អ្នកភូមិបឹងកក់ប្រមាណ ២០០នាក់ បាននាំគ្នាទៅតវ៉ានៅមុខក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ឧសភា ដើម្បីដាក់លិខិតស្នើសុំឲ្យស្ថាប័នយុត្តិធម៌ ជួយដោះស្រាយករណីចាប់ខ្លួនអ្នកភូមិបឹងកក់ចំនួន ១៥នាក់ ឲ្យមានសេរីភាពវិញ។
អ្នកភូមិបឹងកក់មួយរូប ឈ្មោះ បូ ឆវី បានរៀបរាប់ថា ពួកគាត់កន្លងមកគ្មានធ្វើអ្វីខុសទេ ពួកគាត់គ្រាន់ធ្វើការតវ៉ាទាមទារឲ្យសាលារាជធានីភ្នំពេញ ឬរដ្ឋាភិបាល ដោះស្រាយសំណងសមរម្យជូនពួកគាត់ប៉ុណ្ណោះ នូវការអភិវឌ្ឍន៍តំបន់បឹងកក់របស់ក្រុមហ៊ុនស៊ូកាគួ (Shukaku) ផ្ទុយទៅវិញត្រូវបានសមត្ថកិច្ចប្រើអំពើហិង្សា និងចាប់ខ្លួនពួកគាត់ទៅវិញ។
ពលរដ្ឋ បូ ឆវី៖ «ចាប់ប្រជាពលរដ្ឋអូសរបូតអាវដូចសត្វធាតុ តើវាខុសច្បាប់ដែរទេ? ក្រុមហ៊ុនឈូសផ្ទះរបស់ប្រជាពលរដ្ឋអស់ ៨ខ្នង តើតុលាការមានដែលយកក្រុមហ៊ុនមកកាត់ទោសដែរទេ?»។
លិខិតរបស់អ្នកភូមិបឹងកក់ ដាក់ជូនលោក អង្គ វង្សវឌ្ឍនា ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះ បានសរសេរថា ក្រោយពីរដ្ឋាភិបាលបានកាត់ដីជាសំណងជាង ១២ហិកតារ កាលពីខែសីហា ឲ្យពួកគាត់នោះ សាលារាជធានីភ្នំពេញ មិនបានបែងចែកជូនប្រជាពលរដ្ឋដោយតម្លាភាពឡើយ ប្រជាពលរដ្ឋខ្លះទទួលបានដីខ្លះទៀតមិនបានដី ហើយក៏មិនដឹងថា ព្រំដីជាង ១២ហិកតារនោះនៅទីតាំងណាច្បាស់លាស់ដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ដើម្បីសុំការបំភ្លឺអំពីករណីនេះបានទេ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២។
ក្នុងចំណោមប្រជាពលរដ្ឋអ្នកតវ៉ាប្រមាណ ២០០នាក់នោះ ក៏មានកូនៗស្ត្រីអ្នកភូមិបឹងកក់ ដែលកំពុងជាប់ពន្ធនាគារដែរ។ ពួកគេបានទាមទារឲ្យក្រសួងយុត្តិធម៌ សុំឲ្យដោះលែងម្ដាយរបស់ពួកគាត់វិញ ពីព្រោះម្ដាយរបស់ពួកគាត់គ្មានប្រព្រឹត្តអ្វីខុសទេ៖ «ខ្ញុំគ្មានអារម្មណ៍រៀនទេ អារម្មណ៍ខ្ញុំគិតថា តើពេលណាម្ដាយខ្ញុំមកវិញ? ខ្ញុំសង្ឃឹមថា ពេលខ្ញុំមកពីរៀនវិញ ខ្ញុំឃើញម្ដាយខ្ញុំដាំបាយឲ្យខ្ញុំហូប បោកខោអាវឲ្យខ្ញុំ ខ្ញុំមិនចង់កំព្រាម្ដាយទេ ខ្ញុំអាណិតប្អូនខ្ញុំណាស់ ប្អូនខ្ញុំឈឺ គ្មានអ្នកណាមើលទេ ក្នុងផ្ទះស្ងាត់ជ្រងំ ឮតែសំឡេងក្មេងយំ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកភូមិបឹងកក់ យកទៅផ្ដន្ទាទោសនេះជារឿងខុសច្បាប់ និងជាការឆ្លុះបញ្ចាំងពីអំពើអយុត្តិធម៌កំពុងកើនឡើងនៅសង្គមកម្ពុជា។
អ្នកភូមបឹងកក់ជាស្ត្រីចំនួន ១៣នាក់ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២២ ឧសភា ហើយតុលាការបានកាត់ទោសពួកគាត់យ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃទី២៤ ឧសភា និងបានចាប់ខ្លួនអ្នកភូមិបឹងកក់ចំនួន ២នាក់បន្ថែមទៀត។
នៅថ្ងៃទី៣០ ឧសភា អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួន ១១៦អង្គការ បានស្នើទៅប្រធានធនាគារពិភពលោក លោក រ៉ូបឺត ហ្សូអេលិច (Robert Zoellick) ឲ្យពិចារណាអំពីការផ្ដល់ប្រាក់កម្ចីទៅរដ្ឋាភិបាលកម្ពុជា បន្តទៀត ឬយ៉ាងណា ដោយសារតែបច្ចុប្បន្ននេះមានបញ្ហាជាច្រើនដែលកើតមានរវាងការអភិវឌ្ឍនានា ដែលបង្កឲ្យមានអ្នករងគ្រោះជាច្រើន ដូចជាករណីជំលោះអ្នកភូមិបឹងកក់ និងករណីបាញ់សម្លាប់ក្មេងស្រីនៅខែត្រក្រចេះ និងការបាញ់សំលាប់សកម្មជនការពារធនធានធម្មជាតិជាដើម។
ក្រុមអង្គការទាំងនោះ សុំឲ្យប្រធានធនាគារពិភពលោក ឲ្យរកដំណោះស្រាយជូនអ្នករងគ្រោះទាំងនោះមុននឹងផ្ដល់ប្រាក់កម្ចីទៅឲ្យរដ្ឋាភិបាលជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
