ពលរដ្ឋតំបន់បឹងកក់ បានដុតរូបសំណាកអភិបាលរងខណ្ឌដូនពេញ គឺលោក សុខ ពេញវុធ និងលោក រ័ត្ន កុសល្យ ជាអ្នកដឹកនាំក្រុមប៉ូលិសបង្ក្រាបការតវ៉ាផ្សេងៗ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១។
លោក ដួង គា អ្នកភូមិ២២ ដែលផ្ទះរបស់គាត់ត្រូវបានក្រុមហ៊ុនស៊ូកាគូ កម្ទេចកាលពីថ្ងៃទី១៦ កញ្ញា ថ្លែងថា មូលហេតុនៃការដុតរូបសំណាកអ្នកពាក់ព័ន្ធទាំងពីររូបនេះ គឺពួកគេយល់ថា លោក សុខ ពេញវុធ និងលោក រ័ត្ន កុសល្យ ជាមន្ត្រីពុករលួយទទួលសំណូកពីក្រុមហ៊ុន និងបម្រើឲ្យក្រុមហ៊ុន ដោយមិនគិតពីការរងទុក្ខវេទនារបស់អ្នកភូមិ។
លោកថ្លែងបន្តដូច្នេះ ៖ «ទង្វើរបស់មន្ត្រីសាលាក្រុង ក៏ដូចជាក្រុមហ៊ុន ធ្វើឲ្យខ្ញុំមានការឈឺចាប់រហូតដល់ខ្ញុំអស់ផ្ទះរលីង អស់ទាំងទ្រព្យសម្បត្តិ បងប្អូនបឹងកក់ទាំងអស់នេះគាត់មានអារម្មណ៍មួយឈឺចាប់ ទឹកភ្នែករហេមរហាម រកអ្វីប្រៀបផ្ទឹមមិនបាន។ អ៊ីចឹងហើយបានជាខ្ញុំធ្វើរូបសំណាកទាំងពីរនេះដុតបញ្ជូនគាត់ទៅឋាននរក កុំឲ្យគាត់កើតជាតិណាៗមក ធ្វើតែអំពើបាបមកលើប្រជាជនដែលគាត់រស់នៅក្នុងផ្ទះ ដែលគាត់បំផ្លិចបំផ្លាញសាហាវព្រៃផ្សៃ រំលោភសិទ្ធិមនុស្ស»។
ពលរដ្ឋតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ដែលបានចូលរួមជាមួយអ្នកភូមិទាំងនោះ បានអះអាងថា ក្រុមអ្នកភូមិចូលរួមគាំទ្រពលរដ្ឋ ៨គ្រួសារដែលបានបាត់បង់លំនៅឋានដោយសារអាជ្ញាធរ និងមន្ត្រីក្រុមហ៊ុនស៊ូកាគូ ឈូសបំផ្លាញដោយមិនបារម្ភចំពោះសុវត្ថិភាពផ្ទះសម្បែងរបស់ខ្លួនឡើយ បើទោះបី ជាមានការគំរាមកំហែងពីមន្ត្រីក្រុមហ៊ុនស៊ូកាគូក៏ដោយ។
អ្នកស្រី ទេព វន្នី បន្ត ៖ «ព្រោះពួកខ្ញុំយោងទៅតាមអនុក្រឹត្យរបស់សម្ដេច គឺសម្ដេចថា ផ្ដល់ដី ១២,៤៤ហិកតារ ជូនប្រជាពលរដ្ឋពួកខ្ញុំហើយ។ ពួកខ្ញុំទទួលបានប្លង់កម្មសិទ្ធិទាំងអស់គ្នា ពួកគាត់ដែលឈូសផ្ទះចោល កាត់គាត់ចេញនោះក៏ត្រូវតែបានប្លង់ដែរ ព្រោះពួកគាត់នៅតំបន់បឹងកក់ទាំងអស់គ្នា»។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ បានបដិសេធមិនអត្ថាធិប្បាយ ចំពោះការចោទប្រកាន់ និងរៀបចំពិធីរបស់អ្នកភូមិឡើយ ៖ «សុំទោសបង! ខ្ញុំអត់បានដឹងរឿងហ្នឹងផង ខ្ញុំកំពុងជាប់រវល់ អត់អីទេ»។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានផ្ដល់អនុសាសន៍ដល់ពលរដ្ឋតំបន់បឹងកក់ថា ការធ្វើដូច្នេះគឺគ្រាន់តែជាការបញ្ចេញកំហឹងរបស់អ្នកភូមិប៉ុណ្ណោះ។ប៉ុន្តែមធ្យោបាយល្អតាមផ្លូវច្បាប់នោះ ពលរដ្ឋដែលរងផលប៉ះពាល់គួរតែជំរុញបញ្ហានេះទៅផ្នែកប្រព័ន្ធតុលាការ បើទោះបីជាពួកគាត់ពុំមានជំនឿលើប្រព័ន្ធនេះក្នុងពេលបច្ចុប្បន្នយ៉ាងណាក្ដី។
លោកបន្តថា ៖ «ចង់ឃើញថា តើតុលាការអនុវត្តទៅតាមយុត្តិធម៌ ឬក៏តាមអ្វីដែលគាត់បានស្បថ ពេលដែលគាត់បានរៀនចប់មហាវិទ្យាល័យច្បាប់ ឬមួយជាអនុបណ្ឌិតច្បាប់ ឬបណ្ឌិតច្បាប់ហ្នឹង ថា តើក្នុងនាមគាត់អ្នកបម្រើវិជ្ជាជីវៈ សេវាកម្មផ្នែកតុលាការនេះ ថាតើគាត់បានយកមនសិការគាត់មកបម្រើប្រជាពលរដ្ឋ ឬក៏អត់?»។
ទោះយ៉ាងណាក្ដី ការតវ៉ាដោយដុតរូបសំណាកលោក សុខ ពេញវុធ និងលោក រ័ត្ន កុសល្យ នៅថ្ងៃទី២៨ កញ្ញា មិនមានការបង្ក្រាបពីសមត្ថកិច្ចចម្រុះដូចពេលមុនៗឡើយ។
កាលពីរសៀលថ្ងៃទី១៦ កញ្ញា អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចប្រដាប់ដោយខែល និងដំបងឆក់ប្រមាណ ៣០នាក់ បានប្រើគ្រឿងចក្រចំនួន ២គ្រឿង វាយកម្ទេចផ្ទះប្រជាពលរដ្ឋតំបន់បឹងកក់ភូមិ២២ អស់ចំនួន ៨ល្វែង។ នៅក្នុងព្រឹត្តិការណ៍នេះដែរ មានយុវជនម្នាក់បានរងរបួសដួលសន្លប់ និងបែកក្បាលដោយសារការបង្ក្រាបពីសមត្ថកិច្ច។
ករណីនេះ ក្រុមមន្ត្រីសិទ្ធិមនុស្សបានថ្កោលទោសចំពោះទង្វើរបស់មន្ត្រីក្រុមហ៊ុនស៊ូកាគូ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចដែលបានប្រើអំពើហិង្សា និងវាយបង្ក្រាបអ្នកភូមិថា ជាការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស៕
