អ្នក​ភូមិ​បឹង​កក់​ម្នាក់​សម្លាប់​ខ្លួន​ដោយសារ​វិបត្តិ​ដីធ្លី

ក្រុម​គ្រួសារ និង​អ្នក​ភូមិ​នៅ​បឹង​កក់ បាន​អះអាង​ថា បុរស​ម្នាក់​រស់​នៅ​តំបន់​បឹង​កក់ បាន​ធ្វើ​អត្តឃាត កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​ខ្វល់ខ្វាយ​ពី​បញ្ហា​ផ្ទះសម្បែង។

0:00 / 0:00

ការ​ចេញ​មុខ​តវ៉ា​កាន់កាប់​លំនៅឋាន​របស់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សា​តែ​ពុំ​បាន​ទទួល​ដំណោះ​ស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ នៅ​ឡើយ​នោះ ទី​បញ្ចប់​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​រស់នៅ​តំបន់​បឹង​កក់​សម្រេច​ចិត្ត​លោត​ទឹក​សម្លាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​ឧសភា។

ស្ត្រី​វ័យ ៦១​ឆ្នាំ ឈ្មោះ ម៉ៅ លី រស់​នៅ​ភូមិ​២៤ តំបន់​បឹង​កក់ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ជា​ម្ដាយ​ជន​រងគ្រោះ បាន​ថ្លែង​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ សាន សំអុល ហៅ​គោក អាយុ ៣៨​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ជា​បុរស​ពោះម៉ាយ និង​មាន​កូន​ប្រុស​ម្នាក់​អាយុ ១៧​ឆ្នាំ បាន​មក​រស់​នៅ​ជាមួយ​គាត់​នៅ​តំបន់​បឹង​កក់ តាំង​ពី​ឆ្នាំ​១៩៩៤​មក។

អ្នកស្រី​បន្ត​ថា កូន​របស់​គាត់​ពុំ​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​ទំនាស់​ជាមួយ​នរណា​នោះ​ទេ ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​កូន​របស់​គាត់​មាន​អារម្មណ៍​តប់​ប្រមល់ និង​ខ្វល់ខ្វាយ​ច្រើន​ពី​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ៖ «រត់​ម៉ូតូ​ឌុប​កញ្ចាស់​មួយ​នៅ​ចោល​ក្នុង​ផ្ទះ​នោះ គេ​មិន​ជិះ​ទេ​ម៉ូតូ​យើង​វា​ចាស់ វា​ចេះ​តែ​មាន​ការ​កើត​ទុក្ខ ណា​ព្រួយ​ពី​ផ្ទះសម្បែង​ផង ណា​ព្រួយ​ពី​ជីវភាព​ចិញ្ចឹម​ក្រពះ​មិន​បាន។ វា​ធ្លាប់​តែ​និយាយ​ថា ពិបាក​មិន​ដឹង​ទៅ​ណា​មក​ណា ម៉ែ​ឪ​ក្រ បើ​ចេញ​ទៅ​មិន​ដឹង​បាន​ផ្ទះសម្បែង​ឯ​ណា​នៅ វា​ស្មុគស្មាញ វា​គិត​ច្រើន​ណាស់។ ផ្ទះសម្បែង​ចេះ​តែ​រុះ​បន្តបន្ទាប់​អ៊ីចឹង​ទៅ មុន​និង​ក្រោយ​គេ​ឲ្យ​ចាក​ចេញ​ដូច​តែ​គ្នា ក្រែង​នៅ​វា​មិន​បាន ហើយ​ចុះ​កូន​រៀន​សូត្រ វា​ថា ពិបាក​ពេក​វា​លែង​ចង់​រស់ វា​ឆា​ចោល​ឆាក​ជីវិត ម៉ែ​ឪ​ចាស់ៗ។ ខ្ញុំ​ឈឺ​រហូត​មាន​ដែល​ជា​ឯ​ណា មាន​តែ​តា​ទៅ​ប៉ះ​កង់ ព្រលឹម​ឡើង​ចេញ​ទៅ ព្រលប់​មក​ផ្ទះ​វិញ​អ៊ីចឹង​ទៅ ហើយ​វា​ទៅ​រត់​ឌុប​ទៅ»

