មន្រ្តី​សង្គមកិច្ច​នៅ​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​កិប​ប្រាក់ខែ​យោធិន​ពិការ

ក្រុម​អតីត​យោធិន​ពិការ​គ្រួសារ​ទាហាន​ពលី​២៨​នាក់ បាន​ចោទ​ប្រកាន់​មន្ត្រី​ការិយាល័យ​សង្គមកិច្ច​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ថា បាន​កិបកេង​កាត់​ប្រាក់​ខែ​របស់​ពួកគាត់​ជា​ច្រើន​ម៉ឺន​រៀល​អស់​រយៈពេល​ជា​ច្រើន​ខែ។

0:00 / 0:00

លោក យ៉ាន់ នី អាយុ​៤៤​ឆ្នាំ ពិការ​ភ្នែក​ទាំង​គូ​និង​ជា​អតីត​យុទ្ធជន​នៃ​កងពល​១៧៩ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មករា​ថា អតីត​យោធិន​ពិការ​និង​គ្រួសារ​យោធិន​ពលី​ចំនួន​២៨​នាក់ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ការិយាល័យ​សង្គមកិច្ច​កាត់​ប្រាក់​ខែ​របស់​ពួកគាត់។

លោក យ៉ាន់ នី មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រាក់​ខែ​នេះ​កាត់​មិន​ដឹង​មុខ​មិន​ដឹង​មាត់។ កាត់​ក្នុង​ម្នាក់​ពី​១​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​ក្នុង​១​ខែ ហើយ​លុយ​ដូចជា​សម្ដេច ហ៊ុន សែន ឧបត្ថម្ភ​ឲ្យ​ក្រៅៗ ១២​ម៉ឺន កាត់​ម្នាក់​២​ម៉ឺន»

យោធិន​ពិការ​បាន​ចោទ​ថា លោក អែម ណុយ អនុ​ប្រធាន​ការិយាល័យ​សង្គមកិច្ច​ស្រុក​ព្រះនេត្រព្រះ បាន​កាត់​ប្រាក់ខែ​ពួកគាត់​គ្មាន​មូលហេតុ ហើយ​បាន​គំរាម​មិន​ឲ្យ​ដើរ​និយាយ​ពី​រឿង​កាត់​ប្រាក់​ខែ ៖ «គេ​ដើរ​បិទ​មាត់​មិន​ឲ្យ​អ្នក​ពិការ​មក​ប្តឹង​គេ​ទេ។ គេ​ថា អាណា​ប្តឹង​អញ​កាត់​ឈ្មោះ​អ្ហែង​ចោល បើក​ប្រាក់​អ្ហែង​យក ម្ល៉ោះ​ហើយ​អ្នក​ពិការ​អត់​ហ៊ាន​មក»

អ្នកស្រី ឌុល ចំប៉ា ជា​ភរិយា​យោធិន​ពលី​បាន​មាន​ប្រសាសន៍​ថា ប្តី​របស់​លោកស្រី​ឈ្មោះ រ៉ែម រឿត អតីត​ជា​ទាហាន​នៅ​កងពល​តូច​លេខ​៣ បាន​ពលី​កាល​ពី​ចុង​ឆ្នាំ​២០០៨។ ប្រាក់​ខែ​ប្តី​របស់​គាត់​មួយ​ខែៗ បើក​បាន​ចំនួន​១២​ម៉ឺន​រៀល ប៉ុន្តែ​ក្រោយ​ពី​ប្តី​ស្លាប់​គេ​បើក​បាន​ចំនួន​១០​ម៉ឺន​រៀល​ឲ្យ​លោកស្រី​ចំនួន​៤​ដង​ក៏​បាត់​សូន្យ​ឈឹង។

លោក អែម ណុយ អនុ​ប្រធាន​ការិយាល័យ​សង្គមកិច្ច​ស្រុក​ព្រះនេត្រព្រះ មិន​លើក​ទូរស័ព្ទ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ។

ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បន្ទាយមានជ័យ ទើប​ចូល​កាន់​តំណែង​ជំនួន​លោក ហេង ចំរើន ដែល​ត្រូវ​គេ​បណ្តេញ​ពី​តំណែង​ដោយសារ​រឿង​អាស្រូវ​កិបកេង​ប្រាក់ខែ​នេះ មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ។

លោក លឹម អ៊ែលយូរ៉ាដូ មន្ត្រី​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​រឿង​នេះ។ លោក​មាន​ប្រសាសន៍​ថា មន្ត្រី​ដែល​អនុវត្ត​ផ្ទុយ​គោលការណ៍​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម។

លោក លឹម អ៊ែលយូរ៉ាដូ មាន​ប្រសាសន៍​ថា ៖ «គឺ​ថា ក្រសួង​សង្គមកិច្ច​មាន​គោល​ជំហរ​មួយ​ដាច់​ណាត់​មិន​អាច​ឲ្យ​បញ្ហា​ហ្នឹង​បង្ក​ការ​លំបាក​ដល់​ក្រសួង ដល់​រាជ​រដ្ឋាភិបាល​ទេ»

លោក ស៊ុម ចន្ទគា មន្ត្រី​សមាគម​អាដហុក បាន​មាន​ប្រសាសន៍​ថា មន្ទីរ​និង​ក្រសួង​សង្គមកិច្ច ត្រូវ​ចាត់​វិធានការ​លើ​ករណី​នេះ ៖ «សង្គមកិច្ច​គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​សមាសភាព​នៃ​មន្រ្តី​សង្គមកិច្ច​ស្រុក​ព្រះនេត្រព្រះ»

អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​បន្ទាយមានជ័យ លោក ហេង ចំរើន ត្រូវ​បាន​ក្រសួង​សម្រេច​ដក​ចេញ​ពី​តំណែង​ដោយសារ​អតីត​ប្រធាន​រូប​នេះ រង​ការ​ចោទ​ពី​ក្រុម​យោធិន​ចូល​និវត្តន៍ យោធិន​ពិការ​និង​គ្រួសារ​យោធិន​ពលី​ថា បាន​កិបកេង​ប្រាក់ខែ​ដូច​ករណី​ខាង​លើ​នេះ​ដែរ៕