អ្នក​បឹង​កក់​និង​អ្នក​បុរី​កីឡា​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង

អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ជាង ១០០​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​នៅ​មុខ​មណ្ឌល​កែប្រែ​ទី​២ នៅ​ពន្ធនាគារ​ព្រៃ​ស អំពាវនាវ​ដល់​រដ្ឋាភិបាល​សុំ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី​នៅ​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី សកម្មជន​តវ៉ា​តំបន់​បុរីកីឡា។

0:00 / 0:00

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ពួក​គេ​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ផ្ទះសម្បែង​របស់​អ្នក​បុរីកីឡា និង​ដីធ្លី​នៅ​តំបន់​បឹងកក់។

អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កញ្ញា ក្នុង​កណ្ដាល​ហ្វូង​ក្រុម​កូដករ​ជាង ១០០​នាក់​ថា ទោះ​បី​អ្នកស្រី​រង​ទុក្ខ​ខ្លោចផ្សា​ប៉ុណ្ណា​ក៏ដោយ អ្នកស្រី​ត្រូវ​ប្រឹងប្រែង​តស៊ូ​ទាមទារ​ឲ្យ​ខាង​តែ​បាន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សំណាក់​រដ្ឋាភិបាល ឲ្យ​តុលាការ​ដោះលែង​អ្នក​តំណាង​ទាំង​ពីរ​នាក់​ចេញ​ពី​ពន្ធនាគារ និង​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ការ​សង់​អាគារ​បន្ថែម​ចំនួន​ពីរ​ខ្នង នៅ​តំបន់​បុរីកីឡា តាម​កិច្ចសន្យា និង​គូស​បញ្ជាក់​ឲ្យ​ច្បាស់លាស់​លើ​បញ្ហា​ដី​របស់​អ្នក​បឹងកក់​ចំនួន ១២.៤៤​ហិកតារ។

អ្នកស្រី​អះអាង​បន្ត​ថា ជម្រក​ជា​កន្លែង​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់​មនុស្ស​សត្វ ដែល​គេ​មិន​អាច​ខ្វះ​បាន។ ដូច្នេះ​អ្នក​បឹង​កក់ និង​អ្នក​បុរីកីឡា ក៏​ដូច​គ្នា ពួកគេ​ត្រូវ​ការ​ជម្រក​ដ៏​ពិតប្រាកដ​មួយ ដើម្បី​រស់​នៅ និង​កសាង​សុភមង្គល​គ្រួសារ ជាពិសេស​កូនៗ​របស់​ពួក​គេ​ត្រូវ​ការ​ជម្រក​ដ៏​សុខសាន្ត​សម្រាប់​ទទួល​ការ​អប់រំ។

អ្នកស្រី ទេព វន្នី៖ «លំនៅឋាន​ជា​ជីវិត​របស់​ពួក​ខ្ញុំ អ្នក​ណា​ក៏​មិន​អាច​ខ្វះ​បាន​ដែរ សូម្បី​តែ​សត្វ​ក៏​គេ​ត្រូវ​ការ​សម្បុក សូម្បី​តែ​ខ្មោច​ដែល​ស្លាប់​ទៅ​ហើយ ក៏​គេ​ត្រូវ​ការ​យក​ដី​មក​កប់​គាត់ ឬ​ក៏​រក​មឈូស​មក​ដាក់​ដែរ ដូច្នេះ​ពួក​ខ្ញុំ​មនុស្ស​មាន​ជីវិត​នេះ តើ​ពួក​ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​ផ្ទះ​បាន​ដែរ ឬ​ទេ?»

