ពលរដ្ឋ​នៅ​បឹងកក់​តវ៉ា​សា​ជា​ថ្មី​នៅ​មុខ​សាលា​រាជធានី

ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​មាន​គ្នា​ប្រមាណ ២០០​នាក់ តំណាង​ឲ្យ​​ពលរដ្ឋ​៧​ភូមិ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១១​នេះ ដើម្បី​តវ៉ា​ដល់​អាជ្ញាធរ​ក្រុង​ជួយ​ដោះ​ស្រាយ​ដល់​ពួក​គាត់​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​តែ​ការ​អភិវឌ្ឍ​តំបន់​បឹងកក់​របស់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku)។

ក្រុម​អ្នក​ភូមិ​អង្គុយ​ក្រោម​កម្ដៅ​ថ្ងៃ​យ៉ាង​ស្ងៀមស្ងាត់ មិន​មាន​លើក​បដា ស្រែក ឬ​ក៏​ធ្វើ​ឲ្យ​រំខាន​ដល់​ចរាចរណ៍​ឡើយ ស្រប​ពេល​ដែល​ពួក​កាត់​ចូល​ជួប​ប្រជុំ​ជា​មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ។

អ្នក​ស្រី សន ជលសា រស់​នៅ​ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ថ្លែង​ថា រាល់​ការ​ទាមទារ​របស់​ពួក​គាត់​មិន​ដែល​មាន​ដំណោះ​ស្រាយ​ទេ ៖ «យើង​តវ៉ា​រហូត​មក តែ​មិន​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​មក​ដោះស្រាយ​ជូន​យើង​ទេ»

ធនាគារ​ពិភពលោក (World Bank) បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្ខំ​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ឺន​នាក់​បន្ថែម​ទៀត​ចេញ​ពី​តំបន់​បឹងកក់។ ធនាគារ​នេះ​ក៏​បាន​សន្យា​ផ្ដល់​ជំនួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ផ្ទះ​សម្បែង​របស់​ពួកគេ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១១ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ស្នើ​ឲ្យ​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​បញ្ឈប់​ការ​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់។

អ្នកស្រី ចន្ថា តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់ ដែល​បាន​ចូល​ជួប​ជាមួយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ពួក​គាត់​មាន​គោលការណ៍​យ៉ាង​មុតមាំ​ទាមទារ​យក​ដី ១៥​ហិកតារ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង​នៅ​នឹង​កន្លែង ៖ «យក​សំណើ​ហ្នឹង​ទៅ​ជួប​សាលា​រាជធានី និង​រដ្ឋាភិបាល​របស់​យើង ព្រោះ​គាត់​ថា នេះ​ជា​សំណើ​ថ្មី​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​គាត់​យក​សំណើ​ហ្នឹង​ទៅ​ជួប​ប្រមុខ​រដ្ឋាភិបាល​របស់​យើង​ដើម្បី​ដោះស្រាយ​ពិភាក្សា​គ្នា​តទៅ​មុខ​ទៀត»

ការ​អភិវឌ្ឍ​បឹងកក់ ទំហំ​ជាង ១៣០​ហិកតារ កណ្ដាល​ទីក្រុង​ភ្នំពេញ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​ក្នុង​តំបន់​នោះ​ប្រមាណ​ជិត ២​ពាន់​គ្រួសារ។ ក្រុម​អាជ្ញាធរ​បាន​បណ្ដេញ​ពួក​គាត់​ចេញ​ដោយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​សម្រាប់​រក​ទិញ​ទីលំនៅ​ថ្មី​ឡើយ៕