ការ​ស្លាប់​របស់​បុរស​នៅ​តំបន់​បឹង​កក់ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​នៅ​តំបន់​នោះ​មាន​ការ​សោកស្ដាយ និង​អាណិត​អាសូរ។

អ្នកស្រី លី មុំ ដែល​តែងតែ​ចេញ​មុខ​តវ៉ា​ពី​បញ្ហា​ដីធ្លី​បាន​លើក​ឡើង​ថា មិន​ថា​តែ​បុរស​រងគ្រោះ​នោះ​ទេ​ដែល​អស់​សង្ឃឹម​ក្នុង​ជីវិត​រស់នៅ ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​រស់​នៅ​តំបន់​បឹងកក់ ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ បន្ទាប់​ពី​បាន​តវ៉ា​ជា​ច្រើន​ដង និង​ជា​ច្រើន​ឆ្នាំ ក្រុមហ៊ុន​ស៊ូកាគូ នៅ​តែ​បន្ត​បូម​ខ្សាច់​លុប​បឹង​កក់ បង្ក​ឲ្យ​លិចលង់​ភូមិឋាន​ពលរដ្ឋ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ។

អ្នកស្រី លី មុំ បន្ត​ថា ៖ «ដោយសារ​ថា គាត់​ព្រួយ​បារម្ភ​ពី​ផ្ទះសម្បែង​របស់​គាត់ ដោយសារ​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត​មិន​បាន​ជោគជ័យ គាត់​នឹក​ឃើញ​ថា អស់​សង្ឃឹម​ក្នុង​ជីវិត​របស់​គាត់។ ការ​សង្ឃឹម​ទាំង​ប៉ុន្មាន ដោយសារ​ថា អាជ្ញាធរ​មូលដ្ឋាន​គាត់​និយាយ​តាម​សារព័ត៌មាន​ថា មិន​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដូច្នេះ​គាត់​នឹក​ឃើញ​ថា រស់​នៅ​គ្មាន​ន័យ​អី ណា​មួយ​គ្រួសារ ដូច្នេះ​គាត់​សម្លាប់​ខ្លួន​តែម្ដង ចោល​កូន​ម្នាក់​កំព្រា​នៅ​ជាមួយ​យាយ»

អ្នក​ភូមិ​បឹង​កក់​មួយ​ចំនួន​ដែល​បាន​ឃើញ​ហេតុការណ៍​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​២៣ ឧសភា ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ សាន សំអុល បាន​ព្យាយាម​ប៉ុនប៉ង​ធ្វើ​ដូច្នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​កន្លះ​ខែ​មុន។

អ្នកស្រី គង់ ចន្ថា ជា​ញាតិ​ជិត​ខាង​រស់នៅ​ក្បែរ​ផ្ទះ​ជន​រងគ្រោះ​បាន​រៀបរាប់​ដូច្នេះ ៖ «ចេះ​តែ​និយាយ​ថា ពិបាក​ចិត្ត​ណាស់ ចង់​តែ​សម្លាប់​ខ្លួន ...និយាយ​ហើយ​ក៏​ដើរ​ទៅ​ចុង​ទូក​ហ្នឹង​ក៏​ត្រឡប់​មក​វិញ​អង្គុយ​នៅ​លើ​គ្រែ​ហ្នឹង ដក​ដង្ហើម ដើរ​ទៅ​វិញ ទៅ​លោត​ប្រូង​ទៅ ហើយ​ញាតិ​ជិត​ខាង ពូៗ​នៅ​អង្គុយ​លេង​ហ្នឹង​ស្មាន​តែ​ធ្វើ​លេង ក៏​ហៅ គោក មក​វិញៗ ក៏​លិច​បាត់​ទៅ»

