កូន​អ្នក​បឹងកក់​មាន​បញ្ហា​សិក្សា​ព្រោះ​រវល់​តវ៉ា

ការ​ឃុំ​ខ្លួន​អ្នក​បឹង​កក់​ចំនួន ១៣​នាក់​ក្នុង​ពន្ធនាគារ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កូនៗ របស់​ពួក​គាត់​នៅ​ខាង​ក្រៅ ជា​ពិសេស គឺ​ការ​ប៉ះ​ទង្គិច​ខាង​ផ្លូវ​ចិត្ត​របស់​កុមារ ដូច​ជា ការ​ធ្លាក់​ចុះ​ផ្នែក​ការ​សិក្សា​របស់​ពួក​គេ ដោយសារ​តែ​ពួក​គេ​គិត​ខ្វល់ខ្វាយ នឹក​ដល់​ម្ដាយ​ដែល​ពុំ​ធ្លាប់​ព្រាត់ ហើយ​ពួក​គេ​ទៅ​សាលា​មិន​បាន​ទៀង​ទាត់​ឡើយ។

0:00 / 0:00

ភាគ​ច្រើន​ក្នុង​ចំណោម​កុមារ​បឹង​កក់​ប្រមាណ ៥០​នាក់ ដែល​ម្ដាយ​របស់​ពួក​គេ​កំពុង​តែ​ជាប់​ឃុំ មិន​បាន​ទៅ​រៀន​សូត្រ​ជាប់​លាប់​ទេ គឺ​ពួក​គេ​ឆ្លៀត​ទៅ​រៀន​ផង និង​ដើរ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ម្ដាយ​របស់​ពួក​គេ​ផង។

ក្រុម​កុមារ​ដែល​ព្រាត់​ម្ដាយ​បាន​ដើរ​តវ៉ា​ស្ទើរ​គ្រប់​ទី​កន្លែង រួម​មាន ក្រសួង​យុត្តិធម៌ ពន្ធនាគារ​ព្រៃ​ស រដ្ឋសភា ព្រឹទ្ធសភា ព្រះបរមរាជវាំង និង​ស្ថានទូត​នានា ដោយ​ពួក​គេ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ម្ដាយ​របស់​ពួក​គេ។

នេះ​គឺ​ជា​សម្រែក​របស់​កុមារី ប៉ោ សុគន្ធកញ្ញា បាន​ដង្ហោយ​ហៅ​រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា។

កុមារី ប៉ោ សុគន្ធកញ្ញា អាយុ ១១ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ នៃ​សាលា​បឋម​សិក្សា​កុលាប។ កុមារី​ជា​កូន​ច្បង​នៃ​គ្រួសារ​មួយ ដែល​មាន​កូន ៣ នាក់។ ម្ដាយ​របស់​កុមារី ប៉ោ សុគន្ធកញ្ញា គឺ​លោក​ស្រី តុល ស្រីពៅ ជា​តំណាង​ប្រជា​ពលរដ្ឋ​តំបន់​បឹង​កក់។

តាំង​ពី​ម្ដាយ​របស់​នាង និង​អ្នក​បឹង​កក់​ទាំង ១២ នាក់ ទៀត​ត្រូវ​បាន​កាត់​ទោស និង​យក​ទៅ​ដាក់​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា កុមារី ប៉ោ សុគន្ធកញ្ញា បាន​ចូលរួម​មិន​សូវ​ខាន ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ម្ដាយ និង​អ្នក​បឹង​កក់​ទាំង​អស់​ពី​ពន្ធនាគារ។ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា កុមារី​បាន​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌។

ដោយ​បាន​ទទួល​ដំណឹង​ថា ម្ដាយ​របស់​នាង​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ក្នុង​គុក កុមារី​កើត​ទុក្ខ ព្រោះ​នាង​ភ័យ​ខ្លាច​បាត់បង់​ម្ដាយ ហើយ​នាង​បាន​ទៅ​តវ៉ា​នៅ​ខាង​មុខ​ច្រក​ចូល​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី ១០ ខែ​មិថុនា។

