អ្នក​បឹងកក់​និង​បុរីកីឡា​ធ្វើ​កូដកម្ម​ដាក់​ញត្តិ​សុំ​ឲ្យ​ដោះលែង​អ្នក​តំណាង​ពីរ​នាក់

អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា​ប្រមាណ​២០០​នាក់ រួម​គ្នា​ធ្វើ​កូដកម្ម​ដោយ​ដើរ​ជា​ក្បួន​ពី​ភូមិ​របស់​ពួក​គាត់ សំដៅ​ទៅ​មុខ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដើម្បី​យក​ញត្តិ​ដាក់​សុំ​កិច្ច​អន្តរាគមន៍​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់ នៃ​រដ្ឋាភិបាល ឲ្យ​ដោះលែង​អ្នក​តំណាង​របស់​ពួក​គាត់។

0:00 / 0:00

បន្ថែម​លើ​នេះ ក្រុម​អ្នក​តវ៉ា​ក៏​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី។ ការ​ដាក់​ញត្តិ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​អ្នក​តំណាង​របស់​ពួក​គាត់​ជា​បន្ត​បន្ទាប់។

លោកស្រី ទេព វន្នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា ការ​រួម​គ្នា​ធ្វើ​កូដកម្ម​របស់​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា​នេះ គឺ​ដើម្បី​យក​ញត្តិ​ដាក់​ជូន​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លោក សុខ អាន ក្នុង​បំណង​សុំ​ឲ្យ​លោក​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ឲ្យ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​តំណាង​ចំនួន​ពីរ​នាក់ គឺ​លោកស្រី យ៉ោម បុប្ផា ជា​សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​លោកស្រី ទឹម សាក់មុន្នី ជា​សកម្មជន​តវ៉ា​នៅ​តំបន់​បុរីកីឡា។

លោកស្រី ទេព វន្នី មាន​ប្រសាសន៍​បន្ត​ថា លោកស្រី យ៉ោម បុប្ផា និង​លោកស្រី ទឹម សាក់មុន្នី មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ឡើយ៖ «ដាក់​ញត្តិ​ជូន​ទៅ​ដល់​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ទទួល​បន្ទុក​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដើម្បី​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ក្រុង ធ្វើ​ការ​ដោះលែង​ទៅ​ដល់​លោកស្រី យ៉ោម បុប្ផា និង​លោកស្រី ទឹម សាក់មុន្នី ព្រោះ​ពួក​គាត់​មិន​មែន​ជា​ជន​ល្មើស​ដូច​ដែល​តុលាការ​ក្រុង​បាន​ចោទ​នោះ​ទេ ចាស ព្រោះ​គាត់​ជា​សកម្មជន​ដីធ្លី ហើយ​បញ្ហា​ចាប់​ខ្លួន​របស់​ពួក​គាត់​នេះ គឺ​ដោយ​សារ​បញ្ហា​បឹងកក់ និង​នៅ​តំបន់​បុរីកីឡា តែ​ម្ដង។ ខ្ញុំ​គិត​ថា ព្រោះ​គាត់​ជា​ថ្នាក់​ដឹកនាំ​មួយ ដែល​ពួក​ខ្ញុំ​អាច​សង្ឃឹម និង​ជឿជាក់​ថា​ពួក​គាត់​នឹង​អាច​មាន​សមត្ថភាព​ជួយ​ពួក​ខ្ញុំ ក្នុង​នាម​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ពួក​ខ្ញុំ​នឹង​ព្យាយាម​ដើរ​ដាក់​ញត្តិ​គ្រប់​ទីកន្លែង​ទាំង​អស់ ដើម្បី​រក​កិច្ច​អន្តរាគមន៍ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ចេញ​ក្រៅ​ឃុំ»

ទាក់​ទង​នឹង​ការ​ដាក់​ញត្តិ​នេះ លោកស្រី ទេព វន្នី អះអាង​ថា បើ​ទោះ​បី​កន្លង​មក ការ​ដាក់​ញត្តិ​នេះ​ធ្លាប់​បរាជ័យ​យ៉ាង​ណា​ក៏​ដោយ លោកស្រី​នៅ​តែ​ជឿជាក់​ថា ប្រមុខ​រដ្ឋាភិបាល​នឹង​យក​បញ្ហា​នេះ​ពិនិត្យ​ឡើង​វិញ និង​ដោះស្រាយ​ជូន​អ្នក​ភូមិ​ជា​មិន​ខាន។

