្មី​សមរម្យ​ដោយ​​ខ្លួន​ឯង​បាន។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ថា គេ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ចរចា និង​ធ្វើការ​រៀបចំ​អំពី​អ្នក​ដែល​ទទួល​យក​នូវ​គោល​នយោបាយ​របស់​សាលា​ក្រុង​ភ្នំពេញ​ចំនួន​៣​ចំណុច»

លោក​បន្ត​ថា ក្នុង​នាម​សង្គម​ស៊ីវិល លោក​អំពាវនាវ​សូម​ឲ្យ​រដ្ឋាភិបាល​គិត​គូរ​ពី​តម្លៃ​នៃ​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​ដោយ​ជៀស​វាង​នូវ​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ប្រការ​ណា​មួយ។

បឹងកក់​មាន​ទំហំ​ប្រមាណ​១៣៣​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​អភិវឌ្ឍន៍​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ ធ្វើការ​អភិវឌ្ឍ​ក្នុង​រយៈ​ពេល​៩០​ឆ្នាំ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សមត្ថកិច្ច​បណ្ដេញ​អ្នក​ភូមិ​៤​នៃ​តំបន់​បឹង​កក់​មិន​ឲ្យ​ធ្វើការ​តវ៉ា

ពលរដ្ឋ​៧០​គ្រួសារ​នៃ​តំបន់​បឹង​កក់​នៅ​តែ​បន្ត​ការ​តវ៉ា​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ

អ្នក​ភូមិ​៤​នៃ​តំបន់​បឹងកក់​សំណូមពរ​រស់នៅ​កន្លែង​ចាស់​បន្ត​ទៀត

ពលរដ្ឋ​នៅ​បឹង​កក់​មួយ​ចំនួន​បង្ខំ​ចិត្ត​ទទួល​សំណង​ក្នុង​ការ​ចាក​ចេញ

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការបណ្ដេញ​ពលរដ្ឋ​នៅ​បឹង​កក់

អ្នក​ភូមិ​ប្រមាណ​៤០​នាក់​នៅ​បឹង​កក់​ស្នើសុំ​អាជ្ញាធរ​ឲ្យ​ផ្អាក​គម្រោង​រុះរើ​ផ្ទះ

ពលរដ្ឋ​នៅ​បឹងកក់​​បារម្ភ​បន្ទាប់​ពី​ផ្ទះ​ខ្លះ​រលំ​​ដោយសារ​ការ​បូម​ខ្សាច់

អ្នក​ភូមិ​នៅ​បឹង​កក់​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្ទះ​បាក់​ដោយ​សារ​ការ​បូម​ខ្សាច់

ពលរដ្ឋ​នៅ​បឹងកក់​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ក្រុមហ៊ុន​ស៊ូកាគូ