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រី ឆាយ គឹមហ៊ន មក​ពី​សហគមន៍​បុរីកីឡា រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា បន្ទាប់​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​កម្ទេច​ផ្ទះ​អ្នកស្រី ធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី​រង​ទុក្ខ​យ៉ាង​ខ្លាំង សូម្បី​កូន​ក៏​មិន​បាន​ចូល​សាលា ហើយ​ពេល​វេលា​សម្រាប់​រក​ការងារ​ធ្វើ​ក៏​គ្មាន ម្ង៉ៃៗ​រវល់​តែ​តវ៉ា​ទាមទារ និង​គិត​ខ្វាយខ្វល់​ពី​បញ្ហា​គ្មាន​ជម្រក។ ម្យ៉ាង​ទៀត អ្នកស្រី​បន្ត​ថា អាជ្ញាធរ​អង្គុយ​គិត ដេក​គិត ប្រើ​ល្បិច​កិច្ចកល​គ្រប់​យ៉ាង ដើម្បី​បំបាក់​ស្មារតី​អ្នក​តវ៉ា ម្ដង​ចាប់​អ្នក​នេះ ម្ដង​ចាប់​អ្នក​នោះ ធ្វើ​ឲ្យ​ពួកគាត់​ខ្វាយ​ខ្វល់​មិន​ចេះ​ចប់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី​នៅ​តែ​តស៊ូ​រហូត​មាន​ដំណោះស្រាយ។

អ្នកស្រី ឆាយ គឹមហ៊ន៖ «កាល​ពី​ខ្ញុំ​មាន​ផ្ទះ ទោះ​ថា​ខ្ញុំ​មាន​ផ្ទះ​តូច​ក៏ដោយ ក៏​ខ្ញុំ​រក​ថវិកា​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ និង​កូន​របស់​ខ្ញុំ​បាន​ដែរ​បង!»

ចំណែក​ស្វាមី​អ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន លើក​ឡើង​ថា បើ​ទោះ​បី​ជា​លោក​ដឹង​ថា ការ​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​កិច្ច​អន្តរាគមន៍​ឲ្យ​តុលាការ​ដោះលែង​ប្រពន្ធ​របស់​លោក​ចេញ​ពី​ពន្ធនាគារ​មិន​ត្រូវ​ទំនង​យ៉ាង​ណា​ក៏ដោយ តែ​លោក​យល់​ថា ប្រព័ន្ធ​គ្រប់គ្រង​នៅ​ប្រទេស​កម្ពុជា នាយករដ្ឋមន្ត្រី​អាច​បញ្ជា​តុលាការ​ឲ្យ​ដោះលែង​ប្រពន្ធ​របស់​លោក​ចេញ​ពន្ធនាគារ​បាន ព្រោះ​រាជរដ្ឋាភិបាល​មាន​អំណាច​ជាង​អំណាច​ផ្សេងៗ​ទៀត។

ទាក់ទង​នឹង​បញ្ហា​នេះ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ ដែល​ចុះ​ដល់​ពន្ធនាគារ​ព្រៃ​ស​ដែរ​នោះ រិះគន់​ថា តុលាការ​មិន​ឯករាជ្យ ធ្វើ​ការ​បម្រើ​ឲ្យ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច មិន​ធ្វើ​ការ​បម្រើ​ឲ្យ​ភាព​យុត្តិធម៌​ត្រឹមត្រូវ។ លោក​មាន​ប្រសាសន៍​បន្ត​ថា អ្នក​បឹង​កក់ និង​អ្នក​បុរី​កីឡា សុទ្ធ​តែ​ជា​ជន​រងគ្រោះ តែ​តុលាការ​បែរ​ជា​ព្យាយាម​រក​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​ទម្លាក់​កំហុស​លើ​អ្នក​ទាំង​នេះ​ទៅ​វិញ។

លោក ហូរ វ៉ាន់៖ «អ្នក​ពីរ​នេះ​គ្រាន់​តែ​មនុស្ស​រង​គ្រោះ ដែល​ត្រូវ​គេ​កម្ទេច​ផ្ទះ​ពួក​គាត់​អស់ គេ​យក​ដីធ្លី​របស់​ពួកគាត់ គាត់​គ្រាន់​តែ​ចង់​បាន​សំណង​ត្រឹមត្រូវ​ជូន​ពួក​គាត់»