ឪពុក​របស់​កុមារី ប៉ោ សុគន្ធកញ្ញា លោក ប៉ោ សុគុណ្ណារ៉ា មាន​ប្រសាសន៍​ថា កូន​របស់​លោក​ធ្លាប់​តែ​រៀន​បាន​ចំណាត់​ថ្នាក់​លេខ ១ ឥឡូវ​ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​លេខ ២ វិញ។ លោក​បារម្ភ​ខ្លាច​វិបត្តិ ដែល​កំពុង​តែ​ញាំញី​គ្រួសារ​របស់​លោក​នេះ នឹង​បំផ្លាញ​សេចក្ដី​សង្ឃឹម​របស់​លោក និង​ភរិយា​របស់​លោក​អំពី​អនាគត​ដ៏​ត្រចះត្រចង់​នៃ​កូន​ស្រី​របស់​ពួក​គាត់។

ក្រៅ​ពី​ការ​គិត​ដល់​ម្ដាយ ថ្វី​ត្បិត កុមារី ប៉ោ សុគន្ធកញ្ញា មាន​អាយុ​ទើប​តែ ១១ ឆ្នាំ ប៉ុន្តែ​នាង​អាច​បំពេញ​តួនាទី​ជា​កូន​ច្បង​នៃ​គ្រួសារ​យ៉ាង​សក្ដិសម ដូចជា ការ​ដែល​នាង​បាន​ជួយ​រៀបចំ​ខ្លួន​ប្រាណ សំលៀកបំពាក់​សម្ភារៈ​សិក្សា និង​ចែក​រំលែក​ម្ហូបអាហារ​ឲ្យ​ប្អូន​ប្រុស​ស្រី​របស់​នាង មុន​ពេល​ទៅ​សាលា​ជាដើម។

កុមារី​បាន​ឲ្យ​ដឹង​ថា នាង​ធ្លាប់​ប៉ុនប៉ង​ថា នឹង​ខំ​រៀន​ឲ្យ​បាន​ពូកែ ដើម្បី​ក្លាយ​ខ្លួន​ជា​សាស្ត្រាចារ្យ​ម្នាក់​ក្នុង​ពេល​អនាគត។ ប៉ុន្តែ​ពេល​នេះ​នាង​ប្ដូរ​ចិត្ត​វិញ​ហើយ។

ទោះបី​ជា​មាន​ការ​តាំង​ចិត្ត​យ៉ាង​ណា​ក្ដី ក៏​កុមារី​នៅ​តែ​បារម្ភ​ខ្លាច​ក្រែង​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​នាង​មិន​បាន​ជោគជ័យ។ នាង​ព្រួយ​ខ្លាច​មិន​បាន​ជោគជ័យ ព្រោះ​សេចក្ដី​នឹក​រឭក​ចំពោះ​ម្ដាយ​ចេះ​តែ​រំខាន​អារម្មណ៍​របស់​នាង។ នាង​ថា រាល់​ពេល​ដែល​នាង​អាន​សៀវភៅ នាង​ស្រមៃ​ឃើញ​មុខ​ម្ដាយ​របស់​នាង​ជានិច្ច។

កុមារី ប៉ោ សុគន្ធកញ្ញា មាន​ចរិត​ម៉ត់ចត់​ក្នុង​ការ​ធ្វើ​មួយ គឺ​នាង​សួរ​បញ្ជាក់​នៅ​ពេល ដែល​នាង​យល់​មិន​ច្បាស់។ កុមារី​អះអាង​ថា គំរូ​ដែល​នាង​ទទួល​បាន​ពី​ម្ដាយ​របស់​នាង គឺ​សេចក្ដី​ក្លាហាន ភាព​ស្មោះត្រង់ និង​ការ​ចេះ​ថ្លឹងថ្លែង​រវាង​ប្រយោជន៍​សង្គម និង​ប្រយោជន៍​ផ្ទាល់​ខ្លួន។

កុមារី​បញ្ជាក់​ថា ការ​ចាប់​អ្នក​បឹង​កក់​ទាំង ១៣ នាក់ ដាក់​ពន្ធនាគារ​មិន​អាច​បំបាក់​ស្មារតី​របស់​នាង​បាន​ទេ ផ្ទុយ​ទៅ​វិញ វា​កាន់​តែ​ជំរុញ​ឲ្យ​នាង​ចង់​ដើរ​តាម​គន្លង​ម្ដាយ​របស់​នាង​ក្នុង​ការ​តស៊ូ​មតិ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។