ក្នុង​អំឡុង​ឆ្នាំ​២០០៧ សាលា​រាជធានី​ភ្នំពេញ បាន​ជួល​តំបន់​បឹង​កក់ ដែល​មាន​ផ្ទៃ​ដី និង​ផ្ទៃ​ទឹក​ចំនួន ១៣៣​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ​ចំនួន ៩៩​ឆ្នាំ ក្រោម​ទឹក​ប្រាក់ ៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

គម្រោង​អភិវឌ្ឍន៍​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​ជាង ៤​ពាន់​គ្រួសារ ប្រឈម​មុខ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ជា​បន្តបន្ទាប់។ សាលា​រាជធានី​ភ្នំពេញ បាន​ផ្ដល់​គោលនយោបាយ​ដល់​ពលរដ្ឋ​ក្នុង​មួយ​ខ្នង​ផ្ទះ លុយ​ប្រហែល ៨​ពាន់​៥​រយ​ដុល្លារ​ ដែល​ការ​ដោះស្រាយ​របៀប​នេះ​អ្នក​ភូមិ​មិន​ទទួល​យក​បាន​ទេ និង​បាន​តវ៉ា​បន្តបន្ទាប់​មក​រហូត​មក​ដល់​ឆ្នាំ​២០១១​នេះ នៅ​តែ​ពុំ​ទាន់​មាន​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​នៅ​ឡើយ។

ប្រភព​ពី​ពលរដ្ឋ​តំបន់​បឹង​កក់​ឲ្យ​ដឹង​ថា ក្នុង​គ្រា​ដែល​ពុំ​ទាន់​មាន​ការ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​នៅ​ឡើយ​នោះ ក្រុមហ៊ុន​នេះ​បាន​ចូល​ទៅ​បោះ​ទីតាំង​នៅ​តំបន់​បឹង​កក់ ហើយ​បាន​បូម​ខ្សាច់​បំពេញ​បឹង​កក់ ធ្វើ​ឲ្យ​លិច​ផ្ទះ​អ្នក​ភូមិ​នៅ​ពេល​មាន​ភ្លៀង បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចាស់ និង​កូន​ក្មេង​ចំនួន ៥​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង និង​លង់​ទឹក។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ដែល​ក្រុម​ការងារ​នេះ​តែង​បាន​ចូលរួម​ឃ្លាំមើល​ការ​តវ៉ា​របស់​អ្នក​ភូមិ និង​បាន​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់​ជូន​ពលរដ្ឋ​មាន​មតិ​ថា បញ្ហា​វិវាទ​នេះ​អាច​ដោះស្រាយ​បាន​ដោយ​ងាយ ប្រសិន​បើ​ភាគី​ទាំង​២ បាន​ជជែក​គ្នា​រក​ចំណុច​កណ្ដាល​មួយ។ ប៉ុន្តែ​ចាប់​តាំង​ពី​ពលរដ្ឋ​បាន​សម្ដែង​មតិ​ និង​ធ្វើ​ការ​តវ៉ា​មក សាលា​រាជធានី​ភ្នំពេញ មិន​ដែល​បើក​ឲ្យ​មាន​ការ​ចរចា​គ្នា​ជា​ផ្លូវការ​ទេ។ លោក​ថា បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន គឺ​ដោយសារ​ភាព​កម្សោយ​របស់​រដ្ឋ និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​តែ​ម្ដង។

