អ្នក​​បុរីកីឡា​និង​អ្នក​បឹងកក់​​តវ៉ា​​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ

អ្នក​​បុរីកីឡា និង​អ្នក​បឹងកក់ ជាង ១០០​នាក់ តវ៉ា​​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ឲ្យ​តុលាការ​ដោះលែង និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​អ្នក​តំណាង​របស់​ពួកគេ ដែល​អាជ្ញាធរ​ចាប់​ខ្លួន និង​ត្រូវ​តុលាការ​កោះ​ហៅ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ កញ្ញា ឆ្នាំ​២០១២។

អ្នក​ភូមិ​ទាំង​នោះ​អះអាង​ថា តំណាង​របស់​ពួកគេ​គ្មាន​កំហុស​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ទេ ដូច្នេះ​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​អ្នក​តំណាង​របស់​ពួកគេ​នេះ វា​ជា​រឿង​អយុត្តិធម៌។

អ្នក​ភូមិ​បុរីកីឡា អ្នកស្រី ប្រាក់ ស៊ីនាង ដែល​មក​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ កញ្ញា ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជាង ១០០​គ្រួសារ នឹង​តវ៉ា​លុះ​ត្រា​តុលាការ​យល់​ព្រម​បញ្ឈប់​ការ​ចោទ​ប្រកាន់​មក​លើ​អ្នក​តំណាង​របស់​ពួកគាត់។ អ្នកស្រី​អះអាង​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​អ្នកស្រី ទឹម សាក់មុន្នី ជា​រឿង​អយុត្តិធម៌ និង​មាន​ភាព​លំអៀង ដោយ​ហេតុ​ថា កន្លង​មក​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីមិច គឺ​អ្នកស្រី ស៊ុយ សុផាន តែ​តុលាការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចាត់​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ណា​មួយ ដើម្បី​ដោះស្រាយ​ជូន​អ្នក​ភូមិ​បុរីកីឡា ទាំង​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ ឧកញ៉ា ស៊ុយ សុផាន ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អ្នកស្រី ទឹម សាក់មុន្នី ភ្លាម តុលាការ​ចាប់​ផ្ដើម​ភ្លែត កោះ​ហៅ​អ្នកស្រី ទឹម សាក់មុន្នី ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ។

ប្រហាក់ប្រហែល​គ្នា​នេះ អ្នកស្រី ទឹម សាក់មុន្នី មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​ដឹង​ថា ព្រះរាជអាជ្ញា​បាន​ភស្តុតាង​មក​ពី​ណា​ក្នុង​ការ​បង្ហាញ​ថា អ្នកស្រី​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នោះ​ឡើយ។

អ្នកស្រី​បញ្ជាក់​បន្ត​ថា ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មក​លើ​អ្នកស្រី គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នកស្រី។ តែ​ទោះ​យ៉ាង​ណា អ្នកស្រី​នៅ​តែ​ចូល​ខ្លួន​មក​បំភ្លឺ​តុលាការ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា អ្នកស្រី​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​អ្នកស្រី ស៊ុយ សុផាន នោះ​ទេ។

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​អ្នកស្រី ទឹម សាក់មុន្នី កាល​ពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១២ ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ញុះញង់​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ។ នៅ​ថ្ងៃ​ទី​៥ កញ្ញា អ្នកស្រី ទឹម សាក់មុន្នី បាន​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

ជាមួយ​គ្នា​នេះ អ្នក​ភូមិ​បឹងកក់ ស្រែក​តវ៉ា និង​ទាមទារ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​អ្នកស្រី យ៉ោម បុប្ជា ដែល​ជា​តំណាង​របស់​អ្នក​ភូមិ​បឹងកក់។

នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នក​ភូមិ​បឹងកក់ អះអាង​ថា ការ​ចាប់​ខ្លួន​អ្នកស្រី យ៉ោម បុប្ផា ជា​ការ​បំបាក់​ស្មារតី​កុំ​ឲ្យ​អ្នក​ភូមិ​ដទៃ​ទៀត​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​បន្ត​ទៀត។ ដូច្នេះ​ការ​ចោទ​ប្រកាន់​អ្នកស្រី យ៉ោម បុប្ផា ថា ប្រព្រឹត្ត​បទល្មើស​នៃ​ការ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​នោះ ជា​លេស​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។

ទាក់ទង​នឹង​បញ្ហា​នេះ ស្វាមី​អ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន លើក​ឡើង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​លោក ដែល​កំលាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​មក​ចាប់​ខ្លួន​លោក​កណ្ដាល​ផ្លូវ ដោយ​មិន​បង្ហាញ​ដីកា​ចាប់​ខ្លួន ឬ​ប្រាប់​ដំណឹង​ជាមុន។

កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១២ សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់​ប្ដី​ប្រពន្ធ គឺ​ស្ត្រី​ឈ្មោះ យ៉ោម បុប្ផា អាយុ ៣១​ឆ្នាំ ជា​ភរិយា​របស់​លោក លួស សាខន អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​២២ តំបន់​បឹងកក់ ក្នុង​គ្រា​ដែល​អ្នក​ទាំង​ពីរ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។ ស្ត្រី​ឈ្មោះ យ៉ោម បុប្ផា គឺ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​អ្នក​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី​តំបន់​បឹងកក់​យ៉ាង​សកម្ម។

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​អ្នក​ភូមិ​បុរីកីឡា និង​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​បឹងកក់​នេះ ប្រធាន​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​តុលាការ​មិន​បង្ហាញ​ការ​រីក​ចំរើន​ផ្នែក​សិទ្ធិ​មនុស្ស​ឡើយ។ ម្យ៉ាង​ទៀត លោក អំ សំអាត លើក​ឡើង​ថា ទង្វើ​របស់​អាជ្ញាធរ​នេះ មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ប្រសិន​អាជ្ញាធរ​នៅ​តែ​បន្ត​ប្រើ​តុលាការ​ជា​ឈ្នាន់​ក្នុង​ការ​បង្ក្រាប​អ្នក​ភូមិ​បុរី​កីឡា និង​អ្នក​ភូមិ​បឹងកក់​នោះ វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​សកម្មភាព​តវ៉ា​កាន់​តែ​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។