យ៉ាងហោចណាស់មានអតីតយោធិនចូលនិវត្តន៍ប្រហែល ៥០នាក់ ដែលតំណាងឲ្យអតីតយោធិនចូលនិវត្តន៍ចំនួនជាង ៦០០នាក់ បានតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា នេះ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាប្រាក់ខែ ក្រោយពីប្រាក់សោធននិវត្តន៍របស់ពួកគាត់បាត់អស់ជិតពីរឆ្នាំមកហើយ។
លោក គង់ ជាតិ យោធិនចូលនិវត្តន៍ម្នាក់ក្នុងចំណោមមនុស្សជិត ៥០នាក់ បានថ្លែងថា ចាប់តាំងពីខែ មីនា ឆ្នាំ ២០០៨ រហូតខែ កញ្ញា ឆ្នាំ ២០០៩ ក្រុមយោធិនចូលនិវត្តន៍ជាង ៦០០នាក់ ក្នុងខេត្តបន្ទាយមានជ័យ មិនដែលទទួលបានប្រាក់សោធននិវត្តន៍របស់ខ្លួនទេ ដែលនាំឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃ។
លោក គង់ ជាតិ បានថ្លែងយ៉ាងដូច្នេះ ៖ «សុំឲ្យខាងខេត្តយើងជួយដោះស្រាយប្រាក់បៀវត្សរ៍ ១៨ខែ អត់ឃើញសោះ អត់ឃើញបើកមកសោះ ហើយអត់មានឮដំណឹងអ្វីសោះ»។
យោធិនចូលនិវត្តន៍ម្នាក់ទៀត ឈ្មោះ ប៉ុយ សូត្រ បានថ្លែងថា ៖ «គោលបំណងមកទាមទារប្រាក់ខែ បាត់យូរពេក បាត់ជិតពីរឆ្នាំហើយ»។
ក្រុមយោធិនចូលនិវត្តន៍ទាំងនោះបានថ្លែងថា ប្រាក់សោធននិវត្តន៍របស់ពួកគាត់គឺទទួលបានតិច ឬច្រើនទៅតាមឋានៈនិងតួនាទីរបស់ពួកគេ កាលពីគ្រាដែលពួកគេនៅបម្រើក្នុងជួរកងទ័ព ប៉ុន្តែរយៈកាលជិតពីរឆ្នាំមកពួកគេមិនបានទទួលទាល់តែសោះ។
លោក ហេង ចំរើន ប្រធានមន្ទីរសង្គមកិច្ច ខេត្តបន្ទាយមានជ័យ មិនអាចសុំការបញ្ជាក់បានទេ ជុំវិញ បញ្ហាប្រាក់សោធននិវត្តន៍ខាងលើនេះ។ ចំណែកឯលោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ក៏មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដែរ។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍ថា អាជ្ញាធរនឹង សួរនាំទៅមន្ទីរសង្គមកិច្ចពីរឿងប្រាក់សោធននិវត្តន៍នេះ ៖ «បញ្ហាហ្នឹងយើងមានវិធានការហើយ យើងទើបជួបគាត់អម្បាញ់មិញ តំណាងចូលមកជួបនៅសាលាខេត្ត។ ខ្ញុំបានទទួលឯកសារគាត់ហើយ កាត់ប្រាក់សោធននិវត្តន៍គាត់ជាង ១ឆ្នាំអត់ទាន់ឃើញធ្លាក់មក។ ចាំមើលយើងសិក្សាស្រាវជ្រាវ សួរទៅខាងមន្ទីរសង្គមកិច្ចសិន ព្រោះយើងទើបបានដំណឹង ទើបដឹងថ្ងៃនេះភ្លាម ទាល់តែសួរទៅខាងជំនាញរបស់គាត់ ខាងមន្ទីរគាត់ តើមានមូលហេតុអីបានបាត់បៀវត្សរ៍គាត់»។
លោក ស៊ុម ចាន់គា មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា ការមិនបើកប្រាក់សោធននិវត្តន៍ទៅឲ្យយោធិនចូលនិវត្តន៍ទាំងនោះ វាគឺជារឿងអាក្រក់បំផុត ៖ «បើសិនខាងមន្ទីរសង្គមកិច្ច ខាងក្រសួងសង្គមកិច្ចបណ្តែតបណ្តោយអ៊ីចឹង ងាប់ប្រជាពលរដ្ឋអស់ហើយ ដែលគាត់ខំតស៊ូរហូតដល់ចាស់ដើម្បីជាតិមាតុភូមិ ហើយយើងបែរជាគេមិនព្រមបើកប្រាក់ខែឲ្យគាត់ ហើយយកលេសនេះលេសនោះ អ៊ីចឹងក្មេងៗក្រោយមានអ្នកណាចង់តស៊ូដើម្បីជាតិទៀត»។
គួរជម្រាបជូនថា កាលពីដើមខែ សីហា អតីតយុទ្ធជនពិការ និងយោធិនចូលនិវត្តន៍ជាង ១០០នាក់ បានដាក់ពាក្យប្តឹងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឲ្យដកលោក ហេង ចំរើន ចេញពីប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ ដោយពួកគេចោទថា លោកប្រធានមន្ទីររូបនោះប្រកាន់បក្សពួក និងធ្វើការមិនបានត្រឹមត្រូវក្នុងបញ្ហាលុយកាក់៕
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
អង្គការអន្តរជាតិ៖ អំពើពុករលួយនៅកម្ពុជាប្រសើរជាងឆ្នាំមុន
ពលរដ្ឋនៅកំពង់ធំត្អូញពីបញ្ហាការទារប្រាក់ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដី
ភាពយឺតយ៉ាវក្នុងការធ្វើលិខិតរៀបការរវាងខ្មែរនិងជនបរទេសរងការរិះគន់
អាជ្ញាធររងការចោទថាជំរិតទារប្រាក់អ្នកភូមិពេលធ្វើអត្តសញ្ញាណប័ណ្ណ
មជ្ឈមណ្ឌលសិទ្ធិមនុស្សទាមទារឲ្យស៊ើបអង្កេតមន្ត្រីតុលាការខែត្ររតនគិរីជាថ្មី
តំណាងរាស្ត្រស.រ.អា.ថ្កោលទោសការរីករាលដាលនៃអំពើពុករលួយនៅកម្ពុជា
មន្រ្តីបរិស្ថានខេត្តកំពង់ធំរងការចោទថាបានជំរិតទារប្រាក់ពីពលរដ្ឋ
ប្រធានក្រុមសាខាគយខេត្តកណ្ដាលរងការចោទថាយកទំនិញក្រុមហ៊ុនលក់