ជាមួយ​គ្នា​នេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា​នេះ គឺ​ជា​រូបភាព​ថ្មី​មួយ​ដើម្បី​បំបាក់​ទឹក​ចិត្ត​មុះមុត​របស់​អ្នក​តវ៉ា ក្នុង​បំណង​បង្ខំ​ពួកគេ​ឲ្យ​ទទួល​យក​ដំណោះស្រាយ​មិន​សមរម្យ ដែល​ពួកគេ​មិន​ព្រម​ទទួល​នៅ​ពេល​កន្លង​មក៖ «ដូច​យើង​បាន​ដឹង​ហើយ នៅ​បុរីកីឡា មុន​ការ​ចាប់​ខ្លួន​គឺ​មាន​ការ​ហៅ​ទៅ​ចរចា​ជា​ច្រើន​លើក ហើយ​គាត់​មិន​ព្រម​ទទួល ទើប​មាន​ពាក្យ​បណ្ដឹង មាន​ដីកា​កោះ​ហៅ មាន​ការ​ចាប់​ខ្លួន​ហ្នឹង»

បន្ថែម​លើ​នេះ លោក អំ សំអាត រិះគន់​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ឈ្នាន់​សម្រាប់​គាប​សង្កត់​អ្នក​ទន់​ខ្សោយ​ឲ្យ​ទទួល​ដំណោះស្រាយ​ផ្សេងៗ ពី​សំណាក់​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច វា​បាន​ក្លាយ​ជា​វប្បធម៌​ទៅ​ហើយ​នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​លូកដៃ​ទៅ​នឹង​ចំណាត់​ការ​របស់​តុលាការ​នោះ​ទេ ដូច្នេះ​បើ​បុគ្គល​ណា​មួយ​យល់​ថា តុលាការ​ធ្វើ​ការ​មិន​ត្រឹមត្រូវ គេ​គួរ​ធ្វើ​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​តុលាការ​នោះ​ទៅ​តាម​នីតិវិធី។

លោក ផៃ ស៊ីផាន៖ «រដ្ឋាភិបាល​មិន​មាន​វាយ​តំលៃ ឬ​វិនិច្ឆ័យ​អី​ចំពោះ​តុលាការ ឬ​នីតិវិធី​របស់​តុលាការ​ប្រតិបត្តិ​ខ្លួន​នោះ​ទេ ហើយ​បើ​ជន​ណា​ក៏​ដោយ មិន​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ឬ​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ មិន​ពេញ​ចិត្ត​ចំពោះ​តុលាការ​ហ្នឹង គួរ​តែ​ដាក់​ពាក្យ​បណ្ដឹង​តតាំង​ជាមួយ​នឹង​អំពើ​អំណាច​តុលាការ​ហ្នឹង»

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​អ្នក​បឹងកក់ និង​អ្នកបុរីកីឡា នេះ​ដែរ អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​លំនៅឋាន​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រេកហ្គែល រូលនីក រួម​នឹង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ចំនួន ១០ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា រិះគន់​ថា ការ​ចាប់​ខ្លួន​សកម្មជន​បុរីកីឡា និង​បឹងកក់ នេះ ជា​រឿង​មិន​ត្រឹមត្រូវ និង​យុត្តិធម៌។ សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​បន្ត​ថា តុលាការ​កំពុង​ត្រូវ​អ្នក​មាន​អំណាច និង​អ្នក​មាន​ទឹក​លុយ យក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​គាប​សង្កត់ និង​បំបិទ​មាត់​អ្នក​តវ៉ា​នៅ​សហគមន៍​បុរីកីឡា និង​បឹងកក់។ សេចក្ដី​ថ្លែងការណ៍​នេះ​ក៏​សរសេរ​បន្ត​សុំ​ឲ្យ​តុលាការ​ឈរ​លើ​គោលការណ៍​ឯករាជ្យ សើរើ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​តវ៉ា​ដីធ្លី​នៃ​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា និង​សុំ​ឲ្យ​ដោះលែង​ពួក​គេ​សិន ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធភាព​រក​មេធាវី​ការពារ​ក្ដី​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។