លើស​ពី​នេះ លោកស្រី ទេព វន្នី បញ្ជាក់​បន្ថែម​ថា ការ​ព្យាយាម​ប្រមូល​គ្នា​តវ៉ា​ម្ដង​ហើយ ម្ដង​ទៀត​ឥត​ឈប់​ឈរ​នេះ ជា​សារ​មួយ​បង្ហាញ​ដល់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​មិន​ស្ដាប់​ការ​ចាត់​ចែង​របស់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ពួក​គេ​តែង​រក​លេស​ផ្សេងៗ ដើម្បី​លេប​យក​ដី​ចំនួន​១២,៤៤​ហិកតារ របស់​អ្នក​ភូមិ​បឹងកក់ ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ឲ្យ​នោះ។

ចំណែក​អ្នក​បុរីកីឡា ក៏​សង្ឃឹម​ថា ប្រមុខ​រដ្ឋាភិបាល​នឹង​ដឹង​ថា ក្រុមហ៊ុន​ផានអ៊ីមិច ដែល​សន្យា​ថា​សង់​អគារ​ចំនួន​១០ ជូន​អ្នក​ភូមិ ជា​រឿង​មិន​ពិត ដោយ​ហេតុ​ថា​ក្រុមហ៊ុន​នេះ​សង់​អគារ​ត្រឹម​៨អគារ ខុស​ពី​ការ​សន្យា​របស់​ខ្លួន​ជាមួយ​អ្នក​ភូមិ។

លោកស្រី ទេព វន្នី បង្ហាញ​ជំនឿ​ចិត្ត​របស់​ខ្លួន​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​អ្នក​ភូមិ បើ​សិន​លោក​បាន​ដឹង​ពី​បញ្ហា​នេះ​ច្បាស់​លាស់៖ «ហើយ​ខ្ញុំ​ជឿជាក់​ថា គាត់​ធ្លាប់​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​ជំនាន់ ប៉ុល ពត សម្ដេច​គឺ​ទេវតា​មួយ​ប្រស់​មនុស្ស​ឲ្យ​រស់​រាប់​លាន​នាក់ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា​គាត់​នឹង​ជួយ​ពួក​ខ្ញុំ រំដោះ​ពួក​ខ្ញុំ​ឲ្យ​ផុត​ពី​ទុក្ខ​កម្ម​នៅ​តំបន់​បឹងកក់ នេះ ឲ្យ​រួច​ផុត​ដូច​កាល​ដែល​រំដោះ​ប្រជាពលរដ្ឋ​កាល​ពី​ឆ្នាំ​១៩៧៩ ដូច​គ្នា»

លោកស្រី យ៉ោម បុប្ផា ត្រូវ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តែ សំអាង ចេញ​ដីកា​នាំ​ខ្លួន និង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នៅ​ថ្ងៃ​តែ​មួយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ នៅ​ថ្ងៃ​ដដែល​នោះ លោកស្រី យ៉ោម បុប្ផា ត្រូវ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។ ក្រោយ​ការ​ចាប់​ខ្លួន​លោកស្រី យ៉ោម បុប្ផា មួយ​ថ្ងៃ លោកស្រី ទឹម សាក់មុន្នី ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​បទ​ប្រកាស​ព័ត៌មាន​មិន​ពិត និង​សម្រេច​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

ទោះ​យ៉ាង​ណា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ បាន​យល់​ព្រម​ចេញ​មក​ទទួល​ញត្តិ​ពី​អ្នក​ភូមិ​ទាំង​ពីរ​នោះ​ហើយ ប៉ុន្តែ​លោក​មិន​ធានា​ថា បញ្ហា​នេះ​នឹង​ត្រូវ​រដ្ឋាភិបាល​លើក​យក​ទៅ​ដោះស្រាយ ឬ​យ៉ាង​ណា​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន​១១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា សុំ​ឲ្យ​តុលាការ​ឈរ​លើ​គោលការណ៍​ឯករាជ្យ សើរើ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​តវ៉ា​ដីធ្លី នៃ​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា និង​សុំ​ឲ្យ​ដោះលែង​ពួក​គេ​សិន ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​រក​មេធាវី​ការពារ​ក្ដី​របស់​ពួក​គេ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។