អ្នកភូមិបឹងកក់បានធ្វើពិធីបួងសួងបែបជំនឿសាសនាមួយយ៉ាងស្ងៀមស្ងាត់នៅ ព្រះអង្គដងកើ មុខព្រះបរមរាជវាំងដោយបានដុតទានធូប ដាក់ដង្វាយផ្កា និងលែងចាបជានិមិត្តរូបនៃសេរីភាព ដោយឧទិសសុំឲ្យដំណាងរបស់ខ្លួនទាំង១៣នាក់ បានរួចពីគុក។
លោកស្រី យ៉ោម បុប្ផា អ្នកភូមិបឹងកក់ម្នាក់ដែលបានចូលរួមបួងសួងនោះ មានប្រសាសន៍ថា អ្នកភូមិបឹងកក់សម្រេចយកថ្ងៃទី១៨ មិថុនា ធ្វើពិធីបួងសួងនេះ គឺដើម្បីថ្វាយពរ ព្រះជន្មព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ផង និងផ្ញើសារដល់ក្រុមមន្ត្រីអ្នកមុខអ្នកការ ជាច្រើនដែលអញ្ជើញមកព្រះរាជវាំងដើម្បីអបអរសាទរពិធីចម្រើនព្រះជន្មនេះឲ្យបានដឹងផង ៖ «យើងមកថ្ងៃនេះគឺជូនពរសម្ដេចយាយសម្ដេចតា ជាពិសេសថ្ងៃនេះ ថ្ងៃចម្រើនព្រះជន្មរបស់សម្ដេចយាយ សុំឲ្យសម្ដេចយាយមានព្រះជន្មយឺនយូរ។ ហើយនឹងសុំឲ្យសម្ដេចយាយជួយអន្តរាគមន៍ដោះលែងប្រជាពលរដ្ឋ១៥នាក់ជាបន្ទាន់ផង»។
កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១២ សាលាដំបូងបានចាប់ខ្លួនដំណាងអ្នកភូមិបឹងកក់១៣នាក់ ពីរថ្ងៃក្រោយមកចាប់ពីរនាក់ទៀត រួចបញ្ជូនខ្លួនទៅសាលាដំបូង ហើយភ្លាមនោះ សាលាដំបូងក៏ចាត់ការកាត់ទោសបន្ទាន់ ឲ្យអ្នកខ្លះជាប់គុកមួយឆ្នាំ ខ្លះទៀតពីរឆ្នាំ ពីបទកាន់កាប់ដីខុសច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ហើយក៏បញ្ជូនទៅដាក់គុកព្រៃសភ្លាមៗ។ ក៏ប៉ុន្តែ សប្ដាហ៍កន្លងទៅនេះ តុលាការបានដោះលែងអ្នកភូមិបឹងកក់ ពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
សាលាដំបូងបានចាប់ខ្លួនអ្នកភូមិបឹងកក់ទាំងនៅពេលពួកគេព្យាយាមតវ៉ាប្រឆាំងក្រុមហ៊ុន ស៊ូកាគូ ដែលជាទំនាស់មួយ រ៉ាំរ៉ៃអស់ជាច្រើនឆ្នាំមកហើយ ដោយសាររដ្ឋាភិបាលផ្ដល់ដីបឹងកក់ឲ្យក្រុមហ៊ុននេះអភិវឌ្ឍន៍ ដែលតំបន់ខ្លះជាភូមិអ្នកបឹងកក់រស់នៅ។ ទោះយ៉ាងណា ជាថ្មីម្ដងទៀត នៅថ្ងៃទី១៨ មិថុនា អ្នកភូមិបឹងកក់បានអំពាវនាវដល់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ រួមទាំងព្រះ មហាក្សត្រ និងអតីតព្រះមហាក្សត្រ ឲ្យជួយអន្តរាគមន៍តុលាការ ឲ្យដោះលែងដំណាងអ្នកភូមិ១៣នាក់ទៀតដែលកំពុងជាប់គុនព្រៃសនៅឡើយ ដោយចោទថា តុលាការចាប់ដាក់អ្នកភូមិទាំងនោះ ដាក់គុកយ៉ាងអយុត្តិធម៌ ៖ «យើងសុំអន្តរាគមន៍ពីសម្ដេចយាយសម្ដេចតា ដោយសារថាសម្ដេចយាយសម្ដេចតាហ្នឹង គាត់មានតួនាទីសំខាន់ដែរ ដោយសារគាត់នៅ មើលពីលើប្រពន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ទៀត។ អញ្ចឹងហើយពួកខ្ញុំសង្ឃឹមថា សម្ដេចយាយសម្ដេចតានឹងជួយអន្តរាគមន៍ដោះលែងអ្នកដែលរងនូវការអយុត្តិធម៌ទាំងអស់»។
ស្របពេលដែលអ្នកភូមិបឹងកក់អំពាវនាវឲ្យដោះលែងតំណាងរបស់ខ្លួននេះ សហរដ្ឋអាមេរិកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញលើសំណុំរឿងតុលាការចាប់អ្នកភូមិបឹងកក់១៥នាក់ ដាក់គុកនេះដែរ ក្នុងជំនួបរវាងអ្នកស្រី ហិលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃអង្គារ កន្លងទៅ នៅវិមានស នៃសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។