សេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែធ្នូ អះអាងថា នៅឆ្នាំ១៩៨៧-១៩៨៨ ពុំទាន់មានប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់នៅឡើយទេ ទើបតែក្នុងឆ្នាំ១៩៩៣ ប្រជាពលរដ្ឋបានចាប់ផ្ដើមឆ្លៀតចូលកាន់កាប់ ហើយសង់សំណង់បណ្ដោះអាសន្នមិនស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជាបន្តបន្ទាប់ ធ្វើឲ្យបឹងកក់ក្លាយជាតំបន់មិនរៀបរយ។
អ្នករស់នៅក្នុងភូមិ២២នៃតំបន់បឹងកក់ អ្នកស្រី ទេព វណ្ណី បានបង្ហាញច្បាប់ចម្លងបញ្ជីគ្រួសារមួយចំនួនដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានក្នុងអំឡុងឆ្នាំ១៩៧៩ និងក្នុងទសវត្សឆ្នាំ១៩៨០ ហើយអ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនអាចទទួលយកបានឡើយរាល់ការអះអាងរបស់សាលារាជធានីភ្នំពេញ។
អ្នកស្រីបន្តថា ៖ «រដ្ឋាភិបាល និងក្រុមហ៊ុនពិភាក្សាឲ្យមែនទែនរឿងដោះស្រាយឲ្យប្រជាជន មិនមែនពិភាក្សាយកចំណុចមកចោទប្រកាន់ប្រជាជន បំផ្លើសប្រជាជនទេ បើគាត់ធ្វើអ៊ីចឹងគេឈប់គោរពហើយរដ្ឋាភិបាលនេះ គេលែងជឿ អស់ជំនឿចិត្តហើយ។ គាត់ត្រូវរកវិធីសាស្ត្រមកដោះស្រាយ មិនមែនយកវិធីសាស្ត្របោកប្រាស់ បញ្ឆោតគេ កុហក បំផ្លើសយកមកផ្សាយជាព័ត៌មានចេញជាផ្លូវការអ៊ីចឹងទេ គឺអត់ត្រឹមត្រូវសោះ ព្រោះពួកគាត់សុទ្ធតែអ្នកចេះដឹង»។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ម្នាក់ទៀត លោក ពេជ្រ ឆាង និយាយថា លោកមិនព្រមទទួលយកទេនូវសំណងជាប្រាក់ចំនួន ៨.០០០ដុល្លារ និងប្រាក់រៀលចំនួន ២លានរៀលនោះទេ ហើយលោកសូមឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនផ្ដល់សំណងដល់ពួកគាត់ឲ្យបានសមរម្យស្របតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពីការអភិវឌ្ឍន៍។
លោក ពេជ្រ ឆាង បន្ថែមថា ៖ «អនុសាសន៍សម្ដេចចុងក្រោយថា លក់កន្លែងហ្នឹងថ្លៃទៅទិញកន្លែងនោះថោក បើលក់កន្លែងហ្នឹងថោកទៅទិញកន្លែងនោះថ្លៃ អ៊ីចឹងប្រជាជនដាច់បាយងាប់ហើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធររាជធានីភ្នំពេញ អំពីបញ្ហានេះបាននៅឡើយទេ។
នាយកអង្គការសិទ្ធិលំនៅឋាន លោក ស៊ា ភិរម្យ មានប្រសាសន៍ថា បន្ទាប់ពីសង្គ្រាម ប្រជាពលរដ្ឋខ្មែរបានស្វះស្វែងរកទីកន្លែងរស់នៅពេលឃើញទីណាទំនេរដែលអាចរស់នៅបានគឺពួកគាត់តាំងទីលំនៅនៅទីនោះ ដូចគ្នានេះដែរចំពោះប្រជាពលរដ្ឋតំបន់បឹងកក់។
លោក ស៊ា ភិរម្យ បន្តថា ការអះអាងយកត្រូវតែរៀងៗខ្លួនរវាងអាជ្ញាធរនិងប្រជាពលរដ្ឋមិនអាចឈានទៅរកដំណោះស្រាយបញ្ចប់បញ្ហាបានឡើយ ៖ «ដំណោះស្រាយល្អគឺយើងដាក់លើតុមក ជជែកគ្នា ហើយយើងសិក្សា ពិភាក្សាជាមួយគ្នាទៅយើងអាចនឹងរកឃើញថា តើអ្វីដែលជាការពិត»។
ប្រជាពលរដ្ឋតំបន់បឹងកក់មានគម្រោងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែធ្នូ ដើម្បីបង្ហាញប្រតិកម្មរបស់ពួកគាត់ជាផ្លូវការទៅនឹងសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ៕