លោក សៀ ភារម្យ មាន​ប្រសាសន៍​បន្ថែម ៖ «រដ្ឋាភិបាល​ដែល​ទទួល​សំឡេង​ពី​ប្រជាពលរដ្ឋ កាល​ណា​មាន​ប្រជាពលរដ្ឋ​ណា​គេ​ស្រែក សូម្បី​តែ​ម្នាក់​ក៏ដោយ គឺ​ត្រូវ​តែ​ចាត់​វិធានការ​ចុះ​ស៊ើប​អង្កេត​ភ្លាម ដើម្បី​រក​បញ្ហា​នេះ​ឲ្យ​ឃើញ ហើយ​ដោះស្រាយ​ភ្លាម គេ​មិន​មែន​ទុក​ឲ្យ​យំ​ស្រែក​នៅ​រហេមរហាម​នៅ​តាម​ចិញ្ចើម​ថ្នល់​រាល់​ថ្ងៃ រាល់​ពេល​អ៊ីចឹង​ទេ វា​ធ្វើ​ឲ្យ​បាក់​មុខមាត់ កិត្តិយស​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ហ្នឹង គឺ​ដោយសារ​ការ​មិន​ទទួល​ខុស​ត្រូវ ការ​មិន​ចេះ​ដោះស្រាយ​បញ្ហា​ហ្នឹង​ហើយ ដែល​ចេះ​តែ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ធំ​ទៅៗ ហើយ​អ្នក​ស្អុយ​ខ្លាំង​ជាង​គេ គឺ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រដ្ឋាភិបាល​ហ្នឹង​ហើយ​ដែល​ស្អុយ​អសោច»

តែ​ទោះ​ជា​លោក សៀ ភារម្យ បន្ត​ថា ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាជ្ញាធរ​ក្រុង​បាន​កំណត់​ពេល​មួយ​ក្នុង​ការ​ជួប​ចរចា​ជាមួយ​អ្នក​ភូមិ​នៅ​ចុង​សប្ដាហ៍​នេះ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត គង់ សុឌីណា គ្រូពេទ្យ​ឯកទេស​ខាង​វិកលវិទ្យា ជំនាញ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​នៃ​ក្រសួង​សុខាភិបាល ធ្លាប់​បាន​បង្ហាញ​នូវ​ដំណោះស្រាយ​យ៉ាង​ដូច្នេះ​ថា ៖ បុរស​រងគ្រោះ​អាច​មាន​វិបត្តិ​ផ្លូវចិត្ត​ និង​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង ដែល​ធ្វើ​ឲ្យ​គាត់​លែង​ឲ្យ​តម្លៃ​ខ្លួន​ឯង​ គិត​ថា ខ្លួន​ឯង​គ្មាន​តម្លៃ​សម្រាប់​គ្រួសារ និង​សង្គម​រហូត​ដល់​លែង​ចង់​ធ្វើការ និង​រស់នៅ​ក្នុង​សង្គម ហើយ​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត។

លោក​បន្ថែម​ថា ៖ «ភាគ​ច្រើន​ពេល​ហ្នឹង​ឯង អ្នក​ជំងឺ​មាន​ការ​ពិបាក​ខ្លាំង​ណាស់ គឺ​ខ្លួន​គាត់​មិន​អាច​មាន​ដំណោះស្រាយ​អី​ទេ​បាន​ជា​គាត់​សម្រេច​ចិត្ត​ហ្នឹង អ៊ីចឹង​មាន​តែ​ក្រុម​គ្រួសារ ឬ​អ្នក​នៅ​ជាមួយ​ដែល​សម្គាល់​ឃើញ​អាកប្បកិរិយា​បែប​ហ្នឹង បញ្ជូន​គាត់​ឲ្យ​មក​ជួប​គ្រូពេទ្យ​ខាង​ផ្លូវ​ចិត្ត»

លោក​វេជ្ជបណ្ឌិត​បាន​ផ្ដាំផ្ញើ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​អស់ គួរ​ស្វែងរក​សេវា​ព្យាបាល​ជំងឺ​ផ្លូវចិត្ត ឬ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ ដើម្បី​ប្រឹក្សា​យោបល់។

ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​រស់​នៅ​បឹង​កក់​នេះ មិន​មែន​ជា​គំរូ​ល្អ​ឡើយ តែ​នេះ​បាន​បង្ហាញ​ថា ដោយ​មិន​អាច​ស្វែង​រក​យុត្តិធម៌​ពី​អ្នក​មាន​អំណាច​បាន បាន​ជា​បុរស​អ្នក​បឹង​កក់​នេះ​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ដើម្បី​បញ្ចប់​បញ្ហា​ដែល​ខ្លួន​មិន​អាច​ដោះស្រាយ​បាន៕