ការទាមទារនេះគឺបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០០៩ ក្រោយពីពួកគេមានគ្នីគ្នាប្រមាណជាង១៧០នាក់បានមកជួបជុំគ្នានៅមុខសាលាខេត្តបន្ទាយមានជ័យ។
អតីតយុទ្ធជនពិការដៃឆ្វេងមួយរូបឈ្មោះ ស័កិ្ក សុភ័ក្ត្រ បានថ្លែងថា អតីតយុទ្ធជនពិការនិងយោធិនចូលនិវត្តន៍ទាំងអស់ទាមទារឲ្យមានការផ្លាស់ប្តូរ លោក ហេង ចំរើន ចេញពីប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ និងស្នើឲ្យមានអ្នកមកជំនួសថ្មី។
លោក ស័កិ្ក សុភ័ក្ត្រ បានឲ្យដឹងថា ៖ «ទាមទារឲ្យទម្លាក់ លោក ហេងចំរើន ចេញពីប្រធានមន្ទីរ។ ទៅកុហកសម្ដេច យកមនុស្សដែលមិនមែនរូបពិត យកទៅឲ្យសម្តេចបំពាក់មេដាយមាស»។
ក្រុមអតីតយុទ្ធជនពិការនិងយោធិនចូលនិវត្តន៍ដែលបាននាំគ្នាផ្តិតមេដៃចំនួនជាង១០០នាក់ប្តឹងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា កំហុសទីមួយរបស់លោក ហេង ចំរើន គឺបានបោកប្រាស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈក្លែងបន្លំយកប្អូនថ្លៃរបស់ខ្លួន ឈ្មោះ ឈិត សុភាន់ ជំនួសឈ្មោះ កែវ ភាព អតីតយុទ្ធជនពិការដែលបានស្លាប់កាលពីអំឡុងឆ្នាំ១៩៩៥ទៅហើយនោះ ឲ្យលោកនាយករដ្ឋមន្ត្រីបំពាក់មេដាយមាសទទួលរង្វាន់។ កំហុសទីពីរ មន្ទីរសង្គមកិច្ចមិនបានបើកប្រាក់ឧបត្ថម្ភបន្ថែម២០% ដែលជាប្រាក់គោលនយោបាយរបស់រដ្ឋាភិបាល ដោយបានប្រកាសឧបត្ថម្ភដល់ពួកគេកាលពីឆ្នាំ២០០៨ និងកំហុសទីបី មន្ទីរសង្គមកិច្ចតែងតែកាត់ប្រាក់ខែរបស់ពួកគេ។
អតីតយោធិនពិការម្នាក់ទៀតបានថ្លែងថា បើសិនជាបញ្ហាខាងលើនេះមិនមានការដោះស្រាយទេ ពួកគេនឹងបន្តការតវ៉ាទៅទីក្រុងភ្នំពេញទៀត ៖ «បើសិនមិនដោះស្រាយជូនពួកអតីតយុទ្ធជនយើងខ្ញុំទេ ពួកយើងខ្ញុំនឹងធ្វើដំណើរទៅតវ៉ានៅភ្នំពេញទៀត»។
លោក ហេង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ មិនលើកទូរស័ព្ទឆ្លើយបកស្រាយជុំវិញការចោទប្រកាន់នេះទេ។
ចំណែកឯលោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ក៏មិនអាចទាក់ទងសុំការបញ្ជាក់តាមទូរស័ព្ទបានដែរ។ ប៉ុន្តែលោក អ៊ុក កែវរតនៈ មន្ត្រីនាំពាក្យសាសាខេត្តបន្ទាយមានជ័យបានថ្លែងថា អាជ្ញាធរខេត្តកំពុងគិតគូរបញ្ហានៃការទាមទារខាងលើនេះហើយ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហាខាងលើនេះបានទេ។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ស៊ុម ចាន់គា បានថ្លែងជុំវិញបញ្ហាខាងលើនេះថា ៖ «មន្ទីរសង្គមកិច្ចហ្នឹងយឺតយ៉ាវនៅក្នុងការបើកប្រាក់ខែ មួយ។ ទីពីរហ្នឹង មិនគួរណាកាត់ពន្ធដារអីនៅលើរបស់គាត់ទេ វាគួរណាស់ស្រណោះដល់គាត់ហ្នឹងជាអ្នកតស៊ូ ជាអ្នកខំប្រឹងប្រែងដើម្បីជាតិ»។
លោកបន្តថា សមាគមអាដហុកនឹងធ្វើអន្តរាគមន៍ជុំវិញបញ្ហាខាងលើនេះដើម្បីជុំរុញឲ្យមានការដោះស្រាយជូនក្រុមអតីតយុទ្ធជនពិការនិងយោធិនចូលនិវត្តន